ជាតិ
លោក វន់ ពៅ ស្នើឲ្យមានការកំណត់ប្រាក់ខែគោល និងថ្ងៃឈប់សម្រាកសម្រាប់កម្មករធ្វើការតាមផ្ទះ
×
ភ្នំពេញ៖ លោក វន់ ពៅ បានជំរុញឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីឲ្យមានការកំណត់លក្ខខណ្ឌការងារ សម្រាប់កម្មករបម្រើការងារតាមផ្ទះ។ លក្ខខណ្ឌការងារទាំងនោះ មានដូចជាការកំណត់ប្រាក់ខែគោល និងថ្ងៃឈប់សម្រាកជាដើម។ បើតាម លោក វន់ ពៅ កម្មករបម្រើការងារតាមផ្ទះ ក៏ត្រូវទទួលបានអត្ថប្រយោជន៍ និងការគោរពសិទ្ធិ ដូចកម្មករកាត់ដេរដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីកំណត់លក្ខខណ្ឌការងារ សម្រាប់កម្មករបម្រើការងារតាមផ្ទះ។
លោកមានប្រសាសន៍ថា ការកំណត់លក្ខខណ្ឌការងារសម្រាប់អ្នកបម្រើការងារតាមផ្ទះ ពិតជាចាំបាច់ណាស់ ដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេទាំងនោះ។ បើតាម លោក វន់ ពៅ កម្មករធ្វើការតាមផ្ទះគួរទទួលបានលក្ខខណ្ឌការងារ ដូចជា ការកំណត់ប្រាក់ខែគោល, ការឈប់សម្រាកប្រចាំសប្ដាហ៍ និងការកំណត់ម៉ោងធ្វើការត្រឹម៨ម៉ោងជាដើម។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«អ្នកទាំងនោះ ក៏ជាកម្មករដែរ ដូច្នេះរដ្ឋត្រូវបំពេញនូវអ្វីជាសេចក្ដីត្រូវការរបស់ពួកគាត់ ហើយម្យ៉ាងទៀត កម្មករបម្រើការងារតាមផ្ទះក៏មានចំនួនច្រើនផងដែរ ដូច្នេះគួរកំណត់ប្រាក់ឈ្នួលគោលសម្រាប់ពួកគាត់»។
ប្រធានសមាគមរូបនេះ បន្តដោយលើកឡើងពីស្ថានភាពប្រាក់ខែរបស់អ្នកបម្រើការងារតាមផ្ទះ ដែលស្រាវជ្រាវដោយសង្គមស៊ីវិល នៅក្នុងឆ្នាំ២០១៣ កន្លងទៅ។ បើតាម លោក វន់ ពៅ កម្មករបម្រើការងារតាមផ្ទះ នៅទូទាំងប្រទេសមានចំនួនប្រមាណ ២៤ម៉ឺននាក់ ក្នុងនោះស្ត្រីមានចំនួនដល់ទៅ៨០ភាគរយ ដោយជាមធ្យមកម្មករម្នាក់ៗទទួលបានប្រាក់ខែ៥០ដុល្លារ។ លោកបន្តថា អ្នកបម្រើការងារតាមផ្ទះចំនួន១៤ភាគរយ មានប្រាក់ខែពី៧០ដុល្លារ ទៅ១០០ដុល្លារ ដែលជាប្រាក់ខែខ្ពស់បំផុត ខណៈកម្មករ៦០ភាគរយទទួលប្រាក់ខែទាបជាង៥០ដុល្លារ។ ក្រៅពីបញ្ហាប្រាក់ខែទាប កម្មករធ្វើការតាមផ្ទះចំនួន ៩០ភាគរយ ត្រូវធ្វើការ៧ថ្ងៃក្នុង១សប្ដាហ៍ ហើយពួកគេមួយចំនួនធ្វើការលើសពី៨ម៉ោងក្នុងមួយថ្ងៃ។ នេះជាការអះអាងរបស់លោក វន់ ពៅ ។
បើទោះជារបាយការណ៍ខាងលើនេះ ត្រូវបានស្រាវជ្រាវតាំងពីឆ្នាំ២០១៣ តែសម្រាប់អ្នកសកម្មខាងសិទ្ធិកម្មកររូបនេះបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ ស្ថានភាពរបស់កម្មករបម្រើការងារតាមផ្ទះនៅតែគ្មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ លោកថ្លែងយ៉ាងដូចនេះថា៖«មកដល់បីឆ្នាំមែន តែការអង្កេតរបស់យើង គឺអត់ទាន់មានការផ្លាស់ប្ដូរនៅឡើយទេ»។
លោកធ្លាប់ស្នើទៅរដ្ឋាភិបាលជាច្រើនលើក ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ដើម្បីទាមទារលក្ខខណ្ឌការងារជូនអ្នកបម្រើការងារតាមផ្ទះ តែមិនដែលទទួលការឆ្លើយតបនោះទេ។ ប៉ុន្តែសំណើរចុងក្រោយ ដែលដាក់ជូនរដ្ឋាភិបាល ក្នុងពេលថ្មីៗនេះ ហាក់ទទួលបានសញ្ញាវិជ្ជមាន ដោយរដ្ឋាភិបាលសន្យាថានឹងយកសំណើរនោះទៅដោះស្រាយ។ នេះជាការបញ្ជាក់របស់ លោក វន់ ពៅ ៕
Tag:
វន់ ពៅ
កម្មករធ្វើការតាមផ្ទះ
ប្រាក់ខែគោល
© រក្សាសិទ្ធិដោយ thmeythmey.com