ជាតិ
សង្គមជាតិ
បុរសម្នាក់ទៀតលង់ទឹកសមុទ្រនៅថ្ងៃនេះ បន្ទាប់ពីបុរសម្នាក់លង់ទឹកស្លាប់កាលពីម្សិលមិញ
× ភ្នំពេញ៖ នៅថ្ងៃសៅរ៍នេះ បុរសម្នាក់ទៀតបានលង់ទឹកសមុទ្រនៅតំបន់ឆ្នេរអូឈើទាលខេត្តព្រះសីហនុ តែមិនបណ្តាលឲ្យបាត់បង់ជីវិតទេ។ ឥឡូវនេះ បុរសជាជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះជីវិត។ នេះបើយោងតាមមន្រ្តីនៃមន្ទីទេសចរណ៍ខេត្តព្រះសីហនុប្រាប់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះ។
កាលពីម្សិលមិញ ទឹករលកសមុទ្រនៅខេត្តព្រះសីហនុតំបន់ឆ្នេរអូឈើទាល បានឆក់យកជីវិតបុរសម្នាក់មកពីខេត្តកំពង់ចាមដែលទៅកម្សាន្តនៅក្រុងព្រះសីហនុ។ ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងម្តងទៀតនៅរសៀលថ្ងៃនេះចំពោះបុរសម្នាក់ទៀត តែមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទេ។ «នៅថ្ងៃនេះ វេលាម៉ោងប្រមាណជា២រសៀល មានបុរសម្នាក់ទៀតលង់ទឹកសមុទ្រនៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។ គាត់មិនស្លាប់ទេ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យហើយ»។ នេះ គឺជាការថ្លែងបញ្ជាក់ប្រាប់របស់លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ដោយបញ្ជាក់ប្រាប់បន្ថែមថា លោកកំពុងធ្វើដំណើរទៅចូលរួមរំលែកទុក្ខសពដែលបានស្លាប់ដោយសារលង់ទឹកសមុទ្រកាលពីម្សិលមិញនៅខេត្តកំពង់ចាមក្នុងនាមតំណាងខេត្តព្រះសីហនុ និងក្នុងនាមក្រសួងទេសចរណ៍។
លោក គ្រឹះស្នា បានបន្តទៀតថា ក្រោយពីមានគ្រោះថ្នាក់កាលពីម្សិលមិញមក ក្រុមការងាររបស់លោក និងឆ្មាំទេសចរឆ្នេរបានចុះផ្សព្វផ្សាយព័ត៌មានប្រុងប្រយ័ត្នតាមរយៈមេក្រូអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នចំពោះរលកសមុទ្រ និងព្យុះ។ លោកបានបញ្ជាក់ថា៖«យើងបានឲ្យក្រុមការងារចុះប្រាប់ពលរដ្ឋពីកន្លែងគ្រោះថ្នាក់ខ្លាំងជាងគេនៅតំបន់ឆ្នេរដែលជាកន្លែងឧស្សាហ៍គ្រោះថ្នាក់»។
ការគ្រោះថ្នាក់ផ្ទួនៗ បានធ្វើឲ្យមានក្តីបារម្ភថា ចំនួនភ្ញៀវទេចរនៅក្រុងព្រះសីហនុអាចនឹងថយចុះនាពេលខាងមុខ ប្រសិនបើគ្មានវិធានការហ្មត់ចត់ស្តារទំនុកចិត្តភ្លាមៗនោះទេ៕ © រក្សាសិទ្ធិដោយ thmeythmey.com