ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន ប្តេជ្ញា​មិន​ឲ្យ​មាន​តំបន់អបគមន៍​គ្រឿងញៀន នៅ​ភ្នំពេញ​
26, Aug 2016 , 8:59 pm        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបថតហ្វេសប៊ុក លោក នេត សាវឿន
លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបថតហ្វេសប៊ុក លោក នេត សាវឿន
ដោយ:
 
​ភ្នំពេញ​៖ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក នេ​ត សាវឿន បាន​ជំរុញ​កម្លាំង​នគ​បាល​មាន​សមត្ថកិច្ច បន្ត​កំណត់​មុខសញ្ញា​បទល្មើស​គ្រឿងញៀន​ឲ្យ​ច្បាស់ ដើម្បី​បង្ក្រាប​លុប​​​បំបាត់​​​​ការ​​​​​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ទូទាំងប្រទេស​។ លោក​សង្កត់ធ្ងន់​ពុំ​អនុញ្ញាត​ឲ្យ​កើតមាន​តំបន់ អបគមន៍​គ្រឿងញៀន​ឡើយ ពិសេស​គឺ នៅ​តំបន់​ត្រពាំង​ឈូក​ក្នុង​រាជធានី​ភ្នំពេញ​។​



ស្តាប់សំឡេង




​លោក នេ​ត សាវឿន បាន​ប្តេជ្ញា​យ៉ាង​ម៉ឹងម៉ាត់​លុបបំបាត់​បទល្មើស​គ្រឿងញៀន​ដែល​បន្ត​កើន ឡើង​ពី​ទីក្រុង​ដល់​ជនបទ នៅ​កម្ពុជា​។ អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ ប្រកាស​ចេញ​វិធាន​ប្រឆាំង​ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន ស្របពេល​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ត្រូវបាន​សមត្ថកិច្ច​កំណត់ថា​ជាទី​តាំង​ប្រព្រឹត្តល្មើស​យ៉ាងសកម្ម នៅ​រាជធានី​ភ្នំពេញ​។​
 
​លោក នេ​ត សាវឿន បាន​ឆ្លៀត​យក​ឱកាស​បើក​កិច្ចប្រជុំ​សរុប​ការងារ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ៩​ខែ ឆ្នាំ​២០១៦ នៅ​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ អំពាវនាវ​កម្លាំង​នគរបាល​ពាក់ព័ន្ធ​ឲ្យ​បោសសម្អាត​ទីតាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​
 
«​ខ្ញុំ​ថា វា​មិន​ពិបាក​ទេ រឿង​(​ត្រពាំង​ឈូក​)​ប៉ុណ្ណឹង ឲ្យ​តែ​ឯកភាពគ្នា​ភ្លាម ដោះ​ភ្លាម​តំបន់​នេះ​។ គ្មាន​ឲ្យ​អ្នកឯង មក​អុង​អាត់​នៅទីនេះ​ទេ នៅ​ភ្នំពេញ​។ គ្មាន​ឲ្យ​អ្នកឯង​មក​ធ្វើ​អបគមន៍​គ្រឿង ញឿ​ន នៅទីនេះ​ទេ​...​ឈូស​វា​ឲ្យ​បាន​ទៅ គឺ​យើង​យក​ច្បាប់ ការអប់រំ​ទៅធ្វើ​»​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សង្កត់ធ្ងន់​ពី​ការ ព្រួយបារម្ភ​អនាគត​យុវជន​កម្ពុជា​ត្រូវ​បំផ្លាញ​ដោយសារ​គ្រឿងញៀន នៅ​ថ្ងៃទី​២៦ សីហា​នេះ ។​
​បើទោះបីជា បទល្មើស​គ្រឿងញៀន​បន្ត​កើនឡើង​យ៉ាងណាក៏ដោយ ក៏​លោក នេ​ត សាវឿន​នៅតែ​បន្ត​សរសើរ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ប្រតិបត្តិ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​យ៉ាងសកម្ម​កន្លងទៅ​។​
 
​ជាមួយគ្នា​ដែរ លោក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លើកឡើងថា កម្ពុជា​នៅតែ​ទទួលរង​គ្រោះថ្នាក់​ពីបទ​ល្មើស​ជួញដូរ​គ្រឿងញៀន ព្រោះ​កម្ពុជា​ជា​ប្រទេស ចរាចរ​ឆ្លងកាត់​បទ​ល្មើស​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក​និង​ទាំង​ផ្លូវអាកាស​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បញ្ជាក់​ពី​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង បទល្មើស​គ្រឿងញៀន​រយៈពេល ៩​ខែ​ឆ្នាំ​២០១៦ បាន​ចំនួន​២២៦៥​ករណី ក្នុងនោះ ឃាត់ខ្លួន​៥០៥៧​នាក់ (​ស្រី​៤៧៦​នាក់​) ជនជាតិខ្មែរ​៤៩៥៨​នាក់ (​ស្រី​៤៥៧​នាក់​)​និង​ជនបរទេស​១១​សញ្ជាតិ​៩៩​នាក់ (​ស្រី​១៩​នាក់​) រួមមាន​ជនជាតិ​វៀតណាម​៦០​នាក់ (​ស្រី​១៧​នាក់​), នី​ហ្សេ​រី​យ៉ា​១១​នាក់​, ស៊ុយអែត​ម្នាក់​, អាមេរិក​២​នាក់​, កូរ៉េ​ម្នាក់​, ចិន​១០​នាក់​(​ស្រី​១​នាក់​), ថៃ​៣​នាក់​(​ស្រី​ម្នាក់​), ឡាវ​៨​នាក់​, ហ្វាំ​ង​ឡង់​ម្នាក់​, អូស្ត្រាលី​ម្នាក់ និង​រ៉ូ​ម៉ា​នី​ម្នាក់​។​
 
​តាម​លោក ខៀវ សាម៉ន ជាង​៩​ខែ​នេះ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ទម្ងន់​ជាង ៦០​គីឡូក្រាម​ក្នុងនោះ រួមមាន​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម ICE​ជាង ៤៤​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) ជាង​៨​គីឡូក្រាម​, ហេ​រ៉ូ​អ៊ី​ន​ជាង​៣​គីឡូក្រាម​, កូកាអ៊ីន​ជាង​៨​គីឡូក្រាម​, កេ​តា​មីន​ជាង​៦៩​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​ជាង​៩០០​ក្រាម​។​ដោយឡែក​កញ្ឆា​ក្រៀម​ជាង​៤​គីឡូក្រាម ដើម​កញ្ឆា​៦២០២៣​ដើម​និង​ប្រេង​ម្រះព្រៅភ្នំ​៩៥​គីឡូក្រាម​៕

Tag:
 នេ​ត សាវឿន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com