កីឡាអន្តរជាតិ
អន្តរជាតិ
N'Golo Kante លា​ម្ចាស់​ជើងឯក Leicester ចូ​ល Chelsea
17, Jul 2016 , 12:31 pm        
រូបភាព
​ក្រុម​តោ​ខៀវ Chelsea បាន​ចុះហត្ថលេខា​នាំយក​ខ្សែបម្រើ N'Golo Kant ពី​ក្រុម Leicester City ជា​ផ្លូវការ​ហើយ ដោយ​ចុះកិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​ក្នុងតម្លៃ​ផ្ទេរ ៣០​លាន​ផោន ប្រហែល​ជាង​៣៩​លាន​ដុល្លារ​អាមេរិក​។​

 
​ខ្សែបម្រើ​ការពារ​រូបនេះ​ត្រូវបាន Leicester នាំយក​មកពី​ក្លិប Caen នៃ​ប្រទេស​បារាំង ក្រុង​តម្លៃ​តែ​៦​លាន​ផោន​(៨​លាន​ដុល្លារ​) ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន និង​បាន​ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង ឈ្នះ​ជើងឯក​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស Premier League រដូវ​កាល​មុន​។​
  
​ខ្សែបម្រើ​អន្តរជាតិ​បារាំង​វ័យ​២៥ រូបនេះ ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​អឺរ៉ូ​ឆ្នាំ ២០១៦ ផងដែរ​។​
 
«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចុះហត្ថលេខា​សម្រាប់​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ធំៗ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប​។ វា​សុ​បិ​ន​ក្លាយជា​ការពិត​សម្រាប់​ខ្ញុំ​»​។​
 Kante បន្ថែមថា​៖«​នេះ​ជា​ឱកាស​របសខ្ញុំ​ដើម្បី​ធ្វើការ​ជាមួយ​លោក Antonio Conte ដែលជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ រួមទាំង​កីឡាករ​ល្បី​លំដាប់​ពី​ភព​លោក​ផ្សេងទៀត​»​។​
 
​គួរ​បញ្ជាក់ថា Kante ជា​កីឡា​ករទី​ពីរ​ហើយ​ដែល​អ្នកចាត់ការ​ថ្មី​របស់​តោ​ខៀវ លោក Antonio Conte នាំយកមក​រដូវ​កាល​នេះ​បន្ទាប់ពី​ទិញ​បាន​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Michy Batshuayi ពី​ក្លិប Marseille របស់​បារាំង​រួចមក​៕
 

Tag:
 EPL
  ដោះដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com