អន្តរជាតិ
ទឹកដី គ្រី​មៀ មិនមែនជា​រឿង​ដែល​លោកខាងលិច​ត្រូវ​ខ្វាយខ្វល់​ឡើយ​
20, Aug 2016 , 9:00 pm        
រូបភាព
​សំណុំរឿង​គ្រី​មៀ (Crimea) ជា​ចំណុច​ចាប់ផ្ដើម​នៃ​ជម្លោះ​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ហាក់​ឡើង​កម្ដៅ​នាពេល​ចុងក្រោយ​នេះ ខណៈដែល​ភាព​តានតឹង​នៅតាម​ព្រំដែន​រវាង​រុស្សី និង​អ៊ុយ​ក្រែ​ន ក៏​កើនឡើង​ផងដែរ​។ ជាមួយគ្នា​នោះ អ៊ុយ​ក្រែ​ន ដែលមាន​បស្ចិមប្រទេស​នៅ​ពីក្រោយ ក៏​នៅតែ​ចិញ្ចឹមចិត្ត​ទាមទារ​តំបន់​គ្រី​មៀ ដែល​ត្រូវ​រុស្សី​លេប​យក​នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​អតីត​មេដឹកនាំ​សហភាពសូវៀត អះអាងថា គ្រី​មៀ​ជា​របស់​រុស្សី​ហើយ ឯ​លោកខាងលិច ក៏​មិនចាំបាច់​បារម្ភ​ចំពោះ​បញ្ហា​នេះដែរ​។​



ស្តាប់សំឡេង

 
​ឧបទ្វីប​គ្រី​មៀ ត្រូវបាន​រុស្សី​ភ្ជាប់​ជា​ដែនដី​របស់ខ្លួន​នៅ​ឆ្នាំ​២០១៤ បន្ទាប់ពី​ការធ្វើប្រជាមតិ​ក្នុងចំណោម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ដែល​ភាគច្រើន​ជា​អ្នក​និយាយ​ភាសា​រុស្សី​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​គៀវ និង​សម្ព័ន្ធមិត្ត​លោកខាងលិច មិនដែល​ទទួលស្គាល់​ការភ្ជាប់​ខ្លួន​នេះឡើយ និង​តែងតែ​ដាក់​សម្ពាធ​ឲ្យ​ក្រុង​មូ​ស្គូ​ប្រគល់​ទឹក​ដូ​គ្រី​មៀម​ក​អ៊ុយ​ក្រែ​ន​វិញ​។ យ៉ាងណាមិញ អតីត​មេដឹកនាំ​សហភាពសូវៀត លោក Mikhail Gorbachev បាន​អះអាងថា រុស្សី មិនចាំបាច់​ជជែក​ពី​បញ្ហា​គ្រី​មៀ ជាមួយ​លោកខាងលិច​ទៀត​ទេ​។ 
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Komsomolskaya Pravda អតីត​ប្រធានាធិបតី​សហភាពសូវៀត​រូបនេះ បញ្ជាក់ថា បញ្ហា​គ្រី​មៀ​នេះ មិនគួរ​ត្រូវបាន​ពិភាក្សា​អ្វី​ឡើយ​។ លោក Gorbachev ដែលជា​ម្ចាស់​មេដាយ​សន្តិភាព​ពិភពលោក និយាយ​ដូចនេះ នៅ​ថ្ងៃទី​១៨ ខែសីហា ខណៈដែល​លោក​ត្រូវបាន​សួរ​ពី​នយោបាយ​របស់​រុស្សី​ជាមួយនឹង​ប្រទេស​លោកខាងលិច ជុំវិញ​ប​ញ្ហ​គ្រី​មៀ​។ 
 
​សូម​រម្លឹក​ដែរ​ថា គ្រី​មៀ​ជា​តំបន់​ស្វយ័ត​របស់​អ៊ុយ​ក្រែ​ន តែ​រដ្ឋាភិបាល​តំបន់​នេះ​បាន​បដិសេធ​ភាពស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​ក្រុង​គៀវ បន្ទាប់ពី​ភាពចលាចល​នយោបាយ​ដែល​ឈានដល់​ការទម្លាក់​លោក Victor Yanukovych ចេញពី​តំណែង​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៤​។ ក្រោយមក​មេដឹកនាំ​គ្រី​មៀ ក៏​ប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី និង​រៀបចំ​ធ្វើ​ប្រជាមតិ​ភ្ជាប់​ខ្លួន​ជាមួយ​រុស្សី​តែម្តង​។ 
 
​ប្រធានាធិបតី​រុស្សី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភ្ជាប់​គ្រី​មៀ ក្នុង​ខែមីនា ឆ្នាំ​២០១៤ ទោះ​ជាមាន​ការមិន​សុខចិត្ត​ក៏ដោយចុះ​។ រដ្ឋាភិបាល​ក្រុង​គៀវ ក្រុង​វ៉ាស៊ីនតោន និង​សហភាព​អឺរ៉ុប សុទ្ធតែ​ប្រឆាំង​ដាច់ខាត​នឹង​ឯករាជ្យ​របស់​គ្រី​មៀ ក៏ដូចជា​ការ​លេប​យក​គ្រី​មៀ​ពី​សំណាក់​ក្រុង​មូ​ស្គូ ក៏បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្លាំងៗ ដើម្បី​បង្ខំ​ឲ្យ​ប្រគល់​ទឹកដី​នេះ​មក​អ៊ុយ​ក្រែ​ន​វិញ​។ 
 
