អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាមតិ​ថៃ ចាប់ផ្តើម ខណៈ​លទ្ធផល​មិន​ផ្លូវការ នឹង​ប្រកាស​នៅមុន​ម៉ោង​៩​យប់​នេះ​
07, Aug 2016 , 11:13 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា ចូលរួមបោះឆ្នោតនៅព្រឹកនេះ (ប្រភពរូបភាព Reuters)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា ចូលរួមបោះឆ្នោតនៅព្រឹកនេះ (ប្រភពរូបភាព Reuters)
ដោយ:
 
​ដូច​ការរំពឹងទុក នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃអាទិត្យ​នេះ ពលរដ្ឋ​ថៃ បានចាប់ផ្តើម​ទៅ​បោះឆ្នោត​ប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ហើយ​។ ការបោះឆ្នោត​នេះ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង ៤ រសៀល​ថ្ងៃនេះ​ផងដែរ​។ នេះ គឺជា​ការបោះឆ្នោត​ប្រជាមតិ​លើកដំបូង​ហើយ​នៅក្នុង​របប​ដឹកនាំ​របស់​រដ្ឋាភិបាល​សឹក​ថៃ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​។


​បើ​យោងតាម​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការរៀប​ចំការ​បោះឆ្នោត​ថៃ​ដែល​បាន​រាយការណ៍​ដោយ​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លទ្ធផល​មិន​ផ្លូវការ​នៃ​ការធ្វើប្រជាមតិ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ នឹងត្រូវ​ប្រកាស​នៅមុន​ម៉ោង​៩ យប់​នេះហើយ​។ 
 
​សូម​សម្រាប​ផងដែរ​ថា ប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ មិនមាន​ចំណុច​ច្រើន​អ្វី​នោះទេ ពោលគឺ ប្រជាពលរដ្ឋ នឹង​ចូល​បោះឆ្នោត ថា​តើ​គួរ​«​គាំទ្រ​» ឬ «​ប្រឆាំង​» ទៅលើ​សំណួរ​ពីរ​ស្តីពី​សេចក្តីព្រាង​នោះ​ប៉ុណ្ណោះ​។ សំណួរ​ទី​១​នោះ​គឺ «​តើ​ពួកគេ​ទទួលយក​ឬ​អត់​ចំពោះ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​?»​។ សំណួរ​ទី​២​នោះ​គឺ «​ពួកគេ នឹង​អនុញ្ញាត​ឲ្យ​សមាជិកសភា​ព្រឹទ្ធសភា​ដែល​កើតចេញពី​ការតែងតាំង​២៥០​រូប​អាច​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​សម្រាប់​រយៈពេល​៥​ឆ្នាំ​ដំបូង ក្រោយពេល​សេចក្តីព្រាង​នោះ ត្រូវបាន​អនុម័ត និង​ចូល​ជា​ធរមាន​ជា​ផ្លូវការ​ឬ​អត់​?»
 
​បើ​សេចក្តីព្រាងច្បាប់​លើក​ទី​២​នេះ អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន នោះ​សេចក្តីព្រាង​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​ក្នុង​អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៨៤​ឆ្នាំ​។ ថៃ ចាប់ផ្តើម​មាន​រដ្ឋធម្មនុញ្ញ​ដំបូង​នៅក្នុង​ឆ្នាំ​១៩៣២ បន្ទាប់ពី យោធា បាន​ផ្លាស់ប្តូរ​របប​នយោបាយ​រាជានិយម​ផ្តាច់ការ​មកកាន់​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​៕ 

Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com