អន្តរជាតិ
តើ​ចិន អាច​នឹង​ប្រើ​យោធា​ដើម្បី​ឆ្លើយតប​នឹង​សាលក្រម​តុលាការអន្តរជាតិ​?
13, Jul 2016 , 9:39 pm        
រូបភាព
ដោយ:
«​អ្នកឈ្នះ​មុខខ្លាញ់ អ្នកចាញ់​មុខសេះ​។​» នេះ អាចជា​ពាក្យស្លោក​មួយ​ដែល​អាច​ពណ៌នា​ពី​ស្ថានភាព​ក្រោយ​នៃ​ការប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់​។ ហើយ​នោះ​គឺ ខណៈពេលដែល​ហ្វីលីពីន កំពុងតែ​រីករាយ​ចំពោះ​លទ្ធផល​ផ្លៃ​ផ្កា​ដូច​ការរំពឹងទុក​ពី​តុលាការ ចិន ដែល​តែងតែ​ប្រកាស​ជំហរ​ម្តង​ហើយ​ម្តង​ទៀតថា​មិន​ទទួលស្គាល់​យុត្តាធិការ កំពុងតែ​ក្រពុលមុខ​ពី​ការ​សំឡឹង​មិន​ដាក់​ភ្នែក​របស់​សហគមន៍​អន្តរជាតិ​ថា​តើ​ចិន​អាចអនុវត្ត​នីតិរដ្ឋ​បាន​ប៉ុណ្ណា​។​



​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅ​ថ្ងៃទី​១២ ខែកក្កដា​ម្សិលមិញ បានចេញ​សាលក្រម​ស្ថាពរ និង​មាន​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់​ដោយ​ឈរ​ខាង​ហ្វីលីពីន ពោលគឺ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​។ ចំណុច​សំខាន់​នៃ​សាលក្រម​ដែល​ស្ទើរតែ​គ្របដណ្តប់​ទៅលើ​ចំណុច​ផ្សេងទៀត​នោះ​គឺ តុលាការ បកស្រាយ​ថា ចិន មិនមាន​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ហៅថា​ចំណុច​ប្រាំបួន​ត្រេ​នោះទេ (Nine-Dash line)​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី តុលាការ​ដែល​បាន​សង្ខេប​ពី​សាលក្រម​ដែល​កម្រាស់​ជាង​៥០០​ទំព័រ​នោះ តុលាការ បាន​បកស្រាយ ដោយ​បញ្ជា​ក់លើ​បួន​ចំណុច​សំខាន់ៗ​ដែល​ទាក់ទង​នឹង​សិទ្ធិ​ប្រវត្តិសាស្ត្រ​របស់​ចិន​មិនអាច​ប្រើប្រាស់​ដើម្បី​ទាមទារ​, ស្ថានភាព​កោះ​ក្នុង​តំបន់​ជម្លោះ​ដែល​ចិន​កំពុង​គ្រប់គ្រង​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន​, សកម្មភាព​ខុសច្បាប់រ​បស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​, ការបំពានច្បាប់​អន្តរជាតិ​របស់​ចិន និង​ការធ្វើ​ឲ្យ​ស្ថានភាព​កាន់​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ជម្លោះ​ដែល​បង្កដោយ​ចិន​។

​ប្រតិកម្ម​រដ្ឋ​ពាក់ព័ន្ធ​នៃ​វេទិកា​រម​ជ្ឈ​ត្ត​កម្ម​?
​ភា្ល​មៗ​នៃ​ការប្រកាស​សាលក្រម​នេះ ហ្វីលីពីន ដែលជា​ដើមបណ្ដឹង​នៃ​ករណីនេះ បាន​អបអរ​ចំពោះ​ការសម្រេច​នេះ និង​ប្រកាស​អនុវត្តតាម​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay បានចាត់ទុក​ការសម្រេចចិត្ត​របស់​តុលាការ ជា​ជំហាន​ប្រវត្តិសាស្ត្រ​មួយ ដែល​រូ​ម​ចំណែក​ដោះស្រាយ​ជម្លោះ​សមុទ្រ​នេះ​។ លោក​និយាយថា ហ្វីលីពីន នឹង​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​អនុវត្តតាម​ដំណោះស្រាយ​សន្តិភាព ក៏ដូចជា​គ្រប់គ្រង​ជម្លោះ ក្នុងន័យ​ជំរុញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។  

