ជាតិ
បាក់​ឌុប​៖ ការប្រឡង​ជំនួស កំណត់​ឲ្យ​ប្រឡង​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​ពីរ​ឆ្នាំ​
30, Jul 2016 , 8:39 am        
រូបភាព
បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ស្ដីពី​វិធានការ​ចំពោះ​អ្នក​ប្រឡង​ជំនួស ដោយ​បេក្ខជន​ដែល​ឲ្យ​គេ​ប្រឡង​ជំនួស ត្រូវបាន​កំណត់​ឲ្យ​ប្រឡង​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​រយៈពេល​២​ឆ្នាំ​បន្តបន្ទាប់​។ ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជំនួស​គេ នឹងត្រូវ​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​



ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្តឡើង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២​ដល់​២៣ ខែសីហា ឆ្នាំ​២០១៦​ខាងមុខនេះ​។ សម្រាប់​វិញ្ញាសា​ប្រឡង​មាន ៧​មុខវិជ្ជា ដែល​ចែកជា​២​ទម្រង់  គឺ​ទម្រង់​ចែកជូន​បេក្ខជន និង​ទម្រង់​កត់ដា​ក់លើ​ក្ដា​ខៀន ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម​។

​បន្ថែម​លើស​នេះ បញ្ជី​ឈ្មោះ​បេក្ខជន​តាម​លំដាប់​អក្ខរក្រម​នាមត្រកូល តាម​មណ្ឌល​ប្រឡង​នឹងត្រូវ​ប្រកាស​ផ្សព្វផ្សាយ លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង (facebook.com/moeys.gov.kh) នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​។ ដោយឡែក បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់ទង​នឹង​ការប្រឡង​នឹង​បិទ​ផ្សព្វផ្សាយ តាម​មណ្ឌល​ប្រឡង ចាប់ពី​ម៉ោង ៩ ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦​។​

​សូមបញ្ជាក់ថា សម័យ​ប្រឡង​៖ ២២ សីហា ២០១៦ នេះ មាន​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។ ចំពោះ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រកាសជូន នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ សម្រាប់​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ។ រីឯ​មណ្ឌល​នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត នឹង​ប្រកាសជូន​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦​។ ជាមួយគ្នានេះ លទ្ធផល​ប្រឡង​នឹងត្រូវ​ផ្សព្វផ្សាយ តាម​មណ្ឌល​ប្រឡង​ទាំងអស់ ទូទាំងប្រទេស និង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង ​www.facebook.com/moeys.gov.kh

Tag:
 បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com