ជាតិ
សង្គមជាតិ
ឯកអគ្គរដ្ឋទូត​បារាំ​ង​ស្រក់​ទឹកភ្នែក​ពេល​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ
15, Jul 2016 , 10:28 pm        
រូបភាព
លោក Jean-Claude Poimboeuf ស្លៀកអាវខ្មៅឈរខាងស្តាំ
លោក Jean-Claude Poimboeuf ស្លៀកអាវខ្មៅឈរខាងស្តាំ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក Jean-Claude Poimboeuf (ហ្ស​ង់ ក្លូដ ពាំ​បឺ​ហ្វ) បាន​ស្រក់​ទឹកភ្នែក​អាណិត​ជនរងគ្រោះ​រាប់រយ​នាក់​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ទីក្រុង Nice ក្នុងប្រទេស​បារាំង។ លោក​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​ដែល​បាន​នាំ​ឲ្យ​បារាំង​ស្ថិតក្នុង​មរណទុក្ខ​សាជាថ្មី នៅថ្ងៃនេះ។



លោក Jean-Claude Poimboeuf មាន​អារម្មណ៍​ក្តុកក្តួល​ឥតឧបមា នៅពេល​ជនរួមជាតិ​បារាំង​រងគ្រោះ​ក្នុង​ព្រឹ​ត្ត​ការណ៍​ដ៏​សោកសង្រេង ក្នុងប្រទេស​បារាំង។ លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​និយាយ​ទាំង​ទឹកមុខ​ស្រពោន​ក្នុង​ពិធី​ស្មិងស្មាធិ៍​រម្លឹក​ដល់​ជនរងគ្រោះ​នៅ​ទីក្រុង Nice នៅ​ម៉ោង៦ល្ងាច ថ្ងៃទី១៥ កក្កដា​នេះ នា​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ថា វា​ជា​បញ្ហា​ភេ​វរ​កម្ម​គំរាមកំហែង​ ចំពោះ​ជនជាតិ​បារាំង និង​មនុស្ស​ទូទៅ។

បន្ថែម​លើ​នេះ លោក Jean-Claude Poimboeuf បានបញ្ជាក់​ពី​ការប្រយុទ្ធប្រឆាំង​ករណី​នេះ​រវាង​បារាំង និង​កម្ពុជា​ថា ភាគី​ទាំងពីរ​ទទួល​ប្រយោជន៍ ក្នុង​ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុងប្រទេស​រួមគ្នា​តែមួយ​ផងដែរ។

«ប្រទេស​បារាំង និង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ប្រយោជន៍​រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម។ ទាក់​​ទង​​​បញ្ហា អំពើ​​​​ភេរវកម្ម​ក្នុង​ទីក្រុង Nice ម្សិលមិញ​នេះ វា​ជា​បញ្ហា​សំខាន់បំផុត​សម្រាប់​យើង»។ នេះ​ជា​ប្រសាសន៍​របស់លោក​ឯកអគ្គ​រដ្ឋទូត​បារាំង តាមរយៈអ្នកបកប្រែ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​កម្ពុជា ក្រោយពីការគោរពភ្លេងទង់ជាតិបារាំង។

ពី​ពិធី​ដែលមាន​អ្នកចូលរួម​ជាង ២០០នាក់​រួមទាំង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ផង​នោះ លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​មិត្តភក្តិ​ខ្មែរ​ទាំងអស់​ដែល​បាន​ផ្ញើរ​សារ​រំលែក​ទុក្ខ ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះដែរ។

ជាមួយគ្នា​នឹង​ព្រឹត្តិការណ៍​នេះ លោក​បាន​ប្តេជ្ញា​បន្ត​សហការ​ការទូត ផ្នែក​សន្តិសុខ​ជាមួយ​កម្ពុជា​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​​​​ភេរវកម្ម​​​បន្ថែមទៀត ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន​ប្រទេស​ទាំងពីរ។ បើតាម​លោក​ឯកអគ្គរដ្ឋទូត ប្រជាជន​បារាំង​ចំនួន​ពី ៧ ទៅ៨ពាន់​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា។

គួរបញ្ជាក់​ផងដែរ ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ដាក់​ប្រទេស​បារាំង​​​ក្នុង​​ស្ថាន​​ភាព​​​មាន​​​​អាសន្ន រយៈពេល​បី​ខែ​បន្ទាប់ពី​ការ​ប្រហារ​នៅ​ទីក្រុង Nice។ លោក ហូ​ឡង់ ពុំ​អាច​បដិសេធថា ករណីនេះ ពុំមែន​ជា​សកម្មភាព​ភេរវកម្ម​ឡើយ។ លោក ហូ​ឡង់ ប្រកាសថា បារាំង​នឹង​វាយបក​លើ​លើ​ក្រុម​ភេរវ​ករ​វិញ ដើម្បី​ជួយ​ជនរងគ្រោះ និង​ពង្រឹង​សន្តិសុខ​បន្ថែម៕


Tag:
 កម្ពុជា
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com