ពីនេះ ពីនោះ
ជិត​ប្រឡង​បាក់​ឌុប សាស្ត្រាចារ្យ គូ សុភាព ប្រាប់​បច្ចេកទេស​ប្រឡង​យក​ពិន្ទុ​ខ្ពស់
13, Aug 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រឡង​បាក់​ឌុប​សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦ នឹង​ឈាន​ចូលមក​។ ទន្ទឹមនេះ ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​កម្ពុជា បានបង្ហាញ​បច្ចេកទេស​(Technic)​មួយចំនួន​ដើម្បី​ប្រឡង​យក​ពិន្ទុ​ឲ្យ​បាន​ខ្ពស់​។

 


១) មើល​គ្រប់​សំណួរ​ត្រួសៗ មុននឹង​ចាប់​ផ្តើមធ្វើ​សំណួរ​៖ មើល​ឲ្យ​ដឹងថា មាន​ប៉ុន្មាន​សំណួរ សំណួរ​ណា​ស្រួល សំណួរ​ណា​លំបាក មួយណា​បាន​ពិន្ទុ​ច្រើន មួយណា​បាន​ពិន្ទុ​តិច​។

២) សរសេរ​អ្វីដែល​អ្នក​ចាំ តែ​អាច​ភ្លេច​៖ ពេល​មើល​សំណួរ​ហើយ ត្រូវ​សរសេរ​លើ​ក្រដាស​ព្រាង​ចំណុច​សំខាន់ៗ ដែល​អ្នក​នឹកឃើញ ស្រណុក​ដល់ពេល​អ្នកឆ្លើយ អ្នកយក​វា​មក​ចម្លង​បាន​។

៣) ធ្វើ​សំណួរ​ណា​ស្រួល​មុន ពីព្រោះ​បាន​ពិន្ទុ​ងាយ និង​លឿន ដោយ​ទុក​សំណួរ​ណា​ដែល​ពិបាក​នៅក្រោយ ពីព្រោះ បើ​ធ្វើ​មិន​ចេញ ក៏​យើង​បាន​ពិន្ទុ​មុន​ខ្លះ​ហើយ​។

៤) អាន​សំណួរ​ឲ្យ​ច្បាស់​៖ កុំ​ប្រញាប់​ពេក អាន​ឲ្យ​ច្បាស់​ជៀសវាង​ការច្រឡំ នាំ​ខាត​ពេល​និង ខាត​ពិន្ទុ​។

៥) កុំ​ប្រឹង​ធ្វើ​សំណួរ​ដែល​អ្នក​មិនចេះ​៖  បើ​មិនចេះ ទុក​សិន កុំ​ភ័យ​ស្លន់ស្លោ ព្រោះ​បើ​ប្រឹង ក៏​ធ្វើ​មិន​ចេញ សុខចិត្ត​រំលង​ហើយ​ធ្វើ​សំណួរ​ណា​ដែល​អ្នកចេះ​វិញ​។

៦) ឆ្លើយ​គ្រប់​សំណួរ កុំ​ចោល​សំណួរ​៖ បើ​អាច​ធ្វើកើត​ហើយ​កុំ​ធ្វើ​សំណួរ​មួយ​ច្រើនពេក រហូតដល់​អស់ម៉ោង​ធ្វើ​សំណួរ​ផ្សេងទៀត​។

៧) បើ​មិន​យល់​សួរ សួរ​៖ កុំ​ខ្លាច សួរ​ឲ្យ​អស់​សង្ស័យ ឲ្យ​ច្បាស់លាស់ ទើប​មិន​ខុស ព្រោះ​ពេលខ្លះ សំណួរ​អាច​ខុស​។

៨) ឆ្លើយ​តាម​សំណួរ​៖ គេ​សួរ​យ៉ាងណា ឆ្លើយ​យ៉ាងនោះ កុំ​ចង់​គ្រាន់បើ​ធ្វើតាម​ចិត្ត​ចង់ ព្រោះ​គេ​អាច​កាត់​ពិន្ទុ​។​

៩) តាំងស្មារតី ដោយ​ដក​ដង្ហើមវែងៗ ប្រាប់​ខ្លួនឯង​ថា អាចទៅរួចៗ​ៗ​ៗ អាចធ្វើ​បានៗ​ៗ​ៗ កុំ​ភ័យខ្លាច តក់ស្លុត រក្សា​ចិត្ត​ឲ្យ​នឹងនរ​៕

​ប្រភព​៖ សៀវភៅ​«​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​»​រៀបរៀង​ដោយ ភិក្ខុ គូ សុភាព   


Tag:
 ​ភិក្ខុ គូ សុភាព​
  បាក់​ឌុប​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com