​ដោយឡែក​ចិន ប្រាកដ​ណាស់ គឺ​មិន​សប្បាយចិត្ត​នោះទេ បើទោះបីជា ចិន កន្លងមក​តែងតែ​អះអាងថា​តុលាការ​នេះ មិនមាន​យុត្តាធិការ​ស្របច្បាប់​លើ​សំណុំ​រឿងនេះ​ក៏ដោយ​។ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែង​បញ្ជាក់ថា ចិន នឹងមិន​ទទួលស្គាល់​រាល់​សេចក្តី​អះអាង ឬ​សកម្មភាព ដោយ​ផ្អែក​តាម​សាលក្រម​ដែល​ប្រកាស​ដោយ​សាលាក្តី​ម​ជ្ឈ​ត្ត​កម្ម​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​បង្កើតឡើង​ដោយ​ឯកតោភាគី​ដោយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​គឺ លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ ប្រមុខរដ្ឋ​ចិន ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា អធិបតេយ្យ​របស់​ចិន និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​មិនអាច​ប៉ះពាល់​បាន​ដោយ​គ្រាន់តែ​សាលក្រម​នោះ​ក្នុងស្ថានភាព​ណាក៏ដោយ​។

​ចិន អាច​នឹង​ប្រើប្រាស់​យោធា​?
​បន្ថែម​ពី​ការប្រកាស​គោលជំហរ​បស់​ប្រមុខ​កំពូល​របស់​ចិន ខាង​ការពារ​ជាតិចិន នៅមុន​នៃ​ការប្រកាស​សាលក្រម​នេះ ក៏បាន​ចេញមុខ​ការពា​រ​អធិបតេយ្យ​ខ្លួន​ជាដាច់ខាត​ផងដែរ​។ ខាង​ការពារ​ជាតិចិន ក៏បាន​ចេញមុខ​បកស្រាយ​ពី​ការធ្វើ​សមយុទ្ធ​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅមុន​ប៉ុន្មាន​ថ្ងៃ​នៃ​ការប្រកាស​សាលក្រម​ថា​ជាស​កម្ម​ភាពជា​ទម្លាប់រ​បស់​ចិន​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​។ លោក យ៉ាង យូ​ជុន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន បាន​បញ្ជាក់ថា ទាហាន​ចិន បាន​តាំងចិត្ត​យ៉ាង​មុតមាំ​រួចជាស្រេច​ទៅហើយ​ក្នុង​ការពារ​អធិបតេយ្យ​ជាតិ សន្តិសុខ និង​សិទ្ធិ និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់ខ្លួន​។

​បើ​ចិន មិន​អនុវត្ត តើ​មាន​បញ្ហា​អ្វី​ទេ​?
​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការអន្តរជាតិ សាលក្រម​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ គឺជា​សាលក្រម​ស្ថាពរ និង​លក្ខណៈ​ចាប់បង្ខំ​ដែល​បានកំណត់​ក្នុង​មាត្រា​២៩៦​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ និង​មាត្រា​១១ នៃ​ឧបសម្ព័ន្ធ​។ មាត្រា​១១ នៃ​ឧបសម្ព័ន្ធ បាន​ចែងថា សាលក្រម​របស់​តុលាការ គឺជា​សាលក្រម​ស្ថាពរ និង មិនអាច​ប្តឹង​បន្តទៀត​បានឡើយ លើកលែងតែ​ភាគី​ពាក់ព័ន្ធ បាន​ព្រមព្រៀងគ្នា​ជាមុន​។

​ក្នុងករណី​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ ចិន បានប្រកាស​ហើយ​ថា មិន​ទទួលស្គាល់​និង​មោ​ឃៈ​ភាព​សាលក្រម​នេះ ដ្បិត ចិន​យល់ថា តុលាការ​មិនមែន​យុត្ត​ធិ​ការ​។ អ្វី​គួរ​ចាប់អារម្មណ៍​នោះ បើ​ចិន មិន​អនុវត្តតាម ក៏​តុលាការ​មិនអាច​ចាប់បង្ខំ ឬ​ប្រើប្រាស់​កងកម្លាំង​ដើម្បី​ឲ្យ​ចិន​អនុវត្ត​បានដែរ នោះ ក៏​ព្រោះតែ​គ្មាន​យន្តការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ចាប់បង្ខំ​ភាគី​អនុវត្ត​សាលក្រម​ឡើយ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ក្រៅពី​ការទទួលបាន​ការបំភ្លឺ​ពី​តុលាការ ហ្វីលីពីន​អាច​ចំណេញ​ក្នុង​ឆាក​អន្តរជាតិ ត្រឹមតែ​ធ្វើ​ឲ្យ​ចិន រង​ការ​អាម៉ាស លើ​គោលការណ៍​នីតិរដ្ឋ​ប៉ុណ្ណោះ​។​

