ភ្នំពេញ៖ លោក ជេហ្វ ស៊ុម (Jeff Shum) ដែលជាជនជាតិអាមេរិក បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងនិយាយភាសាខ្មែរ។ កម្មវិធី ដែលមានឈ្មោះថា «ការប្រកួតភាសាខ្មែរ សម្រាប់ជនបរទេស» ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា (PUC) នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ជេហ្វ បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតនិយាយភាសាខ្មែរ។ លោក ជេហ្វ អរគុណ និងស្ញប់ស្ញែង ចំពោះសាកលវិទ្យាបញ្ញាសាស្ត្រនៃកម្ពុជា រួមទាំងដៃគូពាក់ព័ន្ធផ្សេងៗទៀត ដែលបានរៀបចំកម្មវិនីនេះឡើង ដើម្បីផ្តល់ឱកាសដល់ជនបរទេសគ្រប់រូប ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចចូលរួមប្រកួតប្រជែងពីសមត្ថភាពរបស់ខ្លួនក្នុងការប្រើប្រាស់ភាសាខ្មែរ។ លោក បញ្ជាក់ពីអារម្មណ៍របស់ខ្លួន ជាមួយនឹងទឹកមុខញញឹមដូច្នេះថា៖«ខ្ញុំសប្បាយមែនទែន ពិតជាសប្បាយ ដែលបានប្រឡងជាប់លេខ១»។
ប៉ុន្តែ អ្វីដែលគួរឲ្យចម្លែក និងភ្ញាក់ផ្អើលនោះ គឺថា លោក ជេហ្វ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២ឆ្នាំមកហើយនោះ មិនអាចសរសេរ និងអានភាសាខ្មែរបានឡើយ។ ជនជាតិអាមេរិករូបនេះ បានអះអាងថា មូលហេតុដែលលោក អាចនិយាយភាសាខ្មែរបានលឿន និងច្បាស់លាស់ គឺដោយសារតែលោក បានរស់នៅក្នុងក្រុមគ្រួសារ ដែលជាជនជាតិខ្មែរ នៅខេត្តសៀមរាប អស់រយៈពេលជាង២ឆ្នាំ ក្នុងអំឡុងពេល ដែលលោកកំពុងបំពេញបេសកកម្មផ្ទាល់ខ្លួន។
ការរស់នៅជាមួយជនជាតិខ្មែរនេះហើយ ដែលធ្វើឲ្យបេក្ខជនជាប់ចំណាត់ថ្នាក់លេខ១រូបនេះ អាចមានឱកាសបានរៀនភាសាខ្មែរ ស្ទើរគ្រប់ពេលវេលា។ ហេតុដូច្នេះ ទើបលោក ជេហ្វ ជ្រើសរើសយកប្រធានបទ «ការរស់នៅជាមួយគ្រួសារខ្មែរ» ទៅប្រកួតប្រជែងនៅថ្ងៃនេះ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចា្យផ្នែកខេមរវិទ្យានិងប្រវត្តិសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា និងជាសមាជិក១រូប ក្នុងចំណោមសមាជិកនៃគណៈកម្មការវាយតម្លៃទាំង៧រូប បានលើកឡើងថា លោក ជេហ្វ គឺជាបេក្ខជន ដែលនិយាយភាសាខ្មែរបានច្បាស់។ លោក សំបូរ មាណ្ណារ៉ា បានបន្ថែមទៀតថា ក្រៅពីការប្រើប្រាស់ភាសាខ្មែរបានល្អ លោក ជេហ្វ ក៏បានបង្ហាញពីទស្សនៈដ៏ត្រឹមត្រូវក្នុងការរៀនភាសាខ្មែរ តាមរយៈការរស់នៅនិងប្រាស្រ័យទាក់ទងជាមួយជនជាតិខ្មែរដោយផ្ទាល់។ លក្ខណពិសេសមួយទៀត ដែលោកសាស្ត្រាចារ្យរូបនេះ សរសើរនោះ គឺដោយសារតែ លោក ជេហ្វ មានភាពវ័យឆ្លាតក្នុងការឆ្លើយសំនួររបស់គណៈកម្មការ។
ចំណែកឯ ចំណាត់ថ្នាក់លេខ២ បានទៅលើលោកស្រី កាសូមី ណាកាហ្គាវ៉ា (Kasumi Nakagava) ដែលជាជនជាតិជប៉ុន ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើលោក កាប៊ីសាដា ម៉ាក (Cabisada Mark) ដែលជាជនជាតិហ្វីលីពីន។ ការប្រកួននេះ មានបេក្ខនារីចំនួន២រូប និងបេក្ខជនចំនួន៤រូប។ ជនជាតិបរទេសទាំងនោះគឺ ជនជាតិអាមេរិក, ជនជាតិហ្វីលីពីន, ជនជាតិឥណ្ឌូនេស៊ី, ជនជាតិបារាំង និងស្ត្រីជាជនជាតិជប៉ុន២រូប។
កម្មវិធីនេះ នឹងត្រូវរៀបចំឡើង នៅឆ្នាំក្រោយ ជាបន្តបន្ទាប់ទៀត។ គោលបំណងក្នុងការរៀបចំកម្មវិធីនេះ គឺដើម្បីពង្រឹងនិងផ្សព្វផ្សាយ ភាសាខ្មែរ ឲ្យកាន់តែទំលំទូលាយ។ ម្យ៉ាងទៀត ជនជាតិបរទេសដែលស្រឡាញ់ភាសាខ្មែរ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានលើកទឹកចិត្តផងដែរ តាមរយៈការផ្តល់ឱកាសដល់ពួកគេ ឲ្យបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ។ លើសពីនេះទៀត កម្មវិធីនេះ ក៏បានដាស់សតិសម្បជញ្ញៈ របស់និស្សិតនិងយុវជនកម្ពុជាគ្រប់រូប ឲ្យយល់ពីតម្លៃនៃភាសានិងវប្បធម៌របស់ខ្លួន ហើយចូលរួមអភិវឌ្ឍនិងរក្សាទាំងអស់គ្នា ដោយមិនត្រូវភ្លើតភ្លើន ឬឈ្លក់វង្វេង នឹងវប្បធម៌បរទេសពេកនោះទេ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា បានរៀបចំកម្មវិធី «ប្រកួតភាសាខ្មែរ សម្រាប់ជនបរទេស» ដោយមានអ្នកចូលរួមប្រមាណជិត១០០០នាក់ ដោយក្នុងនោះ មានទាំងនិស្សិតពីសាកលវិទ្យាល័យផ្សេងៗ និងតំណាងក្រសួងនានា ព្រមទាំងភ្ញៀវអន្តរជាតិមួយចំនួនទៀតផងដែរ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាលើកដំបូង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥៕