អន្តរជាតិ
ជម្លោះសមុទ្រចិនខាងត្បូង ពិតជាមិនអាចចៀសផុតពីការប្រឈមមុខយោធាមែនឬយ៉ាងណា?
× មកទល់ពេលនេះទាំងហ្វីលីពីន និងទាំងចិន នៅតែរក្សាគោលជំហរមិនប្រែប្រួលរបស់ខ្លួនលើយន្តការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងរៀងៗខ្លួន។ ហ្វីលីពីន ប្តេជ្ញាគោរព និងអនុវត្តតាមសាលក្រមតុលាការអន្តរជាតិក្រុងឡាអេលើសំណុំរឿងសមុទ្រចិនខាងត្បូង ខណៈ ចិនប្រកែកដាច់ខាតមិនទទួលស្គាល់សាលក្រមដោយចាត់ទុកវាត្រឹមតែជា«ក្រដាសសំរាមមួយប៉ុណ្ណោះ»។ ជាពិសេសនោះ ក្រុងប៉េកាំងបញ្ជាក់ថា នឹងមិនបោះបង់សកម្មភាពខ្លួននៅក្នុងតំបន់ជម្លោះនោះនៅពាក់កណ្តាលផ្លូវឡើយ។ តើជម្លោះនេះ ពិតជាមិនអាចគេចផុតពីការប្រឈមមុខផ្នែកយោធាឬយ៉ាងណា?
គឺរយៈពេលជាងមួយសប្តាហ៍ហើយ ក្រោយនៃការប្រកាសសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេលើសំណុំរឿងសមុទ្រចិនខាងត្បូងដែលចិន និងហ្វីលីពីន បានបន្តប្រើប្រាស់ពាក្យសម្តីដើម្បីប្រជែងគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរ នៅមិនទាន់រកឃើញចំណុចរួមមួយដើម្បីជជែក និងបញ្ឈប់ការដៀមដាបដាក់គ្នាក្នុងនាមជាម្ចាស់នៃតំបន់សមុទ្រចិនខាងត្បូងឡើយ។ ហ្វីលីពីន បានសាលក្រមតុលាការជាភស្តុតាងមួយរឹងមាំ ខណៈ ចិន មិនបោះបង់ការតាំងចិត្តខ្លួនដើម្បីការពារដែនអធិបតេយ្យ ដោយរួមទាំងការប្រើប្រាស់យោធាដែរ។
ហ្វីលីពីន បន្តប្រកាន់ខ្ជាប់ការអនុវត្តតាមសាលក្រមអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ABS-CBN ថា លោក បានបដិសេធសំណើរបស់ចិនដែលចង់ឲ្យមានការចរចា និងឲ្យទាត់ចោលសាលក្រមរបស់តុលាការអន្តរជាតិលើសំណុំរឿងសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្ត្រីរូបនោះ ក៏បញ្ជាក់ផងដែរថា មធ្យោបាយដែលចិនស្នើនេះ មិនស្របតាមរដ្ឋធម្មនុញ្ញ និងផលប្រយោជន៍ជាតិរបស់ហ្វីលីពីនឡើយ។ យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី ក៏បង្ហើបថា ភាគីម្ខាងទៀត បានអះអាងថា ប្រសិនបើហ្វីលីពីននៅតែបន្តដើរតាមសាលក្រម នោះ ភាគីទាំងពីរ នឹងត្រូវប្រឈមមុខគ្នាខ្លាំងហើយ។
កិច្ចសម្ភាសន៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីរូបនេះ បានបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយនឹងចិនជាលើកដំបូងនៅក្រៅនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រនៃប្រទេសមុងហ្គោលីកាលពីពេលថ្មី។ សារនេះ ក៏បានបញ្ជាក់ផងដែរ ហ្វីលីពីន មិនទាន់បន្ទន់ឥរិយាបថដើម្បី ទៅចរចារកផលប្រយោជន៍តាមការប្រកាសរបស់ចិនឡើយ។
