ពីនេះ ពីនោះ
ក្មេងសម័យមុនឃើញចាស់ឱនលំទោន ក្មេងសម័យថ្មីជួបចាស់ពើងទ្រូងសម្ញែងឫទ្ធិ
× ភ្នំពេញ៖ បរិបទសម័យមុន មនុស្សគ្រប់យុវវ័យពេលជួបមនុស្សចាស់ ចាស់ព្រឹទ្ធាចារ្យ គ្រូ អាចារ្យ ព្រះសង្ឃ គេតែងតែបង្គំក្រាបថ្វាយបង្គំ ឱនលំទោន បង្ហាញពីការគោរព និងផ្ដល់តម្លៃចំពោះជនទាំងនោះ។ លំអាននៃទម្លាប់មួយនេះ ត្រូវបានគេប្រសិទ្ធនាមថាក្មេងខ្មែរ មានចរឹតទន់ភ្លន់តែរឹងមាំ។ ផ្ទុយពីសម័យមុន សម័យថ្មី កូនខ្មែរក្មេងក្ដី យុវជនក្ដី មួយចំនួន មិនចាំបាច់ដល់ទៅថ្វាយបង្គំ សូម្បីឱនលំទោនគោរពក៏មិនគោរពដែរ មានតែពើងទ្រូង សម្ញែងឫទ្ធិ។
យុវជនសម័យថ្មី កំពុងបង្ហាញពីកិត្យានុភាពរបស់ខ្លួន តាមរយៈចំណេះដឹងថ្មីៗនៅក្នុងសង្គមទំនើប និងសម័យបច្ចេកវិទ្យា។ ចំណេះដឹងយុវជនសម័យថ្មី បានវិវឌ្ឍនយ៉ាងល្អ គួរឲ្យកោតសរសើរ ដែលតម្លៃរបស់មនុស្សខ្មែរជំនាន់ក្រោយបានក្រោកឡើងជាបណ្ដើរៗសម្រាប់សង្គមមួយនេះ ដើម្បីថ្ងៃមុខសង្គមមួយនេះក្លាយជាសង្គមទំនើបមួយ។
ការរីកចម្រើន ផ្នែកចំណេះដឹងយុវជន គឺជារឿងគួរត្រេកអរ ប៉ុន្តែក៏មិនមែនជាឱកាសសម្រាប់យុវជនសម័យថ្មី នាំគ្នាពើងទ្រូងបង្ហាញភាពអស្ចារ្យ ទៅលើយុវចាស់ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យនោះដែរ។ ព្រោះទង្វើបែបនេះ វាបានប្រាស់ចាកពីក្រឹតក្រមវប្បធម៌ដ៏ល្អរបស់ខ្មែរ។ ធាតុពិតនៃសកម្មភាពរបស់យុវជនទាំងនេះ គឺសបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរ មួយចំនួន បានធ្លាក់ចុះផ្នែកសីលធម៌យ៉ាងខ្លាំង ព្រោះពេលខ្លះសម្បីតែមាតាបិតាខ្លួនក៏គេមិនគោរព ថែមទាំងជេរប្រមាថ និងវាយបន្លែមទៀត។
ប្រសិនបើ រូបភាពក្មេងសម័យថ្មីកើតឡើងបែបនេះ តើគួរបន្ទោសអ្នកណា? ត្រូវបន្ទោស សាលាបណ្ដុះបណ្ដាលធនធានមនុស្ស បន្ទោសប្រព័ន្ធអប់រំ បន្ទោសបរិស្ថានសង្គម បន្ទោសគ្រួសា ឪពុកម្ដាយអប់រំកូនមិនបានល្អ ឬត្រូវបន្ទោសយុវជនផ្ទាល់តែម្ដង?
ការពិត ទាំងនេះមិនមែនជាវេទិការដើម្បីរកខុសត្រូវ និងបន្ទោសគ្នានោះទេ ប៉ុន្តែអ្វីដែលសំខាន់ត្រូវគិតថា បរិបទថ្មីនៃសកម្មភាពរបស់យុវជន គឺជាទង្វើមួយដែលត្រូវតែកែ ត្រូវទាញមកវិញឲ្យពួកគេចេះគោរព និងឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនរបស់ពួកគេ។ ព្រោះថា មិនមែនខ្លួនមានចំណេះបន្តិចបន្តួច ស្គាល់សម័យវិទ្យាសាស្ត្រ ទទួលវប្បធម៌បស្ចឹមប្រទេស ទទួលឥទ្ធិពល វិទ្យាសាស្ត្រលោកសាកល បែរមកគិតថា ពូជខ្មែរខ្លួនឯងគ្មានតម្លៃ មនុស្សចាស់គ្មានតម្លៃ ព្រះសង្ឃមិនគួរគោរព ឪពុកម្ដាយមិនគួរប្រណិបតន៍នោះឡើយ។ ការគិតបែបនេះ ប្រហែលជារឿងខុសឆ្គងបំផុតនៅក្នុងគំនិតរបស់យុវជនសម័យថ្មី។
កន្លងទៅមានមតិខ្លះលើកឡើងថា យើងត្រូវគោរពតែបុគ្គលណាដែលគួរគោរពទៅបានហើយ។ ការគិតបែបនេះ មិនមែនជាគំនិតខុសឆ្គងនោះឡើយ ប៉ុន្តែ ត្រូវតែសម្គាល់ឲ្យបានច្បាស់ថា គ្រប់បុគ្គលទាំងអស់មិនមែនគ្រប់ទង្វើសុទ្ធតែអាក្រក់នោះឡើយ។ ហេតុនេះ បុគ្គលអាក្រក់យ៉ាងណា ក៏គង់តែមានតម្លៃដែលគួរយកគំរូតាមដូចគ្នា។ យ៉ាងណាមិញ មនុស្សចាស់ អាចថាលោកមិនសូវមានចំណេះដឹង មិនសូវយល់ពីសម័យទំនើបបែបវិទ្យាសាស្ត្រ ដូចយុវវ័យសម័យថ្មី ប៉ុន្តែលោកក៏ជាវត្តុដែលមានតម្លៃរស់ដូចគ្នា។
ហេតុនេះ ការពើងទ្រូងរបស់ក្មេងសម័យថ្មី ចំពោះមនុស្សចាស់ គឺជាឥរិយាបថមួយដែលត្រូវតែកែប្រែ ព្រោះគ្រប់យ៉ាងមិនបានធ្វើឲ្យយុវជនមានតម្លៃនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com