ជាតិ
បទវិភាគ
សង្គមជាតិ
ពលរដ្ឋ​វ័យក្មេង និង​មាគ៌ា​ឆ្ពោះទៅ​ឆ្នាំ ២០៣០
12, Aug 2016 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.)​នៅ​កម្ពុជា ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​នៅ​ថ្ងៃទី ១២ ខែ សីហា ដោយ​ទទួលស្គាល់​តួនាទី​ស្នូល​របស់​ពលរដ្ឋ​វ័យក្មេង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ប្រធានបទ​សម្រាប់​ឆ្នាំនេះ “​មាគ៌ា​ឆ្ពោះទៅ​ឆ្នាំ ២០៣០៖ ការលុបបំបាត់​ភាពក្រីក្រ និង​ការផលិត​និង​ប្រើប្រាស់​ដោយ​ចីរភាព​” អំពាវនាវ​ដល់​អ្នកធ្វើ​សេចក្តីសម្រេច​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដែល​រួមទាំង​កម្ពុជា​ផងដែរ ឲ្យ​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​ស្វែងរក និង​គាំទ្រ​ការចូលរួម​យ៉ាង​មាន​អត្ថន័យ​របស់​ពលរដ្ឋ​វ័យក្មេង នៅក្នុង​ការធ្វើ​សេចក្តីសម្រេច និង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

 
​ទិវា​យុវជន​អន្តរជាតិ​នៅ​កម្ពុជា គឺជា​ទិវា​មួយ​ដែល​ផ្តោតលើ​ទស្សនៈ និង​កិច្ច​ផ្តួចផ្តើម​របស់​ពលរដ្ឋ​វ័យក្មេង​។ ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ទទួលស្គាល់​សារៈសំខាន់​នៃ​កិច្ចប្រឹងប្រែង កិច្ចសហការ និង​ការចូលរួម​របស់​យុវជន នៅក្នុង​ការអភិវឌ្ឍ និង​ការលុបបំបាត់​ភាពក្រីក្រ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សង្គម​ស៊ីវិល អ​.​ស​.​ប​.​នៅ​កម្ពុជា បានធ្វើការ​លើ​ប្រធានបទ​សកល​នានា ដូចជា “​ការចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​ស៊ីវិល​” “​យុវជន និង​សុខភាព​ប្រាជ្ញា​ស្មារតី​” និង “​យុវជន និង​ចំណាកស្រុក​”​។​
 
​កាលពី​ឆ្នាំទៅ រដ្ឋ​ជា​សមាជិក​អ​.​ស​.​ប​. ដែល​រួមទាំង​កម្ពុជា​ផង បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព - ដែលជា​របៀបវារៈ​សក​ល​ដើម្បី​កែប្រែ​ពិភពលោក​។ ក្នុង​សេចក្តីថ្លែងការណ៍​អំពី​យុវជន​ពិភពលោក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន មានប្រសាសន៍ថា​៖ “​គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ជាង​រូបអ្នក​ឡើយ​អំពី​បញ្ហា​ប្រឈម​នានា ឬ វិធី​ប្រសើរ​បំផុត​សម្រាប់​ការឆ្លើយតប​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​អំពាវនាវ​ដល់​ពលរដ្ឋ​វ័យក្មេង ឲ្យ​សំដែង​ទស្សនៈ​របស់ខ្លួន និង​ជំរុញ​ដល់​មេដឹកនាំ​ឲ្យ​ស្តាប់​យុវជន​។​” ដូច្នេះ អនាគត ស្ថិត​លើ​តុល្យភាព​រវាង​តម្រូវការ​ចាំបាច់​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​។ ដើម្បី​ធ្វើ​ឲ្យ​របៀបវារៈ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ក្លាយជា​តថភាព ចាំបាច់​ត្រូវមាន​ការផ្លាស់ប្តូរ​សំខាន់​មួយ​។ យើង​ត្រូវធ្វើ​សេចក្តីសម្រេច​អំពី​ការវិភាជន៍​ធនធាន ទន្ទឹមនឹង​ចងចាំ​អំពី​ផលប្រយោជន៍​សម្រាប់​មនុ​ស្ស​ជំនាន់​ក្រោយៗ​។ យើង​ត្រូវធ្វើ​ការវិនិយោគ​លើ​វិស័យ​សង្គម ដែល​កែលម្អ​ភាព​ធន់​របស់​បុគ្គល និង​សហគមន៍​របស់​ពួកគេ ហើយ​យើង​ត្រូវដាក់​កាតព្វកិច្ច​ខាង​សិទ្ធិមនុស្ស​ឲ្យ​ស្ថិតនៅ​ជា​ស្នូល​នៃ​ការអភិវឌ្ឍ​។​
 
