ពីនេះ ពីនោះ
កុំ​ធ្វើជា​យុវជន​ផ្អើល​តាម​គ្នា តែ​ត្រូវ​ធ្វើជា​យុវជន​រឹងមាំ​សម្រាប់​ជាតិ​
13, Feb 2021 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​សកម្មភាព​យុវជន​ក្នុងស្ថានភាព​សង្គម ទំនោរ​រេរា ជ្រួលជ្រើម​តាម​គ្នា គឺ​ពិតជា​រូបភាព​មួយ​ដែល​ត្រូវ​ពិចារណា ស្វែងរក​វិធី​ដោះស្រាយ​។​



​ការ​ជ្រួលជ្រើម​ក្នុងការ​ប្រើប្រាស់​សម្ភារ ការទទួលយក​វប្បធម៌​នានា ខ្វះ​ភាពម្ចាស់ការ​ចំពោះ​ខ្លួនឯង ការបត់បែន​ទាំង​មិនបាន​ពិចារណា​ឲ្យ​បាន​ដិតដល់​ក្នុង​វិស័យ​នយោបាយ រូបភាព​សប្បាយរីករាយ​ឥត​ព្រំដែន ការ​ជ្រួលជ្រើម​តាម​សង្គម​ទំនើប​ដោយ​ខ្វះ​គ្រឹះ​ពិចារណា និង​ទង្វើ​ផ្សេងៗ​ទៀត​របស់​យុវជន​មួយចំនួន​គឺជា​ចំណុច​គួរ​ឲ្យ​បារម្ភ​ចំពោះ​វាសនា​សង្គម​។​

​ការព្រួយបារម្ភ​នោះ​ប្រហែល​មិនគួរ​គិត ព្រោះ​មាន​យុវជន​មួយចំនួនធំ​គេ​ល្អ រឿង​អ្វីដែល​ត្រូវ​ទៅ​គិតពី​មនុស្ស​មួយក្រុម​តូច​? ប៉ុន្តែ​ជា​ស្មារតី​ជាតិ​មួយ ច្បាស់​ណាស់​គឺ​មិន​ចង់ឃើញ​យុវវ័យ​សម័យថ្មី​ដើរ​លើផ្លូវ​អវិជ្ជមាន​ចំពោះ​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​សូម្បីតែ​ម្នាក់​។

​ហេតុនេះហើយ យុវជន​សម័យថ្មី​ត្រូវតែ​សម្លឹងមើល​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ នឹង​រៀបចំខ្លួន​ឲ្យ​បានល្អ​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​ខ្លួនឯង កុំ​ធ្វើជា​យុវជន​ជ្រួលជ្រើម​គ្មាន​ហេតុផល​។ ប៉ុន្តែ​ត្រូវ ដើម្បី​ឲ្យ​ស័ក្តិ​សមជា​ប្រជាពលរដ្ឋ និង​មានតម្លៃ​ក្នុងនាម​ជា​ឫស្សី​ស្នង​សង្គម​ទៅ​ថ្ងៃមុខ យុវជន​ត្រូវមាន​ការទទួលខុសត្រូវ ឲ្យ​បាន​ខ្ពស់​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ ដើម្បី​ជួយ​ពង្រឹង​សង្គម​ខ្លួនឯង​។

​បន្ថែម​ពីនេះ ការបញ្ចេញ​ទស្សនៈ យោបល់ ការវិភាគ ត្រូវប្រកាន់យក​មាគ៌ា​សីលធម៌ យុត្តិធម៌ និង​មានគំនិត​ជឿនលឿន និង​ថ្លៃថ្នូរ​។ សម្រាប់​យុវជន​កំពុង​បន្ត​ទម្លាប់​មិន​ច្បាស់លាស់​សម្រាប់​ខ្លួនឯង ក្នុងការ​សម្រេចចិត្ត ត្រូវ​ព្យាយាម​សិក្សា​ស្វែងយល់​ពី​សមត្ថភាព​រប​ស់​ខ្លួន ឡើងវិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com