អន្តរជាតិ
លោក អូ​បា​ម៉ា ឆ្លៀត​ជួប​សមាជិក​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​«YSEALI»​នៅ​ឡាវ​ជា​លើកចុងក្រោយ​
06, Sep 2016 , 2:11 pm        
រូបភាព
ដោយ:
​លួង ប្រា​បាង​៖ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​០៥-០៨​ខែកញ្ញា នឹង​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​មកកាន់​ឡាវ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​រដ្ឋធានី​វៀងចន្ទន៍​។ វត្តមាន​ប្រវត្តិសាស្ត្រ​មកកាន់​ទីក​ដី​ឡាវ​នេះដែរ លោក អូ​បា​ម៉ា ក៏​នឹង​ឆ្លៀត​ជួប​ជាមួយនឹង​យុវជន និង​មេដឹកនាំ​វ័យក្មេង​នៃ​គំនិត​ផ្តួចផ្តើម​ផងដែរ​។​



​ដូច​សព្វមួយដង ឆ្លៀតឱកាស​ពី​ការបំពេញ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​អាស៊ាន លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​០៧ ខែកញ្ញា​ខាង​នេះ នឹង​ជួប​ជជែក និង​ដេញដោល​ជាមួយនឹង​យុវជន និង​មេដឹកនាំ​វ័យក្មេង​ប្រមាណ​១៨០​នាក់​មកពី​ប្រទេស​អាស៊ាន​ទាំង​ដប់​ដែលជា​សមាជិក​របស់ YSEALI ឆ្នាំ​២០១៦ នៅ Luang Prabang ដែល​តំបន់​វប្បធម៌ និង​បុរាណ​របស់​ឡាវ​។ នេះ គឺជា​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​២០១៦​របស់ YSEALI ហើយ ដែល វា ក៏​ជា​ឱកាស​នៃ​ជំនួប​ចុងក្រោយ​ហើយ​សម្រាប់​លោក អូ​បា​ម៉ា ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ជាមួយនឹង​យុវជន​ទាំងនោះ​។

​សូម​ជម្រាប​ផងដែរ YSEALI (Young Southeast Asian Leaderships initiative) គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០១៣​។ គំនិត​ផ្តួចផ្តើម ដែល​ផ្តោតលើ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន អប់រំ និង​ការផ្សារភ្ជាប់​រវាង​ប្រជាជន​ស៊ីវិល​នេះ មាន​ទិសដៅ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​មេដឹកនាំ​ដែលមាន​សក្តានុពល​រប​ស់​អាស៊ីអាគ្នេយ៍​, ពង្រីក​ជំនាញ​របស់​ពួកគេ​(​មេដឹកនាំ ឬ​យុវជន​វ័យក្មេង​)​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ដែល​ប្រកបដោយ​សក្តានុពល មេដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ក្រៅ​អង្គកា​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ជាពិសេស​នោះ ជំរុញ​ឲ្យ​ពួកគេ​ធ្វើកា​រួមគ្នា​ឆ្លង​ប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​។​

​គិត​ចាប់ពី​ឆ្នាំ​២០១៤​មក លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់បាន​ជួប​យុវជន និង​មេដឹកនាំ​វ័យក្មេង​អាស៊ាន​ជាង​ពីរពាន់​នាក់ ប្រាំ​ដង​រួចទៅហើយ​។  លោក អូ​បា​ម៉ា តែងតែ​យក​ឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ជាមួយនឹង​មេដឹកនាំ​កំពូល​អាស៊ាន​ដើម្បី​ជជែក​ដេញដោល និង​ស្វែងយល់​ជាមួយនឹង​យុវជន​អាស៊ីអាគ្នេយ៍​ដែលជា​សមាជិក​YSEALI៕


© រក្សាសិទ្ធិដោយ thmeythmey.com