​ពលរដ្ឋ​វ័យក្មេង​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​ជំនាន់​មនុស្ស​ដែល​នឹង​ដើរតួ​សំខាន់បំផុត​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅមុន​ឆ្នាំ ២០៣០ និង​ការមិន​បន្សល់ទុក​អ្នកណាម្នាក់​នៅ​ពីក្រោយ​ឡើយ​នៅក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ​នេះ​។ ពលរដ្ឋ​វ័យក្មេង គឺជា​អ្នកធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ មានអំណាច​ក្នុងការ​បង្កើត​ថ្មី ធ្វើ​សកម្មភាព និង​កៀរគរ​អ្នកដទៃ​។ ភាព​ស្ម័គ្រចិត្ត​របស់​យុវជន និង​សកម្មជន កំពុង​កើនឡើង​នៅ​ជុំវិញ​ពិភពលោក ដោយសារតែ​លទ្ធភាព​ទូលំទូលាយ​ជាង​មុន ក្នុងការ​ទទួលបាន​ព័ត៌មាន​តាមរយៈ​ការតភ្ជាប់​ជាមួយ​បណ្តាញ​ព័ត៌មាន​សង្គម​លើ​ពិភពលោក​។ ជាមួយ​សេរីភាព​ក្នុងការ​អនុវត្ត​សិទ្ធិ​មនុ​សុ្ស​របស់ខ្លួន និង​ការពង្រឹង​ភាព​អង់អាច តាមរយៈ​ចំណេះដឹង​នេះ ពលរដ្ឋ​វ័យក្មេង​បាន​បំពាក់​នូវ​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​មាន​ការកែ​ប្រែជា​វិជ្ជមាន​នៅក្នុង​សហគមន៍​របស់ខ្លួន​។​
 
