«យើងត្រូវតែយកជ័យជម្នះលើលោក ដូណាល់ ត្រាំ។ យើងត្រូវតែបោះឆ្នោតជ្រើសរើសលោកស្រី ហ៊ីឡារី គ្លីនតុន និងលោក Tim Kaine។ ដូណាល់ត្រាំ ជាអ្នកនយោបាយប្រើការសំឡុតគំរាម និងជាអ្នកនយោបាយប្រជាភិថុត»។ នេះជាសម្តីរបស់អតីតគូប្រជែងលោកស្រី ហ៊ីឡារី គ្លីនតុន លោក ប៊ែនី សេនដឺ ថ្លែងទៅកាន់អ្នកប្រជាធិបតេយ្យក្នុងសមាជបក្សប្រជាធិបតេយ្យនាថ្ងៃចន្ទទី ២៥ កក្កដានេះ។
ខណៈដែលមានការបារម្ភថា អ្នកប្រជាធិបតេយ្យអាចបែកខ្ញែកគ្នា និងអាចចាញ់ប្រៀបបក្សសាធាណរដ្ឋក្នុងការបោះឆ្នោតខាងមុខនោះ សមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក ប៊ែនី សេនដឺ បានចេញមុខថ្លែងគាំទ្រនិងអំពាវនាវឲ្យអ្នកគាំទ្របក្សប្រជាធិបតេយ្យបោះឆ្នោតឲ្យលោកស្រី ហ៊ីឡារី គ្លីនតុនជាប្រធានាធិបតី។ លោកបានរិះគន់ពេញៗមាត់ និងហៅ សេដ្ឋីអចលនទ្រព្យ ដូណាល់ ត្រាំ ថាជាអ្នកនយោបាយប្រជាភិថុតបោកប្រាសរាស្ត្រ។
ថ្លែងក្នុងសមាជបក្សប្រជាធិបតេយ្យនៅក្រុង Philadelphia លោក ប៊ែនី សេនដឺ បានអំពាវនាវទៅកាន់អ្នកគាំទ្របក្សប្រជាធិបតេយ្យក៏ដូចជាអ្នកស្រលាញ់ពេញចិត្តលោកបោះឆ្នោតគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុនដើម្បីឲ្យមានការឯកភាពជាតិនិងការផ្លាស់ប្តូរក្នុងសង្គម។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោកថ្លែងថា៖« យើងត្រូវការភាពជាអ្នកដឹកនាំដែលអាចលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវណ្ណៈកណ្តាលនិងទាប, ក្មេងៗ, មនុស្សចាស់ជរា, អ្នកឈឺ និងអ្នកក្រីក្រផងដែរ។យើងត្រូវការភាពជាអ្នកដឹកនាំ ដែលអាចជំរុញឲ្យប្រជាជនយើងរស់នៅរួមគ្នានិងធ្វើឲ្យសង្គមយើងកាន់តែខ្លាំង។ មិនមែនភាពជាអ្នកដឹកនាំដែលចេះតែបង្កឲ្យមានការបែកបាក់សង្គម និងប្រមាថក៏ដូចជាបន្តុះបង្អាប់ប្រជាជនអាមេរិកឡាទីន, ប្រជាជនម៉ូស្លីម, ស្ត្រី , ប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិកឡើយ»។
លោក ប៊ែនី សេនដឺ បន្តលើកឡើងថា លោកបានស្គាល់លោកស្រី ហ៊ីឡារី គ្លីនតុន អស់កាល២៥ឆ្នាំ ហើយលោកក៏មើលឃើញថា លោកស្រីអតីតស្ត្រីទីមួយ និងអតីតរដ្ឋមន្ត្រីការបរទេសនេះជាមនុស្សដែលមានសមត្ថភាពនិងស័ក្តិសមជាប្រធានាធិបតីអាមេរិក។
លោកសង្កត់ធ្ងន់ថា៖ «ហ៊ីឡារី គ្លីនតុន នឹងក្លាយជាប្រធានាធិបតីដ៏ពូកែម្នាក់ ហើយខ្ញុំមានមោទនភាពដែលឈរនៅជាមួយនាងនៅយប់នេះ»។
លោក ប៊ែនី សេនដឺ ចេញមុខកោតសរសើរលោកស្រី ហ៊ីឡារី គ្លីនតុន និងអំពាវនាវឲ្យប្រជាជនបោះឆ្នោតឲ្យបេក្ខជនបក្សប្រជាធិបតេយ្យនេះ ដើម្បីជួយបង្រួបបង្រួមសមាជិកបក្សប្រជាធិបតេយ្យ ព្រោះ វាមានការវាយតម្លៃថា គណបក្សប្រជាធិបតេយ្យកំពុងប្រេះឆា ហើយលោក ដូណាល់ ត្រាំ កំពុងមានប្រៀបឆ្ពោះទៅឈ្នះឆ្នោតនៅពេលខាងមុខនោះ។
បើយោងតាមទីភា្នក់ងារព័ត៌មាន AFP កាលពីថ្មីៗនេះ របាយការណ៍ស្ទង់មតិមួយបានបង្ហាញថា ប្រជាប្រិយភាពបេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កើនខ្ពស់ជាងប្រជាប្រិយភាពរបស់លោកស្រី ហ៊ីឡារី គ្លីនតុន។ ហើយម្យ៉ាង ការមិនទុកចិត្តគ្នាក្នុងចំណោមបណ្តាអ្នកប្រជាធិបតេយ្យចាប់ផ្តើមកើតមានឡើង ព្រោះតែបញ្ហាសារអេឡិចត្រូវនិកដែលបង្ហាញថា មេដឹកនាំបក្សប្រជាធិបតេយ្យមានភាពលម្អៀងទៅរកលោកស្រី ហ៊ីឡារី គ្លីនតុននោះជាងលោក ប៊ែនី សេនដឺនោះ៕