ជាតិ
សង្គមជាតិ
សម្តេច ហេង សំរិន ស្នើចិនជួយសង់អគាររដ្ឋបាលសភាមួយខ្នង កម្ពស់១២ជាន់ សម្តេច ហេង សំរិន ឈរខាងឆ្វេងប្រធានសភាចិន។ រូបថត ហ្វេសប៊ុករដ្ឋសភា
×
ភ្នំពេញ៖ ប្រធានរដ្ឋសភាសម្តេច ហេង សំរិន បានស្នើប្រធានសភាលោក Zhang Dejiang សុំជួយសង់អគាររដ្ឋបាលមួយខ្នង កម្ពស់១២ជាន់ដល់រដ្ឋសភាកម្ពុជា។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករដ្ឋសភាកម្ពុជា។
បើតាមការផ្សាយលើហ្វេសប៊ុករដ្ឋសភា ការស្នើសុំរបស់សម្តេច ហេង សំរិន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Zhang Dejiang ប្រធានសភាប្រជាជនចិន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងប្រទេសចិន។
ប្រធានរដ្ឋសភាប្រជាជនចិនបានទទួលយកសំណើកម្ពុជា និងស្នើឲ្យដាក់តាមរយៈរាជរដ្ឋាភិបាល។ នេះជាការឆ្លើយតបរបស់ប្រធានសភាប្រជាជនចិន ដែលដកស្រង់ពីហ្វេសប៊ុកសភា នៅថ្ងៃនេះ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កំពុងដឹកនាំគណៈប្រតិភូពីកម្ពុជាទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ សម្តេច ហេង សំរិន បាន និងកំពុងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួន រួមមាន លោក Li Yuanchao អនុប្រធានាធិបតី, លោក Yu Zhengsheng ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិន និងលោក Zhang Dejiang ប្រធានសភាប្រជាជនចិន។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានឹងត្រឡប់មកពីប្រទេសចិនដល់កម្ពុជា តាមជើងហោះហើរពិសេសក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕
Tag:
ហេង សំរិន
រដ្ឋសភា
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com