ជាតិ
សង្គមជាតិ
​ជនជាតិ​អាមេរិក ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រ​កួតនិយាយ​ភាសា​ខ្មែរ​
06, Aug 2016 , 9:08 pm        
រូបភាព
​ភ្នំពេញ​៖ លោក ជេ​ហ្វ ស៊ុម (Jeff Shum) ដែលជា​ជនជាតិ​អាមេរិក បានទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រឡង​និយាយ​ភាសា​ខ្មែរ​។ កម្មវិធី ដែលមាន​ឈ្មោះថា «​ការ​ប្រ​កួត​ភាសា​ខ្មែរ សម្រាប់​ជនបរទេស​» ត្រូវបាន​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា (PUC) នា​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦​នេះ​។


​លោក ជេ​ហ្វ បាន​សម្តែង​ក្តីរំភើប​យ៉ាងខ្លាំង ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រ​កួត​និយាយ​ភាសា​ខ្មែរ​។ លោក ជេ​ហ្វ អរគុណ និង​ស្ញប់ស្ញែង ចំពោះ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បានរៀបចំ​កម្ម​វិ​នី​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស​ដល់​ជនបរទេស​គ្រប់រូប ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា អាច​ចូលរួម​ប្រកួតប្រជែង​ពី​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​។ លោក បញ្ជាក់​ពី​អារម្មណ៍​របស់ខ្លួន ជាមួយនឹង​ទឹកមុខ​ញញឹម​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយ​មែនទែន ពិតជា​សប្បាយ ដែល​បាន​ប្រឡង​ជាប់​លេខ​១»​។ 
 
​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចម្លែក និង​ភ្ញាក់ផ្អើល​នោះ គឺថា លោក ជេ​ហ្វ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​នោះ មិនអាច​សរសេរ និង​អាន​ភាសា​ខ្មែរ​បានឡើយ​។ ជនជាតិ​អាមេ​រិ​ក​រូបនេះ បាន​អះអាងថា មូលហេតុ​ដែល​លោក អាច​និយាយ​ភាសា​ខ្មែរ​បាន​លឿន និង​ច្បាស់លាស់ គឺ​ដោយសារតែ​លោក បានរស់នៅ​ក្នុង​ក្រុមគ្រួសារ ដែលជា​ជនជាតិខ្មែរ នៅ​ខេត្តសៀមរាប អស់​រយៈពេល​ជាង​២​ឆ្នាំ ក្នុងអំឡុងពេល ដែល​លោក​កំពុង​បំពេញបេសកកម្ម​ផ្ទាល់ខ្លួន​។​
 
​ការរស់នៅ​ជាមួយ​ជនជាតិខ្មែរ​នេះហើយ ដែល​ធ្វើ​ឲ្យ​បេក្ខជន​ជាប់​ចំណាត់ថ្នាក់​លេខ​១​រូបនេះ  អាចមាន​ឱកាស​បាន​រៀន​ភាសា​ខ្មែរ ស្ទើរ​គ្រប់ពេលវេលា​។ ហេតុដូច្នេះ  ទើប​លោក ជេ​ហ្វ ជ្រើស​រើសយក​ប្រធានបទ «​ការរស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ​» ទៅ​ប្រកួតប្រជែង​នៅថ្ងៃនេះ​។​
 
