អន្តរជាតិ
ដូ​ណា​ល់ ត្រាំ​៖ ខ្ញុំ​ដឹង​ពី​នយោបាយ​ការបរទេស​ច្បាស់​ជាង បា​រ៉ា​ក់ អូ​បា​ម៉ា ឆ្ងាយ​ណាស់​
03, Aug 2016 , 9:19 pm        
រូបភាព
​ដោយ​ទ្រាំ​មិនបាន​ជាមួយ​ការរិះគន់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក ដូ​ណា​ល់​ត្រាំ បាន​ចេញមុខ​វាយប្រហារ​ដោយ​ពាក្យសម្តី​វិញ​ថា លោក អូ​បា​ម៉ា ប្រហែលជា​ប្រធានាធិបតី​ដែល​អាក្រក់​បំផុត​ម្នាក់​។ រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ​ក៏បាន​សរសើរ​ខ្លួនឯង​ផងដែរ​ថា លោក​មានចំណេះដឹង​ផ្នែក​នយោបាយ​ការបរទេស ច្រើនជាង​លោក អូ​បា​ម៉ា មាន​ផង​ក៏​មិនដឹង​។ លោក​ក៏​ចាប់ផ្តើម​ពន្យល់​ជា​ហូរហែរ​ពាក់ព័ន្ធ​អ្វីដែល​លើកឡើង​កន្លងមក​ជាពិសេស​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី និង​ដើម្បី​ឈានទៅ​សហការគ្នា​ដោះស្រាយ​បញ្ហា​រួមគ្នា​ផង​។ លោក​ក៏​ចោទសួរ​វិញ​ថា វា​មិនមែនជា​រឿង​ល្អ​ទេ​អី ដែល​យើង​សហការគ្នា​នោះ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នា​ថ្ងៃ​អង្គារ​ទី ២ ខែសីហា បានប្រកាស​ប្រាប់​គេឯង​ជាថ្មី​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក លី សៀន​ឡុង ថា បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ មិនមាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ដើម្បី​ធ្វើជា​ប្រធានាធិបតី​នោះឡើយ​។ លោក​បាន​បន្ត​លើកឡើង​បញ្ហា​ច្រើន​ជាពិសេស​ពាក់ព័ន្ធ​ចំណេះដឹង​របស់លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​នយោបាយ​ការបរទេស​តែម្តង​។​

​ប៉ុន្មាន​ម៉ោង ក្រោយ​បានលឺ​ការរិះគន់ លោក ដូ​ណា​ល់ ត្រាំ ទ្រាំ​មិនបាន​ចេញមុខ​វាយបក​តបសម្តី​រិះគន់​លោក អូ​បា​ម៉ា វិញ​ដែរ​។ បេក្ខជន​ម្នាក់នេះ​ប្រហែលជា​ខឹងសម្បារ​ខ្លាំង​នៅពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  ហែកកេរ្តិ៍​រឿងអាស្រូវ​របស់លោក​ផង បន្តុះបង្អាប់​លោក​ផង ហើយ​ឆ្លៀត​បញ្ចុះបញ្ចូល​ឲ្យ​បណ្តា​អ្នក​សាធារណរដ្ឋ​ដក​ការគាំទ្រ​ចំពោះ​រូបលោក​ផង នៅ​ចំពោះមុខ​មេដឹកនាំ​បរទេស​នោះ​។​

