ជាតិ
ពីនេះ ពីនោះ
ពាក្យ «មេដាយ» ខុសពី «មេដៃ» 
×![]()
ខ្ញុំទទួលបាន«មេដៃមាស» និង ខ្ញុំទទួលបាន«មេដាយមាស» តើពាក្យមួយណាដែលត្រឹមត្រូវ? បើតាមសូរអាន ជាទូទៅប្រាកដជាគិតថា ពាក្យ«មេដៃមាស»ត្រឹមត្រូវ។ ប៉ុន្តែ តាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺពាក្យ«មេដាយមាស»។ ចំពោះ ពាក្យទាំងពីរនេះមានអត្ថន័យខុសគ្នាដូចខាងក្រោម៖
ពាក្យ«មេដាយ» មានថ្នាក់ពាក្យជានាម មានន័យថា គ្រឿងឥស្សរិយាភរណៈមានរូបសណ្ឋានផ្សេងៗ ធ្វើដោយលោហជាតិឬរតនវត្ថុសម្រាប់រាជការអាណាចក្រគ្រប់ប្រទេស ឲ្យជាកិត្តិយស ដល់ឥស្សរជន, ដល់អ្នកដែលមានគុណបំណាច់ចំពោះផែនដី, ដល់អ្នកដែលមានចំណេះវិជ្ជា, ដល់អ្នកដែលមានគុណបំណាច់ចំពោះផែនដី, ដល់អ្នកដែលមានកេរ្តិ៍ឈ្មោះល្អៈ មេដាយសំរិទ្ធិ, មេដាយមាស...។
ចំណែកពាក្យថា«មេដៃ» ដែលគេតែងតែនិយាយ តែងតែសរសេរ គឺមានន័យថា មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ។
ចំពោះពាក្យទាំងពីរនេះ គឺមានន័យរៀងៗខ្លួន ប៉ុន្តែអ្វីដែលជាកំហុស គឺនៅត្រង់ «ការអាន» ពាក្យ។ មានន័យថា ជាទូទៅ ពេលដែលឥស្សរជន ណាម្នាក់ទទួលបានពានជាមេដាយ គេមិនដែលអាចចេញសូរ «មេដាយ»ទេ ប៉ុន្តែគេអានចេញសូរ«មេដៃ» ទៅវិញ។ ចំណុចនេះហើយដែលនាំឲ្យសាធារណជនមួយចំនួនសរសេរពាក្យទាំងពីរនេះច្រឡំគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com