ជាតិ
សង្គមជាតិ
គណៈមេធាវី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​ដក​បញ្ញត្តិ​ខ្លះ​នៃ​សេចក្តីព្រាងច្បាប់​​លក្ខន្តិកៈ​ក្រឡាបញ្ជី​
29, Aug 2016 , 10:06 pm        
រូបភាព
លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ដោយ:

​មេធាវី​ជាច្រើនរូប នាំគ្នា​បញ្ចេញមតិ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ពេញ​ចិត្តនឹង​បទបញ្ញត្តិ​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​លក្ខន្តិកៈ​ក្រឡាបញ្ជី​។ ចំណែក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឯណោះ​វិញ ក៏​ប្រញាប់ប្រញាល​សរសេរ​លិខិត​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឲ្យ​ដកចេញ​នូវ​ខ្លឹមសារ​ត្រង់​ផ្នែក​ទី ២ ជំពូក​ទី ៦ នៃ​សេចក្តីព្រាងច្បាប់​នេះ​។



​លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី​កម្ពុជា បានសម្រេច​សរសេរ​លិខិត​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឲ្យ​ពិចារណា​ដក​ខ្លឹមសារ​ផ្នែក​ទី ៣ ជំពូក​ទី ៦  នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ក្រឡាបញ្ជី​ចោល​តែម្តង​។ លោក​ប្រមុខ​មេធាវី​កម្ពុជា​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ផ្នែក​ទី ៣ នៃ​សេចក្តីព្រាងច្បាប់​នេះ មាន ៥ មាត្រា ពី​មាត្រា ៨១ ដល់​មាត្រា ៨៥ ដែលមាន​អត្ថន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជភាព​របស់​មេធា​វី ដែល​ផ្ទុយ​ពី​ច្បាប់​លក្ខន្តិកៈ​មេធាវី ឆ្នាំ ១៩៩៧ និង​គោលការណ៍​ជា​មូលដ្ឋាន​ស្តីពី​តួនាទី​របស់​មេធាវី ដែល​ត្រូវ​បានអនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៩៣ ។ ហើយ​ជាងនេះទៅទៀត លោក​ថា ផ្នែក​ទី ៣ នៃ​សេចក្តីព្រាងច្បាប់​នេះ ក៏​ផ្ទុយ​ពី​ច្បាប់​ដែល​នៅ​ជា​ធរមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ទុយ​ពី​គោលនយោបាយ​កំណែទម្រង់​វិស័យ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​របស់​រដ្ឋាភិបាល​។​
 
​សូមបញ្ជាក់ថា ផ្នែក​ទី ៣ ជំពូក​ទី ៦ ដែលមាន ៥ មាត្រា នៃ​សេចក្តីព្រាងច្បាប់​ស្តី​លក្ខន្តិកៈ​ក្រឡាបញ្ជី  បាន​បើក​សិទ្ធិ​ឲ្យ​ក្រឡាបញ្ជី​អាច​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​បាន​។ ហើយ​ផ្នែក​ទី ៣ នេះ បានផ្តល់​អំណាច ដល់​ក្រសួងយុត្តិធម៌ ដោយមាន​សមាសភាពរ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ជា​ប្រធាន​គណៈកម្មការ​ជ្រើសរើស​ក្រឡាបញ្ជី​ឲ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​។ 
 
​លិខិត​របស់​គណៈមេធាវី​កម្ពុជា ចុះ​ថ្ងៃទី ២៥ ខែសីហា ដែល​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា មាត្រា ៨៣ និង​មាត្រា ៨៤ ក្នុង​ផ្នែក​ទី ៣ ជំពូក​ទី ៦​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ក្រឡាបញ្ជី បានកំណត់​អំពី​យន្តការ​នៃ​ការសម្រេច​ឲ្យ​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី ដែល​ត្រូវធ្វើឡើង​ដោយ​គណៈកម្មការ​ពិនិត្យ​ការចូល​ប្រកប​វិជ្ជាជីវៈ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ឯករាជភាព និង​សិទ្ធិ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី ។ ពីព្រោះថា ក្រុមប្រឹក្សា​គណៈមេធាវី ជា​ស្ថាប័ន​មាន​សិទ្ធិ​សម្រេច​លើ​គ្រប់​បញ្ហា ដែល​ពាក់ព័ន្ធ​ទៅនឹង​វិជ្ជាជីវៈ​មេធាវី​ស្របតាម​បញ្ញត្តិ​នៃ​មាត្រា ១៩ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​។ នេះ​បើតាម​លិខិត​គណៈមេធាវី ហើយ​លិខិត​នោះ​បន្ត​បរិយាយ​យ៉ាងនេះ​ទៀតថា​៖« មាត្រា ៨៥ នៃ​សេចក្តីព្រាងច្បាប់​នេះ  បានធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ទៅលើ​ទំនាក់ទំនង​រវាង​ស្ថាប័ន​ចំនួន ២ គឺ​ក្រសួងយុត្តិធម៌ និង​គណៈមេធាវី​ថា តើ​ក្រសួងយុត្តិធម៌​ស្ថិតនៅក្រោម​អំណាច​ឋានានុក្រម​របស់​គណៈមេធាវី ឬ​គណៈមេធាវី​ស្ថិតនៅក្រោម​អំណាច​ឋានានុក្រម​របស់​ក្រសួងយុត្តិធម៌​? តែបើ​យោងតាម​ខ្លឹមសារ​នៃ​មាត្រា​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហាក់​ស្ថិតនៅក្រោម​អំណាច​ឋានានុក្រម​របស់​ប្រធាន​គណៈមេធាវី​»​។​
 
​ជា​ការកត់សម្គាល់ ប៉ុន្មាន​ថ្ងៃ​មកនេះ មេធាវី អ្នកច្បាប់​ជាច្រើនរូប បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទង​នឹង​ខ្លឹមសារ​ផ្នែក​ទី ៣ ជំពូក​ទី ៦ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ក្រឡាបញ្ជី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។  ភាគច្រើន​នៃ​ប្រតិកម្ម​របស់​មេធាវី​ទាំងនោះ គឺ​ប្រឆាំងនឹង​ខ្លឹមសារ​ផ្នែក​ទី ៣ នៃ​សេចក្តីព្រាងច្បាប់​នោះ ដោយ​ទាមទារ​ឲ្យ​ដកចេញ​។​
 
​កាលពី​ថ្ងៃទី ២៧ ខែសីហា លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ចេញមុខ​បកស្រាយ​តាមរយៈ​សារព័ត៌មាន​ហ្វ្រេស​ញូ​ថា សេចក្តីព្រាងច្បាប់​នោះ គ្រាន់តែ​ជា​សេចក្តីព្រាង​បឋម​របស់​ក្រុមការងារ​បច្ចេកទេស​តែប៉ុណ្ណោះ គឺ​ពុំទាន់​បាន​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​នៅឡើយ​ទេ គឺ​ស្ថិតក្នុង​ដំណើរការ​ប្រមូល​មតិយោបល់​បន្ថែម​តែប៉ុណ្ណោះ​។ ហើយ​ក្នុងនាម​ក្រសួងយុត្តិធម៌​លោក ក៏​អរគុណ​ចំពោះ​មតិ​របស់​សាធារណៈជន​ដើម្បី​ស្ថាបនា​សេចក្តីព្រាង​នេះ​ផងដែរ​៕

Tag:
 ប៊ុន ហុន​
  ក្រឡាបញ្ជី​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com