​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Fox News  រយៈពេល​ជិត ១៣ នាទី អ្នកសារព័ត៌មាន​ចាប់ផ្តើម​ដោយ​បង្ហាញ​ខ្សែ​វីដេអូ​ខ្លី​របស់លោក អូ​បា​ម៉ា ដែល​រិះគន់​លោក​នោះ ហើយ​សុំ​ប្រតិកម្ម​តប​ពី​លោក ដូ​ណា​ល់ ត្រាំ​ផ្ទាល់​។ សេដ្ឋី​អចលនទ្រព្យ​រូបនេះ​ចាប់ផ្តើម​ចម្អក​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា វិញ​ដោយ​ព្រលយ​ពាក្យ​ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពេល​ចុះ​ចេញពី​តំណែង​អាច​នឹង​ក្លាយជា​ប្រធានាធិបតី​ដែល​អាក្រក់​ផុត​លេខ​របស់​អាមេរិក​។ ហើយ​លោក​បាន​បន្ត​អួត​ពី​សមត្ថភាព​ខ្លួន​ក្នុងការ​កាន់កាប់​ការងារ​ធំៗ និង​ចំណេះដឹង​ផ្នែក​នយោបាយ​ការបរទេស​ផងដែរ ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា​សម្តី​លោក​អូ​បា​ម៉ា ដែលថា​លោក​មិនដឹង​អ្វី​សោះ​នោះ​ពិតជា​ខុស​ទាំងស្រុង​។

១.​ខ្ញុំ​ដឹង​ច្រើន​ជា​លោក អូ​បា​ម៉ា ផង​រឿង​នយោបាយ​ការបរទេស​
​បើតាម​ការលើកឡើង​ក្នុង​បទសម្ភាសន៍ លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​មានចំណេះដឹង​ផ្នែក​នយោបាយ​ការបទេស​ច្រើន​ជា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផង​។ បេក្ខជន​រូបនេះ​លើកឡើង​ចំៗ​តែម្តង​ពី​ចំណុចខ្សោយ​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​អឺរ៉ុប​ខាងកើត​ជាពិសេស​បញ្ហា​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់​បន្តិច​ដែរ​ថា មូលហេតុ​ដែល​គេ​ថា លោក​មិនសូវមាន​ចំណេះដឹង​ផ្នែក​ការបរទេស ព្រោះ​អ្វីដែល​លោក​លើកឡើង​ភាគច្រើន​ផ្ទុយស្រឡះ​ពី​អាមេរិក​កំពុង​ធ្វើ​បច្ចុប្បន្ន​ជាពិសេស​នយោបាយ​ការបរទេស​តែម្តង​។ សម្តី​របស់លោក​គ្រាប់​ម៉ាត់​ធ្វើ​ឲ្យ​គេ​ភ័យខ្លាច និង​បារម្ភ​ខ្លាំង​ពី​អនាគត​អាមេរិក​។ ជាក់ស្តែង ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ លោក ដូ​ណា​ល់​ត្រាំ ធ្លាប់​ព្រមាន​បោះបង់​ណា​តូ និង​ទារ​ថ្លៃ​ការពារ​ពី​សមាជិក​ណា​តូ​នៅ​អឺរ៉ុប​។ ស្តារ​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឬ ចែក​អំណាច​អាមេរិក​ជាមួយ​រុស្ស៊ី និង​ចិន ក៏​ជា​ចំណុច​មួយ​ដែល​លោក​ពិចារណា​ដែរ​។ ហើយ​លោក​ក៏​អះអាង​ផងដែរ​ថា ដើម្បី​ការពារ​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​របស់​អាមេរិក លោក​អាច​នឹង​លុបចោល ឬ​ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​ចំនួន​ពីរ​ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)  និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​អន្ត​រអា​ត្ល​ង់​ទិ​ក​ផង​នោះ​។​

​ត្រលប់​មកវិញ លោក ដូ​ណា​ល់ ត្រាំ និយាយថា​៖« ខ្ញុំ​ជឿជាក់ថា ខ្ញុំ​ដឹង​ច្រើនជាង​គាត់​ឆ្ងាយ​ណាស់​រឿង​នយោបាយ​ការបរទេស​នេះ​។ លោក អូ​បា​ម៉ា និយាយ​ដដែលៗ​ពី​អ៊ុយ​ក្រែ​ន​។ ឃើញ​ហើយ​តើ​ថា​តើ​លោក អូ​បា​ម៉ា រឹងត្អឹង​ប៉ុណ្ណា​លើ​បញ្ហា​នេះ ហើយ​រឹងត្អឹង​ប៉ុណ្ណា​ដែរ​ជាមួយ​រុស្ស៊ី​នោះ​។ ចុងក្រោយ​រុស្ស៊ី​ក្រសោប​យក​គ្រី​មៀ (Crimea) ទៅ​បាត់​។ ខ្ញុំ​ពិតជា​យល់ច្បាស់​ពី​បញ្ហា​នេះ »​។​

