ពីនេះ ពីនោះ
«​សំពះ និង ចាប់ដៃ​» ក្មេង​ខ្មែរ​សម័យថ្មី​គួរប្រើ​មួយណា​?
12, Aug 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ព​ណ្ណា​រាយ ជាតិ​ថ្កើងថ្កាន​» នេះ​គឺជា​បណ្ដាំ​ដូនតា​ខ្មែរ​លោក​បាន​ចារ​ទុក​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បានដឹងថា វប្បធម៌​គឺជា​មរតក​ជាតិ​មួយ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ដល់​សកលលោក​បានដឹង និង​ចំណាំទុក​ថា នោះ​គឺជា​វប្បធម៌​ជនជាតិខ្មែរ​។ ចំណែក ការសំពះ គឺជា​ឥ​រិ​យា​បថ​ដ៏​ល្អ​មួយ និង​ជា​វប្បធម៌​របស់​ខ្មែរ ដែល​កូន​ខ្មែរ​ត្រូវតែ​ការពារ និង​ថែរក្សា​។



​ក្រោយ​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៧៩ ខ្មែរ​នៅសល់​ភាគច្រើន​ប្រជាជន ដែលមាន​ចំណេះដឹង​ទាប​។ ចំណែក​បញ្ញវន្ត​ត្រូវ​បាត់បង់ សសរ​វប្បធម៌​ត្រូវបាន​រលត់រលាយ​អស់​មួយចំនួនធំ ចំណែក​វប្បធម៌​មួយចំនួន​ខំប្រឹង​ត្រដររស់ ដើម្បី​ជា​ភស្ដុតាង​មួយ​បញ្ជាក់ថា​គឺជា​របស់​ខ្មែរ​។ ខ្មែរ​ចាប់ផ្ដើម ពង្រឹង​ខ្លួនឯង​លើ​គ្រប់​វិស័យ ទោះបី​មាន​វិស័យ​ខ្លះ​ដើរ​ថយក្រោយ ហើយ​វិស័យ​ខ្លះ​ឆ្ពោះទៅ​មុខជា​ប្រក្រតី ប៉ុន្តែ​ខ្មែរ​នៅតែ​ប្រឹង​រហូតដល់​បច្ចុប្បន្ន​។

​រ​ហូ​យ​ត​មកដល់ពេលនេះ សង្គម​ខ្មែរ​ព្យាយាម​ផ្សាយ​វប្បធម៌​របស់ខ្លួន បង្ហាញ​ពិភពលោក​ថា ខ្មែរ​ជា​ប្រទេស​តូច ប៉ុន្តែ​ខ្មែរ​ក៏មាន​លក្ខណៈពិសេស​រប​ស់​ខ្លួន​ក្នុងនាម​ជា​ប្រទេសមួយ​ផងដែរ​។ ស្រប់​ពេលដែល​កម្ពុជា​កំពុងតែ​ព្យាយាម​បង្ហាញ​វប្បធម៌​របស់ខ្លួន ប្រជាជន​ខ្មែរ​មួយ​ភាគ​ធំ​ក៏​កំពុង​ទទួលយក​វប្បធម៌​បរទេស​មក​អនុវត្ត ហើយ​លះបង់​វប្បធម៌​របស់ខ្លួន​។​

​វប្បធម៌​ទាំងឡាយ​បានបង្ហាញ​ពី​តម្លៃ​ជាតិខ្មែរ ប៉ុន្តែ​មាន​វប្បធម៌​ដ៏​ល្អ​មួយចំនួន បែរជា​ត្រូវ​បានកូន​ខ្មែរ​ខ្លួនឯង​បំភ្លេចចោល​ជា​បណ្ដើរៗ តាមរយៈ​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន​។ ជាក់ស្ដែង​ការសំពះ គឺជា​ឥរិយាបថ មួយ​ដ៏​មានតម្លៃ​របស់​ដូនតា​ខ្មែរ​លោក​បាន​បន្សល់ទុក ដែលជា​កាយវិការ​មួយ បង្ហាញ​ពី​ការចេះ​គោរព ឱនលំទោន ផ្ដល់​តម្លៃ ទន់ភ្លន់ ក្នុង​របៀប​ជា​ខ្មែរ ប៉ុន្តែ​កូន​ខ្មែរ​បច្ចុប្បន្ន​ហាក់ដូចជា​មិនសូវ​ឲ្យ​តម្លៃ ហើយ​ពេញនិយម​ការចាប់​ដៃ​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​ទៅវិញ​។​

​ការពិត​ណាស់ ការ​ចាប់ដៃ​បង្ហាញ​ពី​ការស្វាគមន៍ និង​លាគ្នា​មិនមែនជា​កំហុសឆ្គង​នោះឡើយ ហើយក៏​មិនមែនជា​រូបភាព​អាក្រក់​នោះដែរ​។ ប៉ុន្តែ​វា​មិនមែនជា​វប្បធម៌ និង​បង្ហាញ​ពី​តម្លៃ​ជាតិខ្មែរ​ឡើយ​។ តែ​ទោះជា​យ៉ាងណា ហេតុអ្វី​បានជា​កូន​ខ្មែរ​ចាំបាច់​រក្សា​វប្បធម៌​សំពះ​ធ្វើ​អ្វី​? ឬមួយ​ខ្មែរ​នៅ​សុញ្ញគំនិត​ព្រោះតែ​រឿង​បែបនេះ​មែន​ទេ​? សំណួរ​ទាំងនេះ គឺជា​សំណួរ​អសីលធម៌​មួយ​ចំពោះ​ជាតិខ្មែរ សំណួរ​អសីលធម៌​ចំពោះ​បុព្វបុរស​ខ្មែរ​។ ព្រោះថា បើ​ការសំពះ​គ្មាន​តម្លៃ ម្លេះ​ខ្មែរ​គ្រប់​សម័យកាល មិន​រក្សា​មក​នោះទេ​។

​ហេតុដូច្នេះ សម័យ​ប​ច​ច្ចុ​ប្បន្ន​កូន​ខ្មែរ ត្រូវតែ​ចេះ​រក្សា និង​អភិរក្ស​អ្វី​ដែលជា​វប្បធម៌​របស់​ខ្មែរ តម្លៃ​របស់​ខ្មែរ​។ មិនអាច​គិតតែ​ពី​ចម្លង​គេ ហើយ​អ្វី​ដែលជា​របស់ខ្លួន​ត្រូវបាន​បាត់បង់​ជា​បណ្ដើៗ​ឡើយ​។ កន្លងទៅ​មិនយូរ​ច្បាស់​ណាស់​កូន​ខ្មែរ ប្រហែលជា​លែង​ស្គាល់​អ្វី​ទៅជា​វប្បធម៌​ខ្មែរ​ទៀតហើយ​។


© រក្សាសិទ្ធិដោយ thmeythmey.com