កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ត្រឡប់មក Man Utd វិញ​ជា​ផ្លូវការ​ហើយ​
09, Aug 2016 , 11:16 am        
រូបភាព
 
​ទីបំផុត​ខ្សែបម្រើ​កណ្តាល​អន្តរជាតិ​បារាំង Paul Pogba បាន​ផ្ទេ​រពី Juventus ត្រឡប់​មកកាន់​ទឹកដី Old Trafford វិញ​ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក ៨៩​លាន​ផោន ប្រហែល​ជិត​១១៦​លាន​ដុល្លារ​អាមេរិក​។​


 
​បន្ទាប់ពី​ចាកចេញ​ពី​បិសាច​ក្រហម Manchester United ទៅ​ចូល​រួមជាមួយ​ក្លិប​នៅ​អ៊ីតាលី​សេះបង្កង់ Juventus កាលពី​ឆ្នាំ​២០១២​នោះ ទីបំផុត Pogba បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​ចាស់​វិញ​ហើយដោយ​ចុះ​កុងត្រា​នៅ​ទឹកដី Old Trafford រយៈពេល​៥​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី លោក Jose Mourinho ។​
 
​សម្រាប់​ការផ្ទេ​រដ៏​ថ្លៃ​នេះ​មានន័យថា Pogba បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​វេ​លស៍ Gareth Bale ដែល Real Madrid បាន​ទិញ​ពី​ក្លិប Spurs ក្នុងតម្លៃ​ថ្លៃ​ជាងគេ​លើ​លោក ៨៥​លាន​ផោន​កាលពី​ឆ្នាំ​២០១៣​។​
 
​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​ដែល​ជួយ​ឲ្យ Juventus លើក​ពាន Serie A បួន​រដូវ​កាល​ជាប់​គ្នា និង​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រិ​ត្តិ​ការណ៍ UEFA Euro 2016 កន្លងមក​បាន​និយាយថា​៖ «​នេះ​ជា​ក្លិប​ដែល​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ ដើម្បី​សម្រេចបាន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ស​ង្ឃឹម​»​។

 
​សូមបញ្ជាក់ថា Paul Pogba គី​ជា​កីឡា​ករទី​៤​ហើយ ដែល​លោក Jose Mourinho នាំយកមក​ក្នុង​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ទិញ​បាន​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​អា​មេ​នី Henrikh Mkhitaryan ពី​ក្រុម Dortmund,  អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ ស៊ុយអែត Zlatan Ibrahimovic ដែល​បញ្ចប់​កិច្ចសន្យា​នៅ PSG និង​ខ្សែការពារ​អន្តរជាតិ​កូ​ឌី​វ័រ Eric Bailly ពី​ក្លិប Villarreal៕  

Tag:
 ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com