២. ដូ​ណា​ល់​ត្រាំ​៖ ជា​រឿង​អស្ចារ្យ ពេល​អាមេរិក​និង​រុស្ស៊ី​សហការគ្នា​ដោះស្រាយ​បញ្ហា​អន្តរជាតិ​
​បន្ទាប់ពី​អួតថា លោក​ខ្លាំង​ជាង​លោក អូ​បា​ម៉ា​ហើយ លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ពន្យល់​មនុស្ស​ទូទៅ​ផង​ថា អ្វីដែល​លោក​លើក​ពិតជា​ត្រឹមត្រូវ សម​ហេតុផល និង​មិនមែនជា​កំហុសឆ្គង​ឡើង​។ លោក​ទាញយក​រឿង​ស្តារ​ទំនាក់ទំនង​និង​សហការ​ជាមួយ​រុស្ស៊ី​បើសិនជា​លោក​ជាប់ឆ្នោត​នោះ​ជា​ឧទាហរណ៍​ដែរ​។​

​ក្នុង​បទសម្ភាសន៍​ដដែល បេក្ខជន​ប្រធានាធិបតី រូបនេះ​ពន្យល់ថា វា​ជា​រឿង​អស្ចារ្យ បើសិនជា​មហាអំណាច​ដូច​អាមេរិក​ទៅ​សហការ​ជាមួយ​រុស្ស៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​រួមគ្នា​។  លោក​ចោទសួរ​បែប​ចម្អក​ថា ៖« ប្រសិន​យើង​អាច​ត្រូវរ៉ូវ​ជាមួយ​រុស្ស៊ី និង​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ដោយ​សហការ​ជាមួយ​បក្សសម្ព័ន្ធ​ណា​តូ និង​ប្រទេស​ផ្សេងទៀត​នោះ វា​មិនមែនជា​រឿង​ល្អ​ទេ​អី​?​ចុះ គិត​ចង់វាយ​គ្នា​ឬ​យ៉ាងម៉េច​?»​។​

​ស្របពេល​ជាមួយគ្នា​នោះ លោក ដូ​ណា​ល់ ត្រាំ ក៏​ព្រមាន​ផងដែរ​ថា បើសិនជា​អាមេរិក​ចង់​អន្តរាគមន៍​ជួយ​អ៊ុយ​ក្រែ​ន និង​ដណ្តើមយក​ទឹកដី​គ្រី​មៀ​មកវិញ​នោះ សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង​មិន​ខាន​។​

​ប្រាកដ​ដូច​លោក ដូ​ណា​ល់ ត្រាំ លើកឡើង​អញ្ចឹង​។ វា​ពិតជា​ល្អ​នៅពេល​មហាអំណាច​សហកា​រ​គ្នា​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ពិភពលោក ជាពិសេស​កិច្ចការ​សន្តិសុខ​អន្តរជាតិ​តែម្តង​។ ប៉ុន្តែ​សួរថា តើ​អាមេរិក​មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​រុស្ស៊ី​កម្រិតណា​នោះ វា​ជា​រឿង​ដោយឡែក ហើយ​តើ​លោក​ដូ​ណា​ល់ ត្រាំ ពិតជា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នៅពេល​ខាងមុខ​នេះ​ក៏​គ្មាន​អ្នកណាម្នាក់​ដឹង​ច្បាស់​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com