ជាតិ
សង្គមជាតិ
លោក ឱម យ៉ិនទៀង ៖នៅឆ្នាំក្រោយ ACU ឈប់ផ្ដល់ថវិកាដល់អ្នកសង្កេតការណ៍បាក់ឌុប
× ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា នៅឆ្នាំក្រោយ ACU នឹងមិនចំណាយថវិកាសម្រាប់អ្នកសង្កេតការណ៍ប្រឡងសញ្ញាបត្រទុតិយសភូមិទៀតឡើយ ពោលបានន័យថា ACU នឹងផ្លាស់ប្ដូរគោលការណ៍ ដោយផ្ដាច់ថវិកាឧបត្ថមដល់អ្នកសង្កេតការណ៍របស់ខ្លួន។
ថ្លែងក្នុងកម្មវិធីណែនាំអ្នកសង្កេតការណ៍ ACU នៅសាលាតិចណូ រសៀលនេះលោក ឱម យ៉ិនទៀង បានបញ្ជាក់ថា មូលហេតុដែល ACU ចង់ផ្ដាច់ការចំណាយថវិកាសម្រាប់មន្ត្រីស៊ើបអង្កេតនេះ ដោយសារតែបញ្ហាកង្វះថវិកាចំណាយ សម្រាប់អ្នកសង្កេតការណ៍សម័យប្រឡង។ បើតាមលោក ឱម យ៉ិនទៀង សម័យប្រឡងឆ្នាំ២០១៦នេះ មានមន្ត្រីសង្កេតការណ៍ ACU ជាង៦ពាន់នាក់ ដែលអង្គភាពលោកត្រូវចំណាយថវិកាជាង៣០ម៉ឺនដុល្លារ ។ ចំណែកឆ្នាំ២០១៥ ACU ចំណាយថវិកាជាង២០ម៉ឺនដុល្លារ សម្រាប់មន្ត្រីសង្កេតការណ៍ជាង៤ពាន់នាក់។
គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រទុតិយសភូមិនៅឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ និង ២៣ សីហា។ សម័យប្រឡងបាក់ឌុបឆ្នាំ២០១៦នេះ មានបេក្ខជនសរុបចំនួន៩៣.៧៥២នាក់ មានមណ្ឌលប្រឡងចំនួន ១៥៧មណ្ឌល និង ៣.៧៨១បន្ទប់ នៅទូទាំង២៥ រាជធានី-ខេត្ត។សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្រសួងនឹងប្រកាសលទ្ធផលនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ រីឯមណ្ឌលនៅតាមបណ្តាខេត្តនានា នឹងប្រកាសនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com