ពីនេះ ពីនោះ
«​ខ្ញុំ​ជាម​នុស្ស​ស្នេហា​ជាតិ​» កុំ​បានត្រឹមតែ​ភាសា​និយាយ
24, Jun 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ស្ទើ​គ្រប់គ្នា​តែងតែ​អះអាងថា​«​ខ្លួន​ស្នេហា​ជាតិ​» ស្រឡាញ់​ជាតិ ចង់​ជួយ​ជាតិ​ណាស់​។ តើ​ស្នេហា​ជាតិ​ពិតជា​ស្រួល​និយាយ​បែបនេះ​មែន​ទេ​? ចំណុច​នេះ អ្នក​ដែល​ធ្លាប់តែ​អះអាង គួរ​នាំគ្នា​ពិចារណា​។



​ជាតិ​មួយ គឺ​ត្រូវមាន​លក្ខណៈ​រួមមួយ​ចំនួន​ដូចជា ទឹកដី ប្រជាជន អធិបតេយ្យភាព ស្ថាប័ន​គ្រប់គ្រង​រដ្ឋ​(​រដ្ឋាភិបាល​) មាន​សេដ្ឋកិច្ច មាន​នយោបាយ និង​វប្បធម៌ អរិយធម៌​ជាដើម​។​ល​។ ក្នុងន័យ​បែបនេះ ជន​ដែល​ស្នេហា​ជាតិ មិនមែន​គ្រាន់តែ​បានបង្ហាញ​ជា​សកម្មភាព​ថា​ខ្លួន​ជាម​នុស្ស​ស្នេហា​ជាតិ​នោះទេ ប៉ុន្តែ​ទាំង​ខួរក្បាល របស់គេ​គឺ​ត្រូវ​ប្រកបដោយ សុ​ឆន្ទៈ ដើម្បី​ជាតិ បុព្វេ​ហេតុ​ជាតិ  ដែល​ស្ដែងឡើង​តាមរយៈ​សមត្ថភាព  គុណធម៌ និង​មនសិការ​ក្នុងនាម​ជាម​នុស្ស​។ ផ្ទុយ​មកវិញ​បើ​សកម្មភាព​នាំ​ឲ្យ​ជាតិ​លិចលង់ អសកម្ម​ភាព​ពុំ​អាច​ហៅថា អ្នកស្នេហាជាតិ​បានទេ​។

​ហេតុនេះ បុគ្គល​ម្នាក់​ដែល​ចាត់ទុកថា​ស្នេហា​ជាតិ គួរណា​ស់មាន​លក្ខណៈសម្បត្តិ​ដូចជា ជា​បុគ្គល​ដែល​ហ៊ាន​លះបង់​ផ្នែក​ណាមួយ​ក្នុង​ជីវិត​របស់ខ្លួន​ដើម្បី​ជាតិ ប្រយោជន៍​ជាតិ ប្រជាជន​ទូទៅ​, មាន​សីលធម៌​ខ្ពស់​ស្រឡាញ់​កេរ្តិ៍ឈ្មោះ​, កិត្តិយស​,  និង​សេចក្ដីថ្លៃថ្នូរ​ជាជាង​ទ្រព្យសម្បត្តិ​របស់ខ្លួន​, មាន​វិចារណញ្ញាណ​គ្រប់គ្រាន់​ក្នុង​ការគិត​វិនិច្ឆ័យ​ពី​បញ្ហា​ជាតិ​, មិន​បំផ្លាញ​ជាតិ​ឯង ហើយ​ដាក់​ជាតិ​ខ្លួនឯង​ឲ្យ​នៅក្រោម​អាណានិគម​, សុខចិត្ត​ស្លាប់​ខ្លួន ដោយ​មិន​ព្រម​ឲ្យ​ជាតិ និង​ប្រជាជន ស្ថិតក្រោម​អំណាច​ជាតិ​សាសន៍​ដទៃ​។ បន្ថែម​ពីនេះ គឺ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សង្គម ទោះបី​មិនបាន​ធ្វើ​កិច្ច​ដែលមាន​ប្រយោជន៍​ធំធេង ប៉ុន្តែ​ឲ្យ​តែ​តាំងចិត្ត​ថា ខ្លួន​ត្រូវតែ​ចូលរួម​ក្នុង​ផ្នែក​ណា ហើយ​បំពេញ​ឲ្យ​បានល្អ នោះ​គឺជា​ជន​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ហើយ​។ វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​ខ្លួនឯង​ណាស់ នៅពេលដែល​មនុស្ស​ម្នាក់​ស្រែកថា ខ្ញុំ​ស្នេហា​ជាតិ ខ្ញុំ​ចង់​ជួយ​ជាតិ ទាំង​ខ្លួនឯង​មិនបាន​ខិតខំ​ជួយ​ខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ប្រយោជន៍​ជាមុន​។​

​ជារួម​ទៅ​ស្នេហា​ជាតិ អ្នកណា​ក៏​អាចនិយាយបាន​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការប្រតិបត្តិ​ជាក់ស្ដែង និង​គោលការណ៍​ផ្ទាល់​របស់​បុគ្គល​ម្នាក់ៗ ថា​តើ​អាចអនុវត្ត​បាន​កម្រិត​ណា​? នោះ​ទើប​ជា​រឿង​ដែល​សំខាន់​។ ព្រោះថា ជាតិ​មួយ​មិន​ដើរទៅ​ចោល​បុគ្គល​គ្រប់គ្នា​នោះទេ ប៉ុន្តែ​មានតែ​បុគ្គល​ទេ​ដែល​ទៅ​ចោល​ជាតិ​។  


© រក្សាសិទ្ធិដោយ thmeythmey.com