​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រា​ចា្យ​ផ្នែក​ខេ​មរ​វិទ្យា​និង​ប្រវត្តិសាស្ត្រ​ខ្មែរ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា និង​ជា​សមាជិក​១​រូប ក្នុងចំណោម​សមាជិក​នៃ​គណៈកម្មការ​វាយតម្លៃ​ទាំង​៧​រូប បាន​លើកឡើងថា លោក ជេ​ហ្វ គឺជា​បេក្ខជន ដែល​និយាយ​ភាសា​ខ្មែរ​បាន​ច្បាស់​។ លោក សំបូរ មា​ណ្ណា​រ៉ា បាន​បន្ថែមទៀតថា ក្រៅពី​ការប្រើប្រាស់​ភាសា​ខ្មែរ​បានល្អ លោក ជេ​ហ្វ ក៏បាន​បង្ហាញ​ពី​ទស្សនៈ​ដ៏​ត្រឹមត្រូវ​ក្នុងការ​រៀន​ភាសា​ខ្មែរ តាមរយៈ​ការរស់នៅ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិខ្មែរ​ដោយផ្ទាល់​។ លក្ខណពិសេស​មួយទៀត ដែ​លោក​សាស្ត្រាចារ្យ​រូបនេះ សរសើរ​នោះ គឺ​ដោយសារតែ លោក ជេ​ហ្វ មាន​ភាព​វ័យឆ្លាត​ក្នុងការ​ឆ្លើយ​សំនួរ​របស់​គណៈកម្មកា​រ​។ 
 
​ចំណែកឯ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​លោកស្រី កា​សូ​មី ណា​កា​ហ្គា​វ៉ា (Kasumi Nakagava) ដែលជា​ជនជាតិ​ជប៉ុន ហើយ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​លោក កាប៊ី​សា​ដា ម៉ាក (Cabisada Mark) ដែលជា​ជនជាតិ​ហ្វីលីពីន​។ ការ​ប្រ​កួន​នេះ មាន​បេ​ក្ខ​នារី​ចំនួន​២​រូប និង​បេក្ខជន​ចំនួន​៤​រូប​។ ជនជាតិ​បរទេស​ទាំងនោះ​គឺ ជនជាតិ​អាមេរិក​, ជនជាតិ​ហ្វីលីពីន​, ជនជាតិ​ឥណ្ឌូនេស៊ី​, ជនជាតិ​បារាំង និង​ស្ត្រី​ជា​ជនជាតិ​ជប៉ុន​២​រូប​។​
 
​កម្មវិធី​នេះ នឹងត្រូវ​រៀបចំឡើង នៅ​ឆ្នាំក្រោយ ជា​បន្តបន្ទាប់​ទៀត​។ គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ពង្រឹង​និង​ផ្សព្វផ្សាយ ភាសា​ខ្មែរ ឲ្យ​កាន់តែ​ទំ​លំ​ទូលាយ​។ ម្យ៉ាងទៀត ជន​ជា​តិ​បរទេស​ដែល​ស្រឡាញ់​ភាសា​ខ្មែរ និង​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ក៏​ត្រូវបាន​លើកទឹកចិត្ត​ផងដែរ តាមរយៈ​ការផ្តល់​ឱកាស​ដល់​ពួកគេ ឲ្យ​បាន​ចូលរួម​ប្រ​កួត​ប្រ​ជែង​ក្នុង​កម្មវិធី​នេះ​។ លើសពីនេះ​ទៀត កម្មវិធី​នេះ ក៏បាន​ដាស់សតិ​សម្បជញ្ញៈ របស់​និស្សិត​និង​យុវជនកម្ពុជា​គ្រប់រូប ឲ្យ​យល់​ពី​តម្លៃ​នៃ​ភាសា​និង​វប្បធម៌​របស់ខ្លួន ហើយ​ចូលរួម​អភិវឌ្ឍ​និង​រក្សា​ទាំងអស់គ្នា ដោយ​មិនត្រូវ​ភ្លើតភ្លើន ឬ​ឈ្លក់​វង្វេង នឹង​វប្បធម៌​បរទេស​ពេក​នោះទេ​។  
 
​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា បានរៀបចំ​កម្មវិធី «​ប្រ​កួត​ភាសា​ខ្មែរ សម្រាប់​ជនបរទេស​» ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត​១០០០​នាក់ ដោយ​ក្នុងនោះ មាន​ទាំង​និស្សិត​ពី​សាកលវិទ្យាល័យ​ផ្សេងៗ និង​តំណាង​ក្រសួង​នានា ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​មួយចំនួនទៀត​ផងដែរ​។ កម្មវិធី​នេះ ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com