អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា លុប​ជំនួប​ចោល ក្រោយ​លោក Duterte ជេរ​លោក​
06, Sep 2016 , 9:47 am        
រូបភាព
 
 
​ជំនួប​ទ្វេភាគី​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ត្រូវបាន​លុបចោល​ហើយ នៅក្រោយ​ការវាយប្រហារ​ដោយ​ពាក្យសម្ដី​មិន​សមរម្យ​ដាក់​ប្រធានាធិបតី​អាមេរិក ពី​សំណាក់​ប្រមុខរដ្ឋ​ហ្វីលីពីន​។ នេះ អាច​ចាត់ទុកជា​រឿង​មិន​ធ្លាប់មាន​ដែល​មេដឹកនាំ​ប្រទេសមួយ ប្រើពាក្យ​អសុរោះ​ធ្ងន់ៗ ដាក់​មេដឹកនាំ​ប្រទេស​មួយទៀត​នោះ​។

 
​មន្ត្រី​សេត​វិមាន នៅ​ថ្ងៃទី​៦ ខែកញ្ញា ប្រកាសថា ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចិត្ត​លុបចោល​ជំនួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ហើយ បន្ទាប់ពី​ប្រមុខរដ្ឋ​ហ្វីលីពីន បាន​ហៅ​លោក អូ​បា​ម៉ា ថា​ជា​កូនស្រី​ខូច​រួចមក​។ ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រើពាក្យ​មិន​សមរម្យ​ដូចនេះ នៅ​មុនពេល​ចាកចេញ​ទៅកាន់​ឡាវ ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន ក៏ដូចជា​ជួប​ជាមួយ​លោក អូ​បា​ម៉ា ដែរនោះ​។ 
 
​បន្ទាប់ពី​ការប្រើ​ពាក្យ​ប្រមាថ​របស់លោក Duterte ប្រធានាធិបតី​អាមេរិក បាន​ប្រាប់​មន្ត្រី​របស់លោក ឲ្យ​ពិនិត្យឡើងវិញ​ជំនួប​ដែល​គ្រោងបាន​ទុក​រួចហើយនោះ ដោយ​លោក អូ​បា​ម៉ា និយាយថា លោក​ចង់បាន​ជំនួប​ដែលមាន​ផ្លែផ្កា​។ បន្តិចក្រោយមក លោក Ned Price អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បញ្ជាក់ថា ប្រធានាធិបតី អូ​បា​ម៉ា នឹងមិន​ជួប​លោក Duterte ទេ ហើយ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ នៅ​ថ្ងៃទី​៦ ខែកញ្ញា ជំនួស​វិញ​។​
 
​សារព័ត៌មាន Bloomberg ផ្សាយ​ថា ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ផ្ដោត​សំខាន់​លើ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​កន្លងមក បាន​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​ជាច្រើនលើក​។ ចុងក្រោយ​នោះ នៅមុន​បន្តិច​នៃ​ការបិទ​បញ្ចប់​កិច្ចប្រជុំ​ប្រទេស​រីកចម្រើន​ទាំង​២០ ក្រុង​ព្យុងយ៉ាង ក៏បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​បី​គ្រាប់​ទៀត ផ្គើន​កិច្ចប្រជុំ ដែល​ចិន​ជា​ម្ចាស់ផ្ទះ​ផង​នោះ​។ 
 
​តាមពិតទៅ ការ​មើលមុខ​មិនត្រូវ​រវាង​ហ្វីលីពីន និង​អាមេរិក ផ្ដើមចេញពី​យុទ្ធនាការ​បង្ក្រាប​ឈ្មួញ និង​អ្នក​ប្រើ​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​។ អាមេរិក បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន ចំពោះ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន ដែល​ភាគច្រើន​ធ្វើ​នៅក្រៅ​ប្រព័ន្ធតុលាការ និង​ចាត់ទុក​រឿងនេះ ជាការ​រំលោភ​សិទ្ធិមនុស្ស​។ ប៉ុន្តែ​បុរស​ខ្លាំង Duterte មិនបាន​អើពើ​នឹង​ការព្រួយបារម្ភ​នោះទេ ថែមទាំង​បញ្ជា​ឲ្យ​បង្កើន​យុទ្ធនាការ​នេះ​ទៀតផង​។ 
 
​មួយវិញទៀត នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក​ប្រធានាធិបតី Duterte ប្រើពាក្យ​គំរោះគំរើយ​ដាក់​ថ្នាក់ដឹកនាំ​អាមេរិក​នោះ​។ លោក ធ្លាប់​ហៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​ថា ជា​កូនស្រី​សំផឹង និង​ជា​ខ្ទើយ​ផងដែរ​។ យ៉ាងណាមិញ ជាមួយនឹង​ការប្រើ​ពាក្យ​មិន​សមរម្យ​បែបនេះ ទំនាក់ទំនង​រឹងមាំ​រវាង​ហ្វីលីពីន និង​អាមេរិក ទំនងជា​ប្រេះឆា​ខ្លាំង​មិន​ខាន ចំពេល​ដែល​ចិន កំពុងតែ​វាតទី​ក្នុង​តំបន់​ផង​នោះ​៕
 

Tag:
 ឡាវ​
 Barack Obama
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com