​ដើម្បី​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំនេះ តាមរយៈ​ក្រុមការងារ​យុវជន​សហប្រជាជាតិ អ​.​ស​.​ប​.​នៅ​កម្ពុជា​បាន​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​នានា​នៃ​សង្គម​ស៊ីវិល និង​បណ្តាញ​យុវជន ដើម្បី​រៀបចំ​ពិធី​រយៈពេល​មួយថ្ងៃ​នេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ “​បង្កើត​ការងារ​សមរម្យ​សម្រាប់​យុវជន ដើម្បី​ឈានទៅ​សម្រេច​របៀបវារៈ​ឆ្នាំ ២០៣០ ដើម្បី​អភិវឌ្ឍន៍​ដោយ​ចីរភាព​” និង​ផ្តោត​ជាពិសេស​លើ​វិស័យ​នានា​ដែលជា​កង្វល់​បន្ទាន់​មួយ​ចំពោះ​ពលរដ្ឋ​វ័យក្មេង ដូចជា ការងារ​សមរម្យ ឱកាស​ក្នុង​មុខរបរ ការសិក្សា​បន្ថែមទៀត ការចូលរួម​នៅក្នុង​កំណើនសេដ្ឋកិច្ច និង​ការ​ទទួលផល​ពី​កំណើនសេដ្ឋកិច្ច ទន្ទឹម​នឹងមាន​សមភា​ព​យេនឌ័រ​។ ប្រធានបទ​ទាំងនេះ​គឺជា​សរសរ​ស្តម្ភ​គន្លឹះ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។ ការពិភាក្សា​នឹងធ្វើ​ឡើង​អំពី​តួនាទី​របស់​ពលរដ្ឋ​វ័យក្មេង ក្នុង​ទីផ្សារការងារ តើ​ពលរដ្ឋ​វ័យក្មេង​អាច​នាំយក​ទស្សនវិស័យ​ថ្មីៗ និង​ការបង្កើត​ថ្មី​ដោយ​របៀប​ណា​ទៅក្នុង​សេដ្ឋកិច្ច និង​តម្រូវ​ការចាំបាច់​ឲ្យ​មានការ​បណ្តុះបណ្តាល​បែប​បន្ស៊ាំ​ជា​បន្ត សម្រាប់​ពង្រីក​ជំនាញ​របស់​ពលរដ្ឋ​វ័យក្មេង ដើម្បី​ពួកគេ​អាច​ទាញយក​ប្រយោជន៍​បាន​ពេញលេញ​ពី​ភាគលាភ​ប្រជាសាស្ត្រ​។ ការសំដែង និង​របាំ​ប្រពៃណី​របស់​សិល្បករ​ល្បីៗ នឹងមាន​ចាត់ចែង​ឡើង ទន្ទឹមនឹង​ការជជែក​គ្នា​យ៉ាងសកម្ម​ពី​សំណាក់​មេដឹកនាំ​វ័យក្មេង​នៅ​ពេញ​រយៈពេល​មួយថ្ងៃ​នេះ​។ ពលរដ្ឋ​វ័យក្មេង​នឹង​ចែករម្លែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ អំពី​របៀប​ដែល​ពួកគេ​បាន​ក្លាយជា​អ្នក​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ប៉ិនប្រសប់ អ្នក​គិតគូរ​ស៊ីជម្រៅ និង​របៀប​ដែល​ពួកគេ​បាន​ពង្រីក​វិសាលភាព​ក្នុងការ​ប្រើប្រាស់​ឱកាស​ដោយឡែក​នានា​សម្រាប់​ការអភិវឌ្ឍ និង​ការងារ​នៅ​កម្ពុជា​។​
 
 
​ចំពោះ​អ​.​ស​.​ប​.​នៅ​កម្ពុជា ការ​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​គឺជា​ឱកាស​ដោយឡែក​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី សារៈសំខាន់​នៃ​ការពង្រឹង​ភាព​អង់អាច​របស់​ពលរដ្ឋ​វ័យក្មេង ក្នុងការ​បំពេញ​សក្តានុពល​របស់​ពួកគេ ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ចំណេះដឹង និង​ឧបករណ៍​នានា ដើម្បី​ក្លាយខ្លួនជា​ភ្នាក់ងារ​ដែលមាន​ឥទ្ធិពល មាន​វោហា​សាស្ត្រ និង​ដែល​ផ្តល់​ផល​។ កត្តា​សំខាន់​ជា​ស្នូល​នៅក្នុង​កិច្ចប្រឹងប្រែង​ទាំងនេះ គឺ​ការបន្ត​លើក​កំពស់​លទ្ធភាព​ក្នុងការ​សិក្សា ការទទួលបាន​សេវាកម្ម​សុខភាព និង​សុខភាព​បន្ត​ពូជ នៅក្នុង​បរិស្ថាន​មួយ ដែល​ពលរដ្ឋ​វ័យក្មេង​ប្រឈម​នឹង​គ្រប់​ទម្រង់​នៃ​ការរើសអើង ជាពិសេស អំពើហិង្សា​ផ្លូវភេទ និង​វិសមភាព​យេនឌ័រ ពោលគឺ​ហានិភ័យ​ដែល​រំខាន​ចំពោះ​អនាគត​របស់​ពួកគេ​។ អន្តរាគមន៍​រួមគ្នា មាន​សារៈសំខាន់​ចាំបាច់​ណាស់ ដើម្បី​កាត់ផ្តាច់​វដ្ត​នៃ​ភាពក្រីក្រ​រវាង​ជំនាន់​មនុស្ស ពង្រឹង​ភាព​ធន់​របស់​ប្រជាជន និង​ចាប់យក​ឱកាស​ដែល​កំណើនសេដ្ឋកិច្ច​ផ្តល់​ឲ្យ​ប្រទេស​នេះ​។​
 
