ពីនេះ ពីនោះ
បើ​គ្មាន​ចំណុច​សំខាន់ៗ ទាំង​១០ នេះ​ទេ​យុវជន​កុំ​ប្រាថ្នា​ចង់​ក្លាយជា​អ្នកដឹកនាំ​វ័យក្មេង​
12, Aug 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកណា​ក៏​ចង់​ធ្វើ​ធំ អ្នកណា​ក៏​ចង់​ក្លាយជា​អ្នកគ្រប់គ្រង​គេ ដឹកនាំ​គេ អ្នកបញ្ជា​គេ​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ មនុស្ស ដែលមាន​ចរិតលក្ខណៈ កាយសម្បទារ សមត្ថភាព និង​លទ្ធភាព សមជា​អ្នកដឹកនាំ​គឺ​មិនមាន​ច្រើន​នោះឡើយ​។



​យុវជន បើ​ចង់​ក្លាយជា​អ្នកដឹកនាំ​គេ ត្រូវ​សង្កេតមើល​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ របស់ខ្លួន​ឲ្យ​បាន​ច្បាស់  ដើម្បី​រៀបចំខ្លួន​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​វ័យក្មេង​។ ជាធម្មតា ដើម្បី​ក្លាយជា​អ្នកដឹកនាំ​បាន យ៉ាងហោចណាស់ យុវជន​ត្រូវ​សិក្សា​ពី​ខ្លួនឯង​តាមរយៈ​ចំណុច​មួយចំនួន​ដូចខាងក្រោម​៖

​ទីមួយ​. ជា​បុគ្គល ដែលមាន​សុខភាព​ល្អ​គ្មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ និង​គ្មាន​បញ្ហា​ខាង​ស​សៃ​ប្រសាទ

​ទី​ពីរ​. ជា​បុគ្គល មាន​រាងកាយ​ល្អ មាំមួន​មិន​ពិការ​អវយវៈ​ណាមួយ អាចបំពេញ​កិច្ចការ​ស្រាវជ្រាវ​បាន​គ្រប់​មធ្យោបាយ​តាមផ្លូវ​ចិត្ត បញ្ញា និង​សម្ភារ​

​ទី​បី​. ជា​បុគ្គល មាន​ភាពឈ្លាស់វៃ ស្គាល់​កាលៈទេសៈ ចេះ​បត់បែន​តាម​សភាពការណ៍

ទី​បួន​. ជា​បុគ្គល មានចំណេះដឹង​សមស្រប​តាម​តម្រូវការ​សង្គម និង​បទពិសោធន៍​គ្រប់​កាលៈទេសៈ​

​ទី​ប្រាំ​. ជា​បុគ្គល មាន​សមត្ថភាព​អាច​ជំនួស​រៀមច្បង ឬ​អ្នក​ចាស់​បាន​យ៉ាង​ល្អប្រសើរ

​ទី​ប្រាំមួយ​. ជា​បុគ្គល មានគុណ​ធម៌ សីលធម៌ ស្មោះត្រង់ ឧត្ដមគតិ មនសិការ ការងារ គិត​ប្រយោជន៍​រួម​ជាធំ ឧស្សាហ៍​ព្យាយាម តស៊ូ​អំណត់​សុទិដ្ឋិនិយម​

​ទី​ប្រាំពីរ​. ជា​បុគ្គល មាន​ស្មារតី​សាមគ្គី​ទូលំទូលាយ ទំនាក់ទំនង​ល្អ​ក្នុង​ក្រុម ក្នុងសង្គម​

​ទី​ប្រាំបី​. ជា​បុគ្គល ចេះ​ចាត់ចែង​មនុស្ស​ឲ្យ​សម​តាម​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត

ទី​ប្រាំបួន​.
ជា​បុគ្គល មាន​ចក្ខុវិស័យ​ទូលំទូលាយ មើលឃើញ​បាន​វែងឆ្ងាយ មាន​វិធានការ​ច្បាស់លាស់

ទី​ដប់​. ជា​បុគ្គល ដែល​ស្គាល់​ច្បាស់​ពី​របៀប​ដឹកនាំ បែងចែក​ការងារ នីតិវិធី​ក្នុងការ​ដោះស្រាយ​បញ្ហា និង​គោលជំហរ​រឹងមាំ មិន​ងាយ​ចុះចាញ់​។​

​ជារួម​មក ទាំង​ដប់​ចំណុច​ខាងលើ អាច​ចាត់ទុកថា ជា​ចំណុច​គោល​សំខាន់ៗ​សម្រាប់​ឲ្យ​យុវជន យកទៅ​ពិចារណា ដើម្បី​ជា​មេរៀន​មួយ​ក្នុងការ​រៀបចំខ្លួន​។ ដ្បិតថា ជា​អ្នកដឹកនាំ ជា​អ្នកគ្រប់គ្រង​គេ គឺ​ត្រូវមាន​ចំណុច​ច្រើន ដែល​ត្រូវ​លើក​យកមក​ពិចារណា  និង​អនុវត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ព្យាយាម​រៀបចំខ្លួន​ឲ្យ​បាន​ចំណុច​ទាំងនេះ​គឺជា​រឿង​ដែល​ប្រសើ​បំផុត​៕


© រក្សាសិទ្ធិដោយ thmeythmey.com