អន្តរជាតិ
នយោបាយអន្តរជាតិ
បានគីមូន សរសើរ ចិន,អាមេរិកដែលបំពុលបរិស្ថានខ្លាំង សុខចិត្តផ្តល់សច្ចាប័នកិច្ចព្រមព្រៀងអាកាសធាតុ
× អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគី មូនបាន សរសើរមហាអំណាចទាំងពីរអាមេរិកនិងចិន ដែលបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយព្រមផ្តល់សច្ចាប័នកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ យ៉ាងណាមិញ មហាអំណាចចិន និងអាមេរិក ត្រូវបានគេចាត់ទុកជាប្រទេសបំពុលបរិស្ថានខ្លាំងជាងគេមកទល់ពេលបច្ចុប្បន្ន។
ការសម្រេចរបស់អាមេរិកនិងចិនក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលបង្កើតឡើងកាលពីចុងឆ្នាំ ២០១៥ សំដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជារឿងមួយគួរឲ្យកត់សម្គាល់បំផុត។ ទោះជាយ៉ាងក្តី គេមិនភ្លេចថាមហាអំណាចទាំងពីរនេះសុទ្ធតែជាអ្នកបំពុលពិភពលោកខ្លាំងជាងគេដែរ។
ទាក់ទងបញ្ហានេះ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាតិបានហៅការសម្រេចចិត្តនេះថាជាជំហានប្រវត្តិសាស្ត្រ ហើយលោកបានអំពាវនាវឲ្យបណ្តាប្រទេសដទៃទៀតដែលមិនទាន់បានផ្តល់សច្ចាប័នឬចូលរួមក្នុងកិច្ចព្រមព្រៀងឲ្យយកគំរូតាមចិន និងអាមេរិកផង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua លោក បាន គីមូន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកិច្ចប្រជុំប្រទេស២០ ថា៖« ខណៈដែលចិន និងអាមេរិកបង្កើតជំហានប្រវត្តិសាស្ត្រ ឥឡូវនេះយើងមានភាគីចំនួន ២៦ហើយដែលជាសមាជិកអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តី ពីអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសទាំងនេះ មានចំណែក ៣៩ភាគរយក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលលោកទាំងមូល»។
ក្រៅពីហៅសកម្មភាពរបស់មហាអំណាចទាំងពីរថាជាជោគជ័យ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានសរសើរការដឹកនាំដ៏ប៉ិនប្រសព្វនិងល្អប្រសើររបស់លោក ស៊ី ជិនពីង ក៏ដូចជាលោក បារ៉ាក់ អូបាម៉ា ផងដែរ។ អ្នកទាំងពីរនេះហើយបានប្រឹងប្រែងដើម្បីសម្រេចបានការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុពិភពលោករួមគ្នា។ មេដឹកនាំទាំងពីរក៏បានផ្ទេរឯកសារផ្លូវច្បាប់ពាក់ព័ន្ធការផ្តល់សច្ចាប័នជូន លោក បាន គីមូន រួចរាល់ដែរកាលពីថ្ងៃសៅរ៍ទី ៣ ខែ កញ្ញានេះ។
ត្រលប់មកវិញ ទាក់ទិនកិច្ចព្រមព្រៀងប៉ារីសស្តីពីអាកាសធាតុដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកតាំងពីខែធ្នូឆ្នាំមុនមកនោះមិនចូលជាធរមានភ្លាមៗឡើយ។ ដើម្បីចូលជាធរមាន វាត្រូវការប្រទេសជាសមាជិកយ៉ាងហោចណាស់ ៥៥ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើនឹង ៥៥ភាគរយព្រមផ្តល់ច្ចាប័ន។
ដូច្នេះហើយ ទោះបានជាលោក បាន គីមូន បានទទូចសុំឲ្យបណ្តាមេដឹកនាំប្រទេសដទៃទៀតប្រញាប់ប្រញាល់ពន្លឿនការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងនេះ។ ហើយការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងក្រុងប៉ារីសនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ស្របពេលដែលពិភពលោកកំពុងត្រូវការដំណោះស្រាយបន្ទាន់។
ក្រៅពីនេះ លោក បា គីមូន បានកោតសរសើរចិនដែលកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រទេស ២០ នេះ ហើយលោកបានសង្កត់ធ្ងន់ថា លោកពិតជាសប្បាយចិត្តណាស់ដែល ការអភិវឌ្ឍជានិរន្តរភាពត្រូវបានគេចាត់ទុកជារឿងអាទិភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំប្រទេស ២០៕
© រក្សាសិទ្ធិដោយ thmeythmey.com