ជាតិ
លោក ថោង ខុន សន្យា​ជួយ​សហគមន៍​ជ្រាវ​ឲ្យ​ក្លាយជា​សហគមន៍​ទេសចរណ៍​ស្តង់ដា​
08, Aug 2016 , 2:06 pm        
រូបភាព
​សៀមរាប​៖ សហគមន៍​បឹង​ធម្មជាតិ​ពារាំង ត្រូវបាន​ការពារ និង​គ្រប់គ្រង​ដោយ​ពលរដ្ឋ​ក្នុង​សហគមន៍​ជ្រាវ​។ វត្តមាន​សត្វ​ស្លាប​ជាច្រើន​រយ​ក្បាល បានធ្វើ​ឲ្យ​តំបន់​បឹង​ធម្មជាតិ​មួយ​នេះ ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​នៅក្នុង​ខេត្តសៀមរាប​។ ក្រៅពីនេះ សហគមន៍​ជ្រាវ​ដែលមាន​សមាជិក​ចូលរួម​ចំនួន ៥៧​នាក់ បានរៀបចំ​ដាំ​ដំណាំ​តាមបែប​ធម្មជាតិ​ផងដែរ​។ យ៉ាងណា អ្វីដែល​ដែល​លំបាក​សម្រាប់​តំបន់​នេះ គឺ​ពុំទាន់​មាន​ប្រព័ន្ធ​ផ្លូវថ្នល់​ល្អ​នៅឡើយ ហើយ​វា​កាន់តែ​ពិបាក​ក្នុង​រដូវវស្សា​នេះ ដែល​ភ្ញៀវទេសចរ​ប៉ង​ទៅ​កម្សាន្ត​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​សហគមន៍ ហើយ​លោក​សន្យា ជួយ​រៀបចំ និង​កែប្រែ​សហគមន៍​នេះ ឲ្យ​ត្រូវ​ខ្នាត និង​មាន​ស្តង់ដា​ជា​សហគមន៍​ទេសចរណ៍​។​



​សត្វ​ស្លាប​ខ្ទង់​ម៉ឺន​ក្បាល ដែល​ទំនង​ចេញពី​តំបន់​ព្រែក​ទាល់ បានបង្ហាញ​វត្តមាន​ក្នុង​បឹង​ធម្មជាតិ​ពារាំង​។ ដើម្បី​ការពារ និង​ថែរក្សា​សត្វ​ស្លាប​ទាំងនោះ កុំ​ឲ្យ​ហើរ​ចេញពី​បឹង​ពារាំង អ្នកភូមិ​ក្នុង​សហគមន៍​ជ្រាវ​បាន​ប្រឹង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​នោះ​។ ត្រី​គឺជា​ប្រភព​ចំណី​ដ៏​សំខាន់ សម្រាប់​សត្វ​ស្លាប​តូចធំ​ទាំ​ង​នោះ​។ សួន​បន្លែ​បៃតង ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត​នៅ​សហគមន៍​ជ្រាវ​ផងដែរ​។​

​ក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​សក្កា​នុព​ល​ទេសចរណ៍​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​កោតសរសើរ​ចំពោះ​ការពារ​អភិរក្ស​សត្វ​ស្លាប​របស់​សហគមន៍​ជ្រាវ​។ លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត និង​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា រក្សា​ឲ្យ​បាន​នូវ​ជម្រក​សត្វ​ស្លាប​ដ៏​កម្រ​មួយ​នេះ ព្រោះថា វា​ជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់​សម្រាប់​បង្កើន​ជីវភាព​របស់​សហគម​ន៍​។​

​នៅ​រសៀល​ថ្ងៃទី​៦ សីហា ក្រៅពី​បាន​ចុះទៅ​មើល​សហគមន៍​មេ​ជ្រៃ​ហើយ​នោះ លោក ថោង ខុន ក៏បាន​ចុះ​ទៅដល់​សហគមន៍​ជ្រាវ​ផងដែរ​។ លោក ថោង ខុន ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង ថែរក្សា​ប្រភព​ចំណី​សត្វ​ស្លាប​ទាំងនោះ​អោយបាន​ល្អ ព្រោះថា បើ​គ្មាន​ត្រី​ក៏​គ្មាន​សត្វ​ស្លាប​ទាំង​នោះដែរ​។​

«...​សត្វ​វា​មក​ទាល់​តែមាន​ត្រី មាន​ត្រី​បាន​វា​មក​បាន ច្បាស់​ណាស់​អានេះ​គឺថា អត់​ត្រី​អត់​សត្វ​ទេ​។ ចឹ​ង​បងប្អូន​នៅទីនេះ គាត់​ឃើញ​សត្វ​មក​គាត់​ខំ​ថែ ថែ​ណាស់​។ ថែ​យ៉ាង​ម៉េច ទីមួយ​គាត់​មិន​ឲ្យ​អ្នកណា​ទៅ​ប៉ះពាល់​សត្វ ទី​ពីរ​មិន​ដណ្តើម​ត្រី​សត្វ​ស៊ី​ទេ​...​សុខចិត្ត​ស៊ី​ត្រី​កញ្ចុះ ទុក​ត្រី​ឆ្ងាញ់​ឲ្យ​លោក​សត្វ​ស៊ី​ទៅ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​សន្យាថា នឹង​ជួយ​រៀបចំ​សហគមន៍​ជ្រាវ​ឲ្យ​ក្លាយជា​សហគមន៍​ទេសចរណ៍​មួយ​ស្របទៅតាម​ស្តង់ដា ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល ក៏ដូចជា​អាស៊ាន​។ លោក ថោង ខុន បញ្ជាក់ថា ការបង្កើត​សហគមន៍​ទេសចរណ៍​មួយៗ មិនមែន​ចេះតែ​បង្កើត​នោះទេ ហើយ​លោក​ថា​ក្រសួង​របស់លោក​មាន​តួនាទី​សំខាន់ ក្នុង​នាំ​ភ្ញៀវទេសចរ​ឲ្យ​ទៅ​ស្គាល់​តំបន់​សហគមន៍​ទាំងនោះ​ផងដែរ​។ លោក​បន្ថែមថា​៖« នៅពេល​សហគមន៍​ទេសចរណ៍​មាន​ស្តង់ដា​ត្រឹមត្រូវ គឺ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​យ៉ាង​មុត​ចត់ និង​ពលរដ្ឋ​នឹង​បាន​ចំណូល​ពី​វិស័យនេះ​...»​។​

​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​អាចបង្កើត​សហគមន៍​ទេសចរណ៍ និង​ទៅតាម​ស្តង់ដារ​ទៅបាន លោក ថោង ខុន ថា​ត្រូវមាន​ក្រសួងសាមី​ចំនួន​៥​ចូលរួម ក្នុងនោះ​មាន​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងទេសចរណ៍ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា ការរៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់ ជា​រឿង​មួយ​សំខាន់​៕


Tag:
 ថោង ខុន​
  សហគមន៍​ជ្រាវ
© រក្សាសិទ្ធិដោយ thmeythmey.com