ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ បើក​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ នៅ​ព្រឹក​នេះ
22, Aug 2016 , 8:06 am        
រូបភាព
លោក ហង់ ជួនណារ៉ុង ខាងឆ្វេង
លោក ហង់ ជួនណារ៉ុង ខាងឆ្វេង
រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​បើក​វិញ្ញាសា​សម្រាប់​បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ ថិ​នៅ​ព្រឹក​ថ្ងៃទី២២ សីហា​នេះ។ លោក ហង់ ជួន ណា​រ៉ុ​ន សង្ឃឹមថា បេក្ខជន​ប្រឡង​នឹងធ្វើ​បានល្អ ដោយ​ពឹងផ្អែក​សមត្ថភាព​ខ្លួន សម្រាប់​ការប្រឡង​បញ្ចប់​សញ្ញាបត្រ​ទុតិយ​​ភូមិ​នេះ។



ក្រោយពី​បើក​វិញ្ញាសា​ប្រឡង​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ឈរ​មើល​សកម្មភាព​ត្រួតពិនិត្យ​លើ​បេក្ខជន​ប្រឡង ឃើញថា មិនទាន់មាន​ភាព មិន​ប្រក្រតី​ណាមួយ​កើតឡើង ចំពោះ​បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នោះទេ។ លោក ចាត់ទុកថា នេះ​មកពី​បេក្ខជន​ប្រឡង​បាន​ត្រៀមខ្លួន​ច្រើន សម្រាប់​ការប្រឡង​របស់​ពួកគេ។ «ការ​រឹតបន្តឹង​ការប្រឡង​នេះ មិនមែន​ក្រសួង​ចង់​ធ្វើបាប​ពួកគេ​នោះទេ តែ​វា​ជាការ​ពង្រឹង​ជួយ​សិស្ស​ឡើងវិញ ឲ្យ​ពួកគេ​មាន​សមត្ថភាព​ពិត​ក្នុងការ​អប់រំ»។ នេះ​ជាការ​ថ្លែង​របស់លោក ហង់ ជួន ណា​រ៉ុ​ន ចំពោះមុខ​អ្នកកាសែត។

គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​​ភូមិ​នៅ​ឆ្នាំ២០១៦នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២២ និង ២៣ សីហា។ សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ២០១៦នេះ មាន​បេក្ខជន​សរុប​ចំនួន៩៣.៧៥២នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧មណ្ឌល និង ៣.៧៨១បន្ទប់ នៅ​ទូទាំង២៥ រាជធានី-ខេត្ត។  ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ​នៅតាម​បណ្តា​ខេត្ត​នានា៕


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com