អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង បាញ់​មី​ស៊ី​លបី​គ្រាប់ ក្រោយ​កូរ៉េខាងត្បូង​ប្រកាស​ដំឡើង​ខែល​THAAD
19, Jul 2016 , 12:12 pm        
រូបភាព
កូរ៉េខាងជើង បាញ់មីស៊ីល (ប្រភពរូបភាព EPA)
កូរ៉េខាងជើង បាញ់មីស៊ីល (ប្រភពរូបភាព EPA)
ដោយ: ថ្មីៗ
 
​ក្រុង​ព្យុងយ៉ាង នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៩​ខែកក្កដា​នេះ បាន​បាញ់​មី​ស៊ី​លបី​គ្រាប់​ជាថ្មី ដែល​សកម្មភាព​នេះ បាននិងកំពុង​តែ​បំពាន​ទៅនឹង​បម្រាប​សហគមន៍​អន្តរជាតិ​ជាថ្មី​។ ការបាញ់​សាកល្បង​នេះដែរ ត្រូវបាន​មើលឃើញថា​ជា​ប្រតិកម្ម​ជា​លើកដំបូង​ក្រោយ​នៃ​ការប្រកាស​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​។​


​សេនាធិការ​កូរ៉េខាងត្បូង បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​អង្គារ​នេះ ថា មី​ស៊ី​លបី​គ្រាប់​ដែល​បាញ់​ដោយ​កូរ៉េខាងជើង បាន​បាញ់​ចេញ​ឡើង​ពី​ភាគី​លិច​នៃ​ក្រុង Hwangju ដែល​ដាល​បាន​ចម្ងាយច​ម្លោះ​៥០០​ទៅ​៦០០​គីឡូ​ម៉ែត​ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ អាចជា​ប្រភេទ​មី​ស៊ី​ល SCUD ដែលមាន​សមត្ថភាព​អាច​បាញ់​ទៅដល់​កូរ៉េខាងត្បូង​ទៀតផង​។ តែ​យ៉ាងណាក៏ដោយ យោធា​កូរ៉េខាងត្បូង បាន​អះអាងថា ពួកគេ កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សកម្មភាព​របស់​កូរ៉េខាងជើង​។​
 
​សូម​ជម្រាប​ផងដែរ​ថា ក្រោយ​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​ក្នុងការ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​របស់​អាមេរិក​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៨ ខែកក្កដា​កន្លងទៅ កូរ៉េខាងជើង ក៏បាន​ប្រតិកម្ម​ភា្ល​មៗ​គ្នា​នោះដែរ ដោយបាន​អះអាងថា កូរ៉េខាងជើង នឹងមាន​ការឆ្លើយតប​ផ្នែក​យោធា​វិញ នៅពេលដែល ភាគី​ទាំងពីរ​កំណត់​យក​កន្លែង​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​នោះ​។​
 
​ចុងក្រោយ អាមេរិក និង​កូរ៉េ​ខា​ត្បូង នៅ​ថ្ងៃទី​១៣ ខែកក្កដា​កន្លងទៅ ក្រសួង​កា​ពារ​ជាតិ​កូរ៉េ​ខាង​ត្បួ​ង បានប្រកាសថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នឹងត្រូវ​ដាក់​នៅ​តំបន់ Seongju ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ដែល​ប្រព័ន្ធ​ការពារ​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​យោធា​ក៏ដូចជា​សុវត្ថិភាព​ប្រជាជន​ក្នុងស្រុក​ពី​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។ ហើយ​វា ក៏​គួរតែ​ដល់ពេល​កូរ៉េខាងជើង ចេញ​សកម្មភាព​ជាថ្មី​ដូច​ការសន្យា​របស់ខ្លួន​ហើយ​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com