បទយកការណ៍ / បទសម្ភាសន៍
កម្ពុជាមិនមែនជាប្រទេសឥស្លាម តែកំពុងរៀបចំស្តង់ដាហាឡាលដែលកើតចេញពីច្បាប់ឥស្លាម អាហារដ្ឋានឥស្លាមមួយកន្លែងនៅភូមិស្ទឹងថ្មី ក្រុងសៀមរាប
× ភ្នំពេញ៖ មិនយូរនោះទេ ប្រព័ន្ធគ្រប់គ្រងចំណីអាហារតាមបែបស្តង់ដាហាឡាលនៅកម្ពុជា នឹងចាប់ផ្តើមដំណើរការ។ រដ្ឋាភិបាលកម្ពុជា បានសម្រេចលើអនុក្រឹត្យចុះថ្ងៃទី២៩ កក្កដា កន្លងទៅ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (Halal Cambodia)។ អនុក្រឹត្យដែលមានកម្រាស់១១ទំព័រ បានបង្ហាញថា មានស្ថាប័នពាក់ព័ន្ធជិត២០ ដែលបាននិងកំពុងចូលរួមរៀបចំប្រព័ន្ធស្តង់ដាបែបសាសនាឥស្លាមមួយនេះ។
បន្ទាប់ពីប្រទេសថៃ វៀតណាម ទំនងជាកម្ពុជានេះហើយ ដែលជាប្រទេសបន្ទាប់ មិនមែនកាន់សាសនាឥស្លាម តែកំពុងរៀបចំស្តង់ដាហាឡាល។ ស្តង់ដាមួយនេះ នឹងអនុញ្ញាតឲ្យកម្ពុជាពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅកាន់បណ្តាប្រទេសឥស្លាម ក៏ដូចជាទៅសហគមន៍អឺរ៉ុប។ នៅសហគមន៍អឺរ៉ុប ស្តង់ដាហាឡាល គឺមានលក្ខណៈទូលំទូលាយ ព្រោះប្រជាជននៅទីនោះ យល់ច្បាស់ពីស្តង់ដាមួយនេះ។
គណៈកម្មាធិការរៀបចំស្តង់ដាហាឡាលកម្ពុជា លោក សុះ មុះសិន បានប្រាប់សារព័ត៌មានថ្មីៗថា ឆ្លើយតបទៅនឹងសំណើររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានយល់ព្រមជួយកម្ពុជាក្នុងការរៀបចំស្តង់ដាហាឡាល។ ក្នុងនោះ ម៉ាឡេស៊ីនឹងជួយបណ្តុះបណ្តាលអ្នកបច្ចេកទេសកម្ពុជា ដើម្បីដំណើរការស្តង់ដាហាឡាល ទៅតាមស្តង់ដាដែលទទួលស្គាល់ដោយពិភពលោក។ តាមការបញ្ជាក់ពីលោក សុះ មុះសិន ក្នុងនោះ ម៉ាឡេស៊ីក៏គ្រោងនឹងជួយផ្នែកហិរញ្ញវត្ថុមួយចំនួនដល់កម្ពុជាផងដែរ។
អនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សុះ មុះសិន បានឲ្យដឹងទៀតថា ការងារនេះ ជាការងារមួយដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយជាការងារមួយដែលនឹងបើកទូលាយដល់ទីផ្សារផលិតផលហាឡាលនៅកម្ពុជា។ លោកបញ្ជាក់ទៀតថា យ៉ាងណានៅកម្ពុជា មានម្ចាស់ក្រុមហ៊ុន និងសហគ្រាសជាច្រើន មិនទាន់យល់ពីអត្ថន័យនៃស្តង់ដាហាឡាលនៅឡើយ ដូច្នេះក្រសួងគ្រោងនឹងបើកសិក្ខាសាលានៅពេលខាងមុខ ដើម្បីពន្យល់ពីអត្ថន័យ និងអត្ថប្រយោជន៍ចំពោះស្តង់ដាមួយនេះ។
លោក សុះ មុះសិន ពន្យល់ថា ស្តង់ដាហាឡាល មិនត្រឹមតែជាផលិតផលដែលមិនមានសាច់ជ្រូកនោះទេ តែក្នុងនោះការផលិតគឺត្រូវធានាលើការវេចខ្ចប់ គុណភាព និងអនាម័យត្រឹមត្រូវផងដែរ។ បច្ចុប្បន្ននៅកម្ពុជា ពុំទាន់មានស្តង់ដាហាឡាលនៅឡើយទេ តែបាននិងកំពុងប្រើប្រាស់រូបភាពហាឡាលក្លែងក្លាយ ឫពុំមានស្តង់ដាត្រឹមត្រូវ។
យ៉ាងណាក៏ដោយ គេមិនទាន់អាចដឹងបានឡើយថា តើស្តង់ដាអាហារហាឡាលនៅកម្ពុជា អាចនឹងដំណើរបាននៅពេលណានោះទេ។ ក្នុងការរៀបចំប្រព័ន្ធមួយនេះ កម្ពុជាពឹងជំនួយបច្ចេកទេសពីរដ្ឋាភិបាលម៉ាឡេស៊ី និងមួយផ្នែកទៀតពីស្តង់ដាហាឡាលរបស់ប្រទេសថៃ។ ព្រោះថា កម្ពុជាចង់រៀនសូត្រពីថៃ ដែលដំណើរការរៀបចំស្តង់ដានេះ ខណៈដែលជាប្រទេសមួយ មិនមែនកាន់សាសនាឥស្លាម។
ដើម្បីជ្រាបច្បាស់ពីបញ្ហានេះ សូមស្តាប់បទសម្ភាសរវាងសារព័ត៌មានថ្មីៗ ជាមួយលោក សុះ មុះសិន ដូចតទៅ
Tag:
ស្តង់ដាហាឡាលកម្ពុជា
សុះ មុះសិន
© រក្សាសិទ្ធិដោយ thmeythmey.com