​អ៊ុយ​ក្រែ​ន ត្រូវដាក់​ជំហរ​មិន​ចូលបក្ស​សម្ព័ន្ធ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​
 
​ទន្ទឹមនឹង​ប្រាប់​លោកខាងលិច​កុំ​ឲ្យ​ខ្វល់ខ្វាយ​រឿង​គ្រី​មៀ អតីត​មេដឹកនាំ​សហភាពសូវៀត ក៏បាន​ផ្ញើ​សារ​ទៅ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ឲ្យ​ដឹកនាំ​ប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ និង​ប្រកាន់​នយោបាយ​មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ​ឡើយ​។ បន្ទាប់ពី​មាន​បញ្ហានយោបាយ​ក្នុង​ឆ្នាំ​២០១៤ និង​ជម្លោះ​ជាមួយ​រុស្សី ក៏ដូចជា​អំពើហិង្សា​នៅ​ភាគ​ខាងកើត ក្រុង​គៀវ បាន​ងាក​ទៅរក​លោកខាងលិច​យ៉ាង​ពេញទំហឹង ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​រុស្សី​។ 
 
​មួយវិញទៀត ទាក់ទិន​នឹង​ដំណោះស្រាយ​ជម្លោះ​នៅ​ភាគ​ខាងកើត លោក Gorbachev ក៏បាន​ប្រាប់​ឲ្យ​អ៊ុយ​ក្រែ​ន អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ឲ្យ​បាន​ពេញលេញ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បានអូសបន្លាយ​មកដល់​ឆ្នាំ​ទី​៣​ហើយ​នោះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS លោក Gorbachev និយាយថា ដំបូង​គេ ត្រូវអនុវត្ត​កិច្ចព្រមព្រៀង​ខែកុម្ភៈ ឆ្នាំ​២០១៥ ជាមុនសិន​។ 
 
​មេដឹកនាំ​ចុងក្រោយ​របស់​សូ​វៀត​រូបនេះ បន្តថា វា​អាស្រ័យ​លើ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជា​អ្នកសម្រេចចិត្ត ប៉ុន្តែ​លោក​ច្បាស់​ក្នុង​ចិត្ត​ថា ប្រជាជន​អ៊ុយ​ក្រែ​ន ចង់បាន​ប្រទេស​ដែល​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ និង​មិន​ចូលបក្ស​សម្ព័ន្ធ​ឡើយ​។ ហើយ​ការមិន​ចូលបក្ស​សម្ព័ន្ធ​នេះ គួរ​ត្រូវបាន​ចារ​ក្នុង​រដ្ឋធម្មនុញ្ញ ដោយមាន​ការធានា​ពី​អន្តរជាតិ ដូចដែល​ប្រទេស​ខ្លះ​រួមទាំង​អូទ្រីស​ធ្លាប់ធ្វើ​កន្លងមក​។​
 
​នៅ​ឆ្នាំ​១៩៥៥ អូទ្រីស បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​រដ្ឋ ដែល​ប្រកាសថា អូទ្រីស ជា​រដ្ឋ អធិបតេយ្យ អព្យាក្រឹត និង​មិន​ចូលបក្ស​សម្ព័ន្ធ ហើយ​មហាអំណាច​មួយ​ចំនូ​ន ក៏បាន​ចុះហត្ថលេខា​ផងដែរ​។ បន្ទាប់ពី​ការប្រកាស​នេះ កងកម្លាំង​បរទេស​ទាំងអស់ ក៏បាន​ចាក​ចេញពី​អូទ្រីស​។ បន្ថែម​ពីលើ​ការលើកឡើង​ពី​ស្ថានភាព​នៅ​អូទ្រីស លោក Gorbachev ទំនងជា​ចង់​ឲ្យ​អ៊ុយ​ក្រែ​ន​ធ្វើ​ដូចគ្នានេះ ដើម្បី​បន្ថយឥទ្ធិពល​អាមេរិក និង​អឺរ៉ុប​នៅ​អ៊ុយ​ក្រែ​ន​។ 
 
​ចាប់តាំងពី​ការកើតឡើង​អំពើហិង្សា​នៅ​ឆ្នាំ​២០១៤ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មាន​និន្នាការ​ងាក​ទៅរក​ក្រុម​លោកខាងលិច​។ ប៉ុន្តែ​ក្រុម​ចលនា​ឧទ្ទាម​នៅ​ភាគ​ខាងកើត មានការ​គាំទ្រ​ពី​សំណាក់​រុស្សី ដើម្បី​ប្រយុទ្ធ​ផ្ដាច់ខ្លួន​ពី​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ក្រុង​គៀវ​៕        
 

Tag:
 រុស្សី​
 ​អ៊ុយ​ក្រែ​ន​
 ​គ្រី​មៀ​
© រក្សាសិទ្ធិដោយ thmeythmey.com