​ជំហរ​អាស៊ាន នៅត្រង់ណា​ដែរ​?
​ងាក​មក​ចាប់អារម្មណ៍​អាស៊ាន​វិញ ហាក់ដូចជា​ស្ញៀ​ម​ទ្រឹង ពោលគឺ​បើ​និយាយ​ពី​ស្ថាប័ន​អាស៊ាន មិនមាន​សេចក្តីថ្លែងការណ៍​រួម​ណាមួយ​ត្រូវបាន​ធ្វើឡើង​ថា​តើ​គួរ​គាំទ្រ​ឬ​មិន​គាំទ្រ​សាលក្រម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សមាជិក​ខ្លួន​គឺ​ហ្វីលីពីន​នោះ​។ ហើយ​នោះ ក៏​ព្រោះតែ​រដ្ឋ​អាស៊ាន​នីមួយៗ​សុទ្ធសឹង​តែមាន​គោលជំហរ​ផ្សេងៗ​លើ​បញ្ហា​នេះ ដូច្នេះហើយ សេចក្តីថ្លែងការណ៍​រួម​ដែល​ឈរលើ​គោលការណ៍​ឯកច្ឆន្ទ មិនអាច​ធ្វើ​ទៅរួច​នោះទេ​។ តែ​គេ ក៏​មិនអាច​បន្ទោស​អាស៊ាន​បានឡើយ ដ្បិត​ចំណាត់ការ​របស់​ហ្វីលីពីន​មួយ​នេះ មិនបាន​ពិគ្រោះ​យោបល់​នៅក្នុង​ក្រប​ខណ្ធ​អាស៊ាន​ផងដែរ​។ មួយវិញទៀត​នោះ អាស៊ាន មិនអាច​បង្ហាញ​គោលជំហ​ណាមួយ​ប្រឆាំង​ចិន​ដាច់ខាត​បានឡើយ បើ​មិន​ដូច្នោះ​ទេ វា អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ចិន និង​អាស៊ាន​ជារួម​។ អ្វី​គូរ​កត់សម្គាល់​នោះ គិត​ចាប់ពី​ឆ្នាំ​២០០៩​មក ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ខណៈ អាស៊ាន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​នាំចេញ​ទៅកាន់​ចិន​វិញ​លំដាប់​ទី​៣​ផងដែរ​។ ជារួម ដង្ហើម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាស៊ាន ពឹងផ្អែក​ទៅលើ​ចិន​ខ្លាំង​។

​យ៉ាងណាមិញ សមាជិក​អាស៊ាន​មួយចំនួន បានចេញ​ថ្លែងការណ៍​ផ្សេងៗ​គ្នា​លើ​ចំណាត់ការ​នេះ​។ កម្ពុជា​ដែលជា​សមាជិក​អាស៊ាន​កូនពៅ​គេ បានចេញ​សេចក្តីថ្លែងការណ៍​ពីរ​ទៅ​បី​លើក​មុនពេល​នៃ​ការប្រកាស​សាលក្រម​នេះ ដោយបាន​បញ្ជាក់ថា ទោះបីជា​សាលក្រម​នោះ មាន​ទំនោរ​ទៅរក​ខាង​ណាក៏ដោយ ក៏​កម្ពុជា​មិន​គាំទ្រ​ដែរ ពោលគឺ​កម្ពុជា ឈរ​នៅលើ​គោលជំហរ​អព្យាក្រឹត​។ បន្ថែម​ពីនេះ កម្ពុជា ក៏បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​ឲ្យ​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​នៃ​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC), បន្ត​ការចរចា​ឈានទៅដល់​ការសម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​(COC) និង​ដោះស្រាយ​ជម្លោះ​រវាង​ភាគី​ពាក់ព័ន្ធ​។ សម្រាប់​សិង្ហ​បុរី​វិញ ដែលជា​រដ្ឋ​សមាជិក​ដែលមាន​ទឹកដី​តូច​ជាង និង​មិនមែនជា​រដ្ឋ​ពាក់ព័ន្ធ ផងដែរ​នោះ ក៏​មិន​ហ៊ាន​និយាយ​អ្វី​លើស​ធ្ងន់ធ្ងរ​អី​ដែរ​។ សិង្ហ​បុរី គ្រាន់តែ​អះអាងថា​នឹងសិក្សា​បន្ថែម​ពី​វិសាលភាព​នៃ​សាលក្រម​នោះ និង​ឲ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្តតាម​យន្តការ​សន្តិវិធី​តាមច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​កន្លង​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​៕


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com