ជាតិ
សង្គមជាតិ
នយោបាយជាតិ
សៀមរាបមានតំបន់អេកូទេសចរណ៍៣ដែលភ្ញៀវទេសចរតែងទៅកម្សាន្ត
× សៀមរាប៖ ក្រៅពីពឹងលើទេសចរណ៍វប្បធម៌ហើយនោះ ខេត្តសៀមរាបនៅមានតំបន់អេកូទេសចរណ៍ចំនួន៣គោលដៅទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ តំបន់អេកូទេសចរណ៍ទាំង៣នោះ រួមមាន ភ្នំគូលេន បារាយណ៍ទឹកថ្លា និងបឹងទន្លេសាប ដែលជាគោលដៅសំខាន់មួយ បន្ទាប់ពីប្រាសាទបុរាណ។
របាយការណ៍សង្ខេបរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា តំបន់អេកូទេសចរណ៍ ឫទេសចរណ៍ធម្មជាតិនៅក្នុងខេត្តសៀមរាប មានចំនួន៣កន្លែង។ ក្នុងនោះ មានភ្នំគូលេន ដែលគេដឹងថា មានលិង្គមួយពាន់ ទឹកជ្រោះ រួមនិងព្រះអង្គធំដ៏ស័ក្តសិទ្ធិ។ល។ បារាយណ៍ទឹកថ្លា ដែលទេសចរតែងទៅកម្សាន្តជាលក្ខណៈគ្រួសារ មិត្តភក្តិ និងដោយមានផ្ទៃទឹកធំល្វឹងល្វើយក្នុងខែវស្សា ហើយមានសមត្ថភាពផ្គត់ផ្គង់ទឹកដល់ផលដំណាំកសិកររាប់ពាន់ហិកតា។ ចុងក្រោយ គឺបឹងទន្លេសាប ដែលជាអាំងស្តុកមច្ឆាជាតិ រួមនិងផ្ទះបណ្តែតទឹករបស់អ្នកភូមិ។
ក្រៅពីតំបន់ទាំង៣ខាងលើហើយនោះ ខេត្តសៀមរាបនៅមានតំបន់អេកូទេសចរណ៍មួយកន្លែងទៀត ដែលទើបនឹងអភិវឌ្ឍន៍ថ្មី គឺបឹងពារាំង។ បឹងពារាំង សម្បូរដោយហ្វូងសត្វស្លាបរាប់ពាន់ក្បាល ហើយវាកំពុងក្លាយជាគោលដៅសំខាន់មួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តនៅបឹងពារាំង អំឡុងខែ មិនា មេសា និងឧសភា ព្រោះសម្បូរហ្វូងសត្វស្លាបច្រើន ដែលចុះរកចំណីនៅតំបន់នោះ។ ក្រៅពីសត្វស្លាប បឹងពារាំង ដែលស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ក៏មានសួនបន្លែធម្មជាតិ និងផ្ទះស្នាក់នៅ Green Home ផងដែរ។
យ៉ាងណាក៏ដោយ បឹងពារាំង នៅមិនទាន់មានការអភិវឌ្ឍប្រសើរឡើយ។ ប៉ុន្តែក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យដៃគូរពាក់ព័ន្ធទាំងអស់ ជួយអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីមួយនេះ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com