សូមរម្លឹកផងដែរថា នៅថ្ងៃទី១២ ខែកក្កដាកន្លងទៅ មជ្ឈត្តការនៃតុលាការអចិន្ត្រៃយ៍ក្រុងឡាអេ បានប្រកាសសាលក្រមតាមបណ្តឹងរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែរនីណូ អាហ្គីណូដោយបកស្រាយថា សកម្មភាពចិន រួមជាមួយនឹងការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានផ្នែកច្បាប់ឡើយ។ ភ្លាមៗនោះ ហ្វីលីពីន ដែលជាដើមបណ្តឹងបានប្រកាសសាទរ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនពី សាលក្រមនេះ ខណៈ ក្រុងប៉េកាំង ប្រកាសដាច់ខាតមិនទទួលស្គាល់សាលក្រមនោះឡើយ។
សារចុងក្រោយរបស់ចិន ប្រៀបដូចយុទ្ធសាស្ត្រ «ព្រួញមួយបាញ់បានសត្វពីរ»
អ្វីគួរកត់សម្គាល់នោះ ក្រុងប៉េកាំង បានប្រកាសជំហរ និងសារចុងក្រោយមួយថា «ចិន មិនបោះបង់សំណង់របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងឡើយ»។ សារនេះ មិនត្រូវបានប្រាប់ដោយផ្ទាល់ទៅកាន់គូបដិបក្ខនៃជម្លោះសមុទ្រចិនខាងត្បូងរបស់ចិនគឺហ្វីលីពីននោះទេ តែត្រូវបានបញ្ជាក់ជាមួយនឹងសម្ព័ន្ធមិត្តឬមតិមួយចំនួនតែងហៅថាអាណាព្យាបាលសន្តិសុខរបស់ហ្វីលីពីន គឺអាមេរិក។
លោកឧត្តមនាវិក Wu Shengli មេបញ្ជាការកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី១៨ ខែកក្កដា បានថ្លែងប្រាប់លោកឧត្តមសេនីយ៍ John Richardson មេបញ្ជាការប្រតិបត្តិការដែនទឹកអាមេរិកក្នុងពេលលោកបំពេញទស្សនកិច្ចក្នុងប្រទេសចិនថា «ចិន មិនបោះបង់សំណង់របស់ខ្លួននៅពាក់កណ្តាលផ្លូវនៅលើកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូងឡើយ»។ លោក បញ្ជាក់ថា កងទ័ពជើងទឹកចិន បានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយដើម្បីតទល់ជាមួយនឹងសកម្មភាពនៃការបង្កហេតុ និងបំពានអធិបតេយ្យខ្លួន។
លោកមេញ្ជាការរូបនោះ ក៏បានអះអាងដែរថា ក្រុងប៉េកាំង នឹងកសាងសំណង់ឲ្យរួចរាល់នៅលើតំបន់ថ្មប៉ប្រះទឹក និងកោះមួយចំនួនតាមគម្រោងរបស់ខ្លួន បើទោះបីជា មានប្រទេសមួយចំនួន ឬបុគ្គលមួយចំនួន កំពុងតែដាក់សម្ពាធចិនឲ្យធ្វើអ្វីមួយក៏ដោយ។ ការសម្ពាធចិននោះ គឺចង់ឲ្យចិនអនុវត្តតាមសាលក្រមនោះឯង។ លោកឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ដែរថា សមត្ថភាពការពារលើកោះ និងថ្មប៉ប្រះទឹក គឺអាស្រ័យទៅលើការគំរាមកំហែងដែលចិនប្រឈម។ សារនេះ ទំនងជាចង់ប្រាប់ទាំងហ្វីលីពីនដែលកំពុងតែយកសាលក្រមមកដាក់សម្ពាធចិន និងអាមេរិក ដែលកំពុងតែបន្តសកម្មភាពយោធាក្នុងតំបន់ជម្លោះ កុំឲ្យធ្វើអ្វីដែលជ្រុលទៅលើចិនហើយ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ Richardson បានថ្លែងនៅថ្ងៃពុធទី២០ខែកក្កដានេះ ថា កងទ័ពអាមេរិក នឹងបន្តការធ្វើនាវាល្បាត និងប្រតិបត្តិការហោះហើររបស់ខ្លួនតាមច្បាប់អន្តរជាតិក្នុងសមុទ្រចិនខាងត្បូងដដែល។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters ដែលបានបន្ថែមដែរថា លោក សង្កត់ធ្ងន់ថា នឹងមិនមានអ្វីផ្លាស់ប្តូរឡើយចំពោះប្រតិបត្តិការរបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងនោះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនដូចជា Xinhua និង People’s Daily ជាដើមនោះ គិតចាប់តាំងពីមួយសប្តាហ៍មុននៃការប្រកាសសាលក្រមសមុទ្រចិនខាងត្បូង រហូតមកដល់ប៉ុន្មានថ្ងៃចុងក្រោយនេះ ចិន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងសមុទ្រចិនខាងត្បូងជាច្រើនលើកច្រើនសារមកហើយ។ សមយុទ្ធនោះ មានទាំងកងទ័ពជើងទឹក និងកងទ័ពអាកាសដែល ក្រុងប៉េកាំង អះអាងថាធ្វើឡើងដើម្បីហ្វឹកហាត់កងទ័ពដើម្បីត្រៀមខ្លួននឹងការប្រឈមបច្ចុប្បន្ន។
សូមរម្លឹកផងដែរថា នៅក្រោយនៃការប្រកាសសាលក្រមមួយថ្ងៃ ក្រុងប៉េកាំង ក៏បានចេញផ្សាយ«សៀវភៅស»ដែលមានកម្រាស់ជាង៤០ទំព័រដើម្បីបញ្ជាក់ជំហរខ្លួនជាថ្មីម្តងទៀត។ សៀវភៅសនោះ មានឈ្មោះថា «ចិន ប្រកាន់ជំហរមិនប្រែប្រួលលើការដោះស្រាយតាមរយៈការចរចា លើជម្លោះពាក់ព័ន្ធរវាងចិន និងហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង» និងត្រូវបានធ្វើបទបង្ហាញដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin ។
នៅក្នុងការធ្វើបទបង្ហាញនោះ លោកអនុរដ្ឋមន្ត្រី បានពណ៌នាសាលក្រមរបស់តុលាការ គឺប្រៀបប្រដូចទៅនឹង«ក្រដាសសម្រាមមួយដូច្នោះឯង»។ នេះបើយោងតាមការផ្សាយទូរទស្សន៍ចិន CCTV ដែលបានដកស្រង់ការព្រមានរបស់លោកអនុរដ្ឋមន្ត្រីដែរថា «ប្រទេសដទៃកុំឆ្លៀតឱកាសនេះមកគំរាមចិនឲ្យសោះ»។ មន្ត្រីជាន់ខ្ពស់រូបនោះ ក៏បានបង្ហាញក្តីសង្ឃឹម រួមជាមួយនឹងការព្រមានចុងក្រោយដែរថា ប្រទេសដទៃ អាចធ្វើការរួមគ្នាដើម្បីការពារសន្តិភាព និងស្ថិរភាពរបស់សមុទ្រចិនខាងត្បូង និងកុំបណ្តោយឲ្យសមុទ្រចិនខាងត្បូងក្លាយជាដើមទងនៃសង្គ្រាមផងដែរ។
និយាយឲ្យខ្លីទៅ ហ្វីលីពីន អាចមានជម្រើសពីរក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ទីមួយ ព្រមទទួលយកសំណើបែងចែកប្រយោជន៍តាមរយៈ«ការចរចា និងពិគ្រោះយោបល់ទ្វេភាគី»របស់ចិន។ និងទីពីរ ត្រៀមខ្លួនដើម្បីប្រជែង និងប្រឈមមុខផ្នែកយោធាជាមួយនឹងចិន៕
Tag:
សមុទ្រចិនខាងត្បូង
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com