ជាតិ
សង្គមជាតិ
គណៈមេធាវីស្នើឲ្យរដ្ឋមន្ត្រីយុត្តិធម៌ដកបញ្ញត្តិខ្លះនៃសេចក្តីព្រាងច្បាប់លក្ខន្តិកៈក្រឡាបញ្ជី លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
×
មេធាវីជាច្រើនរូប នាំគ្នាបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក ដោយមិនពេញចិត្តនឹងបទបញ្ញត្តិមួយចំនួននៃសេចក្តីព្រាងច្បាប់ថ្មីស្តីពីលក្ខន្តិកៈក្រឡាបញ្ជី។ ចំណែកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឯណោះវិញ ក៏ប្រញាប់ប្រញាលសរសេរលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យដកចេញនូវខ្លឹមសារត្រង់ផ្នែកទី ២ ជំពូកទី ៦ នៃសេចក្តីព្រាងច្បាប់នេះ។
លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានសម្រេចសរសេរលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យពិចារណាដកខ្លឹមសារផ្នែកទី ៣ ជំពូកទី ៦ នៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជីចោលតែម្តង។ លោកប្រមុខមេធាវីកម្ពុជារូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ផ្នែកទី ៣ នៃសេចក្តីព្រាងច្បាប់នេះ មាន ៥ មាត្រា ពីមាត្រា ៨១ ដល់មាត្រា ៨៥ ដែលមានអត្ថន័យធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់មេធាវី ដែលផ្ទុយពីច្បាប់លក្ខន្តិកៈមេធាវី ឆ្នាំ ១៩៩៧ និងគោលការណ៍ជាមូលដ្ឋានស្តីពីតួនាទីរបស់មេធាវី ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ ១៩៩៣ ។ ហើយជាងនេះទៅទៀត លោកថា ផ្នែកទី ៣ នៃសេចក្តីព្រាងច្បាប់នេះ ក៏ផ្ទុយពីច្បាប់ដែលនៅជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលនយោបាយកំណែទម្រង់វិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា ផ្នែកទី ៣ ជំពូកទី ៦ ដែលមាន ៥ មាត្រា នៃសេចក្តីព្រាងច្បាប់ស្តីលក្ខន្តិកៈក្រឡាបញ្ជី បានបើកសិទ្ធិឲ្យក្រឡាបញ្ជីអាចចូលប្រកបវិជ្ជាជីវៈមេធាវីបាន។ ហើយផ្នែកទី ៣ នេះ បានផ្តល់អំណាច ដល់ក្រសួងយុត្តិធម៌ ដោយមានសមាសភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធានគណៈកម្មការជ្រើសរើសក្រឡាបញ្ជីឲ្យប្រកបវិជ្ជាជីវៈមេធាវី។
លិខិតរបស់គណៈមេធាវីកម្ពុជា ចុះថ្ងៃទី ២៥ ខែសីហា ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា មាត្រា ៨៣ និងមាត្រា ៨៤ ក្នុងផ្នែកទី ៣ ជំពូកទី ៦នៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី បានកំណត់អំពីយន្តការនៃការសម្រេចឲ្យចូលប្រកបវិជ្ជាជីវៈមេធាវី ដែលត្រូវធ្វើឡើងដោយគណៈកម្មការពិនិត្យការចូលប្រកបវិជ្ជាជីវៈ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឯករាជភាព និងសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ។ ពីព្រោះថា ក្រុមប្រឹក្សាគណៈមេធាវី ជាស្ថាប័នមានសិទ្ធិសម្រេចលើគ្រប់បញ្ហា ដែលពាក់ព័ន្ធទៅនឹងវិជ្ជាជីវៈមេធាវីស្របតាមបញ្ញត្តិនៃមាត្រា ១៩ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ នេះបើតាមលិខិតគណៈមេធាវី ហើយលិខិតនោះបន្តបរិយាយយ៉ាងនេះទៀតថា៖« មាត្រា ៨៥ នៃសេចក្តីព្រាងច្បាប់នេះ បានធ្វើឲ្យមានមន្ទិលសង្ស័យទៅលើទំនាក់ទំនងរវាងស្ថាប័នចំនួន ២ គឺក្រសួងយុត្តិធម៌ និងគណៈមេធាវីថា តើក្រសួងយុត្តិធម៌ស្ថិតនៅក្រោមអំណាចឋានានុក្រមរបស់គណៈមេធាវី ឬគណៈមេធាវីស្ថិតនៅក្រោមអំណាចឋានានុក្រមរបស់ក្រសួងយុត្តិធម៌? តែបើយោងតាមខ្លឹមសារនៃមាត្រានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហាក់ស្ថិតនៅក្រោមអំណាចឋានានុក្រមរបស់ប្រធានគណៈមេធាវី»។
ជាការកត់សម្គាល់ ប៉ុន្មានថ្ងៃមកនេះ មេធាវី អ្នកច្បាប់ជាច្រើនរូប បានបញ្ចេញប្រតិកម្មទាក់ទងនឹងខ្លឹមសារផ្នែកទី ៣ ជំពូកទី ៦ នៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ភាគច្រើននៃប្រតិកម្មរបស់មេធាវីទាំងនោះ គឺប្រឆាំងនឹងខ្លឹមសារផ្នែកទី ៣ នៃសេចក្តីព្រាងច្បាប់នោះ ដោយទាមទារឲ្យដកចេញ។
កាលពីថ្ងៃទី ២៧ ខែសីហា លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមុខបកស្រាយតាមរយៈសារព័ត៌មានហ្វ្រេសញូថា សេចក្តីព្រាងច្បាប់នោះ គ្រាន់តែជាសេចក្តីព្រាងបឋមរបស់ក្រុមការងារបច្ចេកទេសតែប៉ុណ្ណោះ គឺពុំទាន់បានឆ្លងយោបល់ថ្នាក់ដឹកនាំក្រសួងសម្រេចនៅឡើយទេ គឺស្ថិតក្នុងដំណើរការប្រមូលមតិយោបល់បន្ថែមតែប៉ុណ្ណោះ។ ហើយក្នុងនាមក្រសួងយុត្តិធម៌លោក ក៏អរគុណចំពោះមតិរបស់សាធារណៈជនដើម្បីស្ថាបនាសេចក្តីព្រាងនេះផងដែរ៕
Tag:
ប៊ុន ហុន
ក្រឡាបញ្ជី
ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com