សារព័ត៌មានជាច្រើន បានសរសេរថា លោក អះម៉ាត់ យ៉ះយ៉ា បានធ្វើការសុំទោសលោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធរឿងដែលលោកបាននិយាយថា គម្រោងធ្វើផ្លូវកាត់វិហារបឹងកក់ មានការរៀបចំដោយផ្ទាល់ពីលោក អូស្មាន ហាស្សាន់។ ការចុះផ្សាយរបស់សារព័ត៌មានទាំងនោះ ធ្វើឲ្យរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ានៅមិនសុខ ហើយនៅថ្ងៃទី៥ សីហាម្សិលមិញ លោកបានចេញមុខបកស្រាយការពារពាក្យសំដីរបស់លោកនាពេលកន្លងមក។
ពាក្យសុំទោសរបស់លោក អះម៉ាត់ យ៉ះយ៉ា ដែលប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២ សីហា ក្រោយពេលលោកចេញពីតុលាការ មិនដូចអ្វីដែលមនុស្សភាគច្រើនយល់ថា ទំនងជាពូសុំទោសក្មួយ ព្រោះតែការនិយាយមិនពិត ប៉ះពាល់ដល់កិតិ្តយសក្មួយ និងត្រូវក្មួយប្តឹងឡើងតុលាការនោះទេ។ តាមពិតវាមិនដូច្នោះទេ។ លោក អះម៉ាត់ យ៉ះយ៉ា ដែលត្រូវក្មួយខ្លួនឯងប្តឹងទារសំណង១លានដុល្លារ ពាក់ព័ន្ធរឿងការពារដីវិហារបឹងកក់នោះ បកស្រាយថា លោកនៅតែនិយាយថា ក្មួយរបស់លោក គឺលោក អូស្មាន ហាស្សាន់ ដែលគេស្គាល់ថា ជាឧកញ៉ាម្នាក់ដ៏មានឥទ្ធិពល និងជារដ្ឋលេខាធិការក្រសួងការងារផងនោះ ពិតជានៅពីក្រោយខ្នង គម្រោងបើកផ្លូវកាត់វិហារបឹងកក់ពិតមែន ហើយលោកក៏មានឯកសារបញ្ជាក់ត្រឹមត្រូវ។
នៅវិហារបឹងកក់ នៅរសៀលថ្ងៃទី៥ សីហាម្សិលមិញ លោក យ៉ះយ៉ា បាននិយាយយ៉ាងដូច្នេះថា៖« ខ្ញុំនិយាយរឿងពិតទាំងអស់...នៅក្នុងតុលាការខ្ញុំបាននិយាយថា បើខ្ញុំនិយាយទៅហើយ ប៉ះពាល់កិត្តិយសអូស្មាន ហាស្សាន់ ឲ្យខ្ញុំសុំទោស។ ដោយសារអ្វីដែលខ្ញុំនិយាយ (ប្រាប់អ្នកសារព័ត៌មានកន្លងមក) ជាការពិតទាំងអស់»។
អ្នកនយោបាយចាស់វស្សា លោក អះម៉ាត់ យ៉ះយ៉ា បន្តការពាររាល់ពាក្យសំដីដែលខ្លួនបាននិយាយរឿងធ្វើផ្លូវកាត់វិហារកាល់សើកាល់ ឫវិហារបឹងកក់នោះថា លោកមានឯកសារយោងត្រឹមត្រូវ ដើម្បីបញ្ជាក់ថា លោក ហាស្សាន់ និងសហការីពិតជាអ្នកផ្តើមលើគម្រោងធ្វើផ្លូវពិតប្រាកដមែន។ «...រឿងពិត ខ្ញុំមានកំហុសអី...»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ះយ៉ា។
សំណុំរឿងប្តឹងផ្តល់គ្នា រវាងអ្នកនយោបាយក្នុងគណបក្សតែមួយ បានចាប់ផ្តើមកាលពីចុងខែមេសាកន្លងទៅ។ លោក អូស្មាន ហាស្សាន់ បានប្តឹងពូរបស់ខ្លួនគឺលោក អះម៉ាត់ យ៉ះយ៉ា ពីបទបរិហាកេរ្តិ៍ជាសាធារណ ជុំវិញដែលលោក អះម៉ាត់ យ៉ះយ៉ា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដែលថា លោក ហាស្សាន់ ទទួលបានផលប្រយោជន៍លើគម្រោងបើកផ្លូវកាត់ដីវិហារបឹងកក់ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់។
បញ្ហានេះដែរ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា គម្រោងខាងលើជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងបំណងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ លោកបញ្ជាក់ថា គម្រោងនេះមានការឯកភាពពីម្ចាស់ក្បាលដីរួចហើយដែរ គឺលោក អូស្មាន ហាស្សាន់ និងមួយទៀតគឺលោក វ៉ាន់ ម៉ាត់ សមាជិកព្រឹទ្ធសភា ដោយមានការដោះដូរដីត្រឹមត្រូវ គ្មានភាគីខាងណាខាតបង់នោះឡើយ។
ដីវិហារបឹងកក់ ដែលចាត់ទុកជាដីសមូហភាព ត្រូវបានបែងចែកជាប្លង់ពីរផ្សេងគ្នា។ ប្លង់ទីមួយគ្រប់គ្រងដោយលោក វ៉ាន់ ម៉ាត់ និងមួយចំណែកទៀត គ្រប់គ្រងដោយ លោក អូស្មាន ហាស្សាន់។ កន្លងមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសាទរចំពោះគម្រោងផ្គុំប្លង់នេះតែមួយ។ សាសនិកឥស្លាមមួយចំនួន ចង់ឲ្យដាក់ប្លង់នេះជាកម្មសិទ្ធិរបស់សហគមន៍ឥស្លាម ចៀសវាងឲ្យបុគ្គលគ្រប់គ្រង។
យោងតាមផែនទីគ្រោងធ្វើផ្លូវកាត់តាមវិហារបឹងកក់ បានបង្ហាញថា ផ្លូវដែលគ្រោងធ្វើនោះមានចំងាយប្រមាណ ៤០ម៉ែត្រ ពីកាំជណ្តើរវិហារ។ ការណ៍នេះហើយ ដែលសាសនិកឥស្លាមមួយចំនួន បានតវ៉ា ជំទាស់លើគម្រោងនេះ ដោយពួកគេអះអាងថា នឹងបង្កភាពអនាធិបតេយ្យក្នុងបរិវេណទីសក្ការរបស់សាសនិកឥស្លាម។ ចំណែកភាគីគាំទ្រ លើកហេតុផលថា គម្រោងនេះនឹងជួយអភិវឌ្ឍន៍ដល់សហគមន៍ឥស្លាម តាមរយៈការដោះដូរដីជាមួយរដ្ឋាភិបាល ហើយគេអាចប្រើប្រាស់ដីនោះ ដើម្បីសង់សាលារៀន ឫមន្ទីរពេទ្យជាដើម។ល។
ក្រោយពីស្ងប់ស្ងាត់មួយរយៈ គម្រោងនេះមិនទាន់អាចដំណើរការនៅឡើយ ខណៈដែលលោក អះម៉ាត់ យ៉ះយ៉ា ធ្លាប់ប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកបានជួបអភិបាលរាជធានីភ្នំពេញ ហើយលោកបាននិយាយថា គម្រោងនេះមិនទាន់ច្បាស់លាស់នៅឡើយ៕