ជាតិ
សង្គមជាតិ
តុលាការសម្រេចឃុំខ្លួនជនល្មើសដែលបាញ់សម្លាប់លោក កែម ឡី
× ក្រោយពីបញ្ចប់ការសួរចម្លើយនិងកិច្ចពិភាក្សាដេញដោលចំពោះមុខ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ជួប សម្លាប់ ដែលបាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ កក្កដា ។ នេះបើតាមលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូង ដែលបានសរសេរនៅលើ Telegram ខ្លួន។
តុលាការមិនទាន់អាចបញ្ជាក់ពីទីតាំងឃុំខួនជនត្រូវចោទនេះនៅឡើយទេ ដោយលោក លី សុផាន់ណា បានបញ្ជាក់ដូច្នេះថា៖«ដើម្បីសុវត្ថិភាពនិងសម្រួលដល់និតិវីធីបញ្ជូនជនត្រូវចោទទៅឃុំខ្លួនបណ្តោះអាសន្ន ខ្ញុំនឹងជូនដំណឹងពេលជនត្រូវចោទត្រូវបានបញ្ជូនដល់គោលដៅ» ។
គួរបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់ជនសង្ស័យដែលបាញ់សម្លាប់លោក កែម ឡី ឈ្មោះ ជួប សម្លាប់ នេះពីបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត។
បើតាមលោក លី សុផាន់ណា ការចោទប្រកាន់ចំនួនពីរបទល្មើសខាងលើ ធ្វើឡើងទៅតាមមាត្រា២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីចោទប្រកាន់លើជនល្មើស ព្រះរាជអាជ្ញាក៏ចោទប្រកាន់លើបុគ្គល ដែលបានលក់អាវុធឲ្យជនល្មើស ពីបទលក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីអត្តសញ្ញាណអ្នកលក់អាវុធឲ្យជនល្មើសនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com