តើ​ពាក្យ​«​សតិសម្បជញ្ញៈ​»​ងាយ​នឹង​កើតមាន​សម្រាប់​មនុស្សម្នា​ក់ៗ​ដែរឬទេ​? ​
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ​«​សតិសម្បជញ្ញៈ​»​ងាយ​នឹង​កើតមាន​សម្រាប់​មនុស្សម្នា​ក់ៗ​ដែរឬទេ​? ​
12, Aug 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើ​រគ្រប់គ្នា ជាពិសេស​ក្រុម​បញ្ញវន្ត អ្នកសិក្សា​រៀនសូត្រ គឺ​ចូលចិត្ត​និយាយថា «​ក្នុងនាម​ជា​មនុ​ស្សគឺ​ត្រូវតែមាន​សតិសម្បជញ្ញៈ​»​។  នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា​«​សតិសម្បជញ្ញៈ​»​ ត្រូវ​បាន​ពន្យល់ថា «ស្មារតី និង​សេចក្ដី​ដឹងខ្លួន»​។ ប៉ុន្តែ​សួរថា​តើ​ពាក្យ​«​សតិសម្បជញ្ញៈ​»​ងាយ​នឹង​កើតមាន​សម្រាប់​មនុស្សម្នា​ក់ៗ​ដែល​ឬទេ​?



ជាការ​ពិតណាស់​ពាក្យ​ថា «​សតិសម្បជញ្ញៈ​» ជា​ពាក្យ​ដែល​ល្អ​ប្រពៃ ទាំង​អត្ថន័យ និង​ខ្លឹមសារ​ក្នុងការ​អនុវត្ត​។ ពាក្យ​នេះ​បង្ហាញ​ពី​ការ​ភ្ញាក់រឭក​ដឹងខ្លួន ដឹង​ពី​កំហុស ដឹង​ពី​ការប្រព្រឹត្ត​បាបកម្ម​របស់ខ្លួន​។ ព្រោះតែ​ជីវិត ចៀស​មិន​ផុតពី​កំហុស ទើប​ត្រូវការ​ស្មារតី​មួយ​គឺ​«​សតិសម្បជញ្ញៈ​»​ដើម្បី​មក​ក្រើនរំឭក​ខ្លួន បង្ហាញ​ពី​ទង្វើ និង​កំហុស​របស់ខ្លួន​។

​ដូច្នេះហើយ​បុគ្គល​ណា​ដែល មាន​សតិសម្បជញ្ញៈ គឺអាច​ចាត់ទុកថា​ជា​មនុស្ស​ល្អ រាប់​ថា​ជា​មនុស្ស​ស្វែងរក​សុភាវធម៌ នាំមក​នូវ​គុណសម្បត្តិ​ដល់​សង្គមជាតិ​។  ប៉ុន្តែ​ដើម្បី​ឲ្យ​ទទួលបាន​ស្មារតី​ភ្ញាក់រឭក​មួយ​នេះ​បាន គ្រប់​បុគ្គល​ចាំបាច់​ត្រូវការ មេត្តា ករុណា​ធម៌ ការស្រឡាញ់ សាមគ្គី អារម្មណ៍​សន្តិភាព និង​កម្រិត​ចំណេះដឹង​សមរម្យ ដែល​អាច​គិត អាច​វិនិច្ឆ័យ មាន​ហេតុផល​ច្បាស់លាស់ នោះ​ទើប​បុគ្គល​អាចមាន​សតិសម្បជញ្ញៈ​បាន​។

​ទោះជា​យ៉ាងណា ស្មារតី​ភ្ញាក់រឭក​ទាំងនេះ មិន​ងាយ​នឹង​កើតមាន​សម្រាប់​បុគ្គល​ម្នាក់ៗ​ឡើយ នៅពេលដែល​អំណាច​ផ្នែក​តណ្ហា​គ្រប​សង្ក​ត់​លើ​អង្គ​វិចារណញ្ញាណ​របស់​ពួកគេ​។ ព្រោះតែ​តណ្ហា អំណាច សេចក្ដី​ស្រេចកឃ្លាន អាត្មានិយម និង​ខ្វះ​បញ្ញា បានធ្វើ​ឲ្យ​«​សតិសម្បជញ្ញៈ​»​របស់​បុគ្គល​ចេះតែ​ឃ្លាតឆ្ងាយ​ពី​ខ្លួន​របស់​ពួកគេ​។​

​ហេតុនេះហើយ​បានជា​នៅក្នុង​ធម៌​ព្រះ មានឃ្លាដែលនិយាយលើកឡើង​ពី​ការ​កម្ចាត់​តណ្ហា បង្កើន​បញ្ញា សម្មាធិ​... ដើម្បី​អប់រំ​ចិត្ត និង​គំនិត ក្នុងការ​វិនិច្ឆ័យ​គ្រប់បែបយ៉ាង​។ នៅពេលដែល​សតិសម្បជញ្ញៈ ក្លាយជា គុណសម្បត្តិ និង​គុណធម៌​ដ៏​អស្ចារ្យ សម្រាប់​បុគ្គល​គ្រប់រូប​ហើយ នោះ​នឹង​នាំ​ឲ្យ​សង្គមជាតិ​មាន​សន្តិភាព​៕​


© រក្សាសិទ្ធិដោយ thmeythmey.com