​អនាគត​នឹងមាន​ភាពភ្លឺស្វាង ហើយ​ពលរដ្ឋ​វ័យក្មេង​កម្ពុជា​បានចាប់ផ្តើម​ជំរុញ​ឲ្យ​មានការ​បង្កើត​ថ្មី​ខាង​បច្ចេកវិទ្យា​រួចមកហើយ ដោយ​ប្រកាន់យក​ជម្រើស​ប្រកបដោយ​ការយល់ដឹង ដែល​កំពុងមាន​ឥទ្ធិពល​ជាសំខាន់​មកលើ​ទម្រង់​នៃ​ការងារ មុខរបរ ការប្រើប្រាស់ និង​ផលិតកម្ម ព្រមទាំង​កំពុង​កៀរគរ​ទស្សនៈ​ពី​សាធារណៈជន ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន អង្គការ និង​រដ្ឋាភិបាល កាន់តែ​មានការ​ទទួល​ខុសត្រូវ​ចំពោះ​សង្គម​បាន​ច្រើនជាង​មុន​។ នៅពេល​ពួកគេ​មានលទ្ធភាព​ច្រើនជាង​មុន​ក្នុងការ​ទទួលបាន​ព័ត៌មាន អាហារូបករណ៍ ការណែនាំ ឱកាស​ដើម្បី​ចាប់ផ្តើម​អាជីព និង​វេទិកា​សម្រាប់​កិច្ចសហការ ពលរដ្ឋ​វ័យក្មេង​កម្ពុជា​ដែលជា​អ្នក​ច្នៃប្រឌិត បានបង្ហាញ​ឲ្យ​ឃើញ​រួចមកហើយ​នូវ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​បំប្លែង​គំនិត​របស់ខ្លួន ឲ្យ​ក្លាយជា​ដំណោះស្រាយ​បែប​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​។​
 
​អ​.​ស​.​ប​.​នៅ​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល អ្នកធ្វើ​សេចក្តីសម្រេច វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នៅ​កម្ពុជា ឲ្យ​បន្ត​ការគាំទ្រ​របស់ខ្លួន​ដល់​គោលនយោបាយ​នានា​ដែល​លើក​កំពស់​ការអភិវឌ្ឍ ការងារ សុខភាព និង​សិទ្ធិមនុស្ស​របស់​ពលរ​ដ្ឋ​វ័យក្មេង​។ ពលរដ្ឋ​វ័យក្មេង​ត្រូវតែ​ចូលរួម​ជា​ភ្នាក់ងារ​ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដោយសារ​ពួកគេ​គឺជា​ជំនាន់​មនុស្ស​ដែល​នឹង​លុបបំបាត់​ភាពក្រីក្រ​ដាច់ខាត​លើ​ពិភពលោក និង​ធានា​ដល់​និរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅលើ​មាគ៌ា​ឆ្ពោះទៅ​ឆ្នាំ ២០៣០ និង​ហួស​ពីនេះ​ទៀត​។ 
 

​លោកស្រី Marie Odile Emond,​អ្នកសម្របសម្រួល​សហ​ប្រជាជាតិ​ស្តីទី ក្នុងនាម​ប្រព័ន្ធ​អ​.​ស​.​ប​.​នៅ​កម្ពុជា​
​បណ្ឌិត Derveeuw Marc G.L., អ្នកសម្របសម្រួល​ក្រុមការងារ​យុវជន​សហប្រជាជាតិ​
 

© រក្សាសិទ្ធិដោយ thmeythmey.com