អន្តរជាតិ
ឥណ្ឌា​និង​វៀត​ណា​មជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ផ្តោត​សំខាន់​លើ​វិស័យ​យោធា​
05, Sep 2016 , 10:39 pm        
រូបភាព
​ចុង​សប្តាហ៍​កន្លងទៅ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី និង​មេដឹកនាំ​វៀតណាម បានសម្រេច​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដល់​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែលជា​កម្រិត​ខ្ពស់បំផុត​មួយ​។ ឥណ្ឌា​និង​វៀតណាម​ប្តេជ្ញា​ពង្រឹង​ចំណងមិត្តភាព​លើ​វិស័យ​ជាច្រើន តែ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​យោធា​។​



​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ចុង​សប្តាហ៍​កន្លងមក ទៅកាន់​ប្រទេស​វៀតណាម ក្លាយជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​និង​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក នា​រិ​ន្ទ្រា ម៉ូ​ឌី  បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ម​ហា​អំណាច​អាស៊ី​ខាងត្បូង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ​ជាមួយ​វៀតណាម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

 ១.​ឥណ្ឌា​និង​វៀតណាម​បង្កើត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​
​ពេលទៅដល់​វៀតណាម លោក ម៉ូ​ឌី បាន​ចូលជួប​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​បណ្តា​មេដឹកនាំ​វៀតណាម​ក្នុងនោះ​មាន​ទាំង​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc, ប្រធានាធិបតី Tran Dai Quang និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong​។

​យោងតាម​សារព័ត៌មាន​ឥណ្ឌា Times of India មេដឹកនាំ​ទាំងពីរ​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ចំនួន ១២  ហើយ​ឥណ្ឌា​បានប្រកាស​ផ្តល់ជំនួយ​ជាច្រើន​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​របស់​វៀត​ណា​ម​ដែរ​។ ហើយ​កិច្ចព្រមព្រៀង​ចំនួន ១២  គ្របដណ្តប់​លើ​ទំនាក់ទំនង​ទ្វេភាគី​លើ​ច្រើន​វិស័យ​ក្នុងនោះ​មាន​ទាំង ពាណិជ្ជកម្ម​, វិនិយោគ​, ការពារជាតិ​, សន្តិសុខ​អ៊ី​ន​ធឺ​ណែ​ត និង​កិច្ចសហប្រតិបត្តិការ​លំ​ហ​អាកាស​ថែមទៀត​។​

​អ្វីដែល​សំខាន់ «​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»​រវាង​ភាគី​ពីរ​ត្រូវបាន​ដំ​ឡើងទៅ​កម្រិត​ខ្ពស់បំផុត «​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​ដែរ​។

​ការ​ឈានទៅ​បង្កើន​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​នេះ បង្ហាញថា​ឥណ្ឌា​និង​វៀតណាម​កាន់តែ​ខិតជិត​គ្នា និង​ស្និទ្ធស្នាល​គ្នា​ខ្លាំង​។ ហើយ​ភាពស្អិតល្មួត​រវាង​វៀតណាម​និង​នេះ​ក៏​ប្រហែលជា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការពង្រឹង​ឥទ្ធិពល​របស់​ឥណ្ឌា​និង​ទប់ទល់​ការ​កើន​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​ដែរ​។​

​ដោយឡែក ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​ផ្តល់​លុយ​ជំនួយ ៥០០ លាន​ដុល្លារ​ដើម្បី​ជួយ​វៀតណាម​កសាង​សមត្ថភាព​យោធា​និង​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ថែមទៀត​។

​ទាក់ទង​កញ្ចប់​ជំនួយ ៥០០​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​វិស័យ​យោធា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​អះអាង ឥណ្ឌា​ជួយ​វៀតណាម​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​សម្រួល​ដល់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នៅពេល​អនាគត​។ ឥណ្ឌា​ក៏បាន​ប្រកាស​ផ្តល់ កញ្ចប់​ជំនួយ​ផ្សេងទៀត​ដែរ​ដើម្បី​គាំទ្រ​ដល់​ការសាងសង់​ទូក​ល្បាត​សម្រាប់​ឆ្មាំ​សមុទ្រ​វៀតណាម​។​

​តាំងពី​យូរ​មកហើយ ឥណ្ឌា​បាន​បន្ត​ផ្តល់ជំនួយ​និង​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​ក្រុង​ហាណូយ តាមរយៈ​ការបំពាក់​បំប៉ន​សមត្ថ​ភាព​ប្រើប្រាស់​នាវាមុជទឹក  ដែ​វៀតណាម​បាន​ទិញ​ពី​រុស្ស៊ី​កន្លងមក​នោះ​។​

​ក្រៅពី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏បាន​ស្នើ​ឲ្យ​មានការ​ពង្រឹង​ចំណង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិបញ្ញត្តិ ដោយ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​មន្ត្រី​ស្ថាប័ន​នីតិបញ្ញត្តិ​ឲ្យ​បាន​ញឹកញាប់​។

២. វៀតណាម​ជា​ជ​ន្ទ​ល់​នៃ​នយោបាយ​ការបរទេស​ឥណ្ឌា​«​ធ្វើ​សកម្មភាព​ភាគ​ខាងកើត​»
​ដោយឡែក ក្នុងជំនួប​រវាង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​បរិយាយ​ថា វៀតណាម​គឺជា​សរសរ​ស្តម្ភ​ដ៏​សំខាន់​មួយ​នៃ​ភាពជោគជ័យ​របស់​នយោបាយ​ការបរទេស​ឥណ្ឌា «​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​»​។ 

​បច្ចុប្បន្ននេះ គោលនយោបាយ​ការបរទេស​ឥណ្ឌា​គឺ​ធ្វើ​យ៉ាង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​,​នយោបាយ​, ការទូត និង​យោធា​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​តំបន់​អាស៊ាន​តែម្តង​។ តាមពិតទៅ​គោលនយោបាយ ធ្វើ​សកម្មភាព​ទិសខាងកើត​របស់​មហា​យ​ក្ស​ឥណ្ឌា ត្រូវ​បានដាក់​អនុវត្ត​ក្នុង​អាណត្តិ​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ហើយ​វា​ត្រូវបាន​គេ​កែសម្រួល​និង​ផ្លាស់ប្តូរ​ពី​គោលនយោបាយ​សំឡឹង​ទៅ​ទិសខាងកើត (Look East Policy)​។ តែ​ជាធម្មតា គេ​មើលឃើញថា គោលនយោបាយ​នេះ​មាន​គោលដៅ​សំខាន់បំផុត​ត្រឹម​ទប់ទល់​ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​ប៉ុណ្ណោះ​។​

​ចំណែក​លោក Nguyen Phu Trong វិញ​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គោលជំហរ​មិន​ប្រួល​ប្រែ​របស់​ឥណ្ឌា​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ជំហរ​របស់​ឥណ្ឌា​គឺ​កណ្តាល មិន​នៅ​ខាង​ភាគី​ណាមួយ​ឡើយ តែ​សំខាន់​មហាអំណាច​នេះ​គាំទ្រ​សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​ក្នុង​តំបន់​ជម្លោះ​។  ជារឿយៗ​ឥណ្ឌា​តែង​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​បន្ត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី គោរព​ច្បាប់​អន្តរជាតិ​ជាពិសេស​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ និង​ហោះហើរ​ផងដែរ​៕


Tag:
 នា​រិ​ន្ទ្រា ម៉ូ​ឌី​
  Nguyen Xuan Phuc
  Nguyen Phu Trong
 Tran Dai Quang
© រក្សាសិទ្ធិដោយ thmeythmey.com