អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា ថា​នយោបាយ​ការបរទេស​ចាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មិន​ចប់​តាម​អាណត្តិ​លោក​ឡើយ​
06, Sep 2016 , 8:00 pm        
រូបភាព
  ពេល​ថ្លែង​សុន្ទរកថា​នៅ​នៅក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ជាថ្មី​ថា គោលនយោបាយ​ការបរទេស​អាមេរិក​ផ្តោតលើ​តំបន់​អាស៊ី​នឹងមិន​បាត់​តាម​តំណែង​ប្រធានាធិបតី​របស់លោក​ឡើយ​។ អាមេរិក​នឹង​នៅ​បន្ត​បង្កើន​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​ប្រទេស និង​ប្រជាជន​អាស៊ីអាគ្នេយ៍​ដដែល​។​


​នយោបាយ​ការបរទេស «​ត្រឡប់មក​ពង្រឹង​ឥទ្ធិពល​អាមេរិក​»​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​នៅ​បន្តទៅ​មុខ​ទោះ ទោះ​មានការ​ផ្លាស់ប្តូរ​ការដឹក​នាំនៅ​អាមេរិក​ខាងមុខ​ក៏ដោយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ នា​ថ្ងៃ​អង្គារ​ទី ៦ កញ្ញា​នេះ ដែល​រៀបចំឡើង​នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន ។​
 
​យោងតាម​វីដេអូ ដែល​ចុះផ្សាយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ឡាវ  លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងថា​៖«​ចំណុច​ស្នូល​នៃ​គោលនយោបាយ​ការបរទេស​ខ្ញុំ​ក្នុងនាម​ជា​ប្រធានាធិបតី​គឺ​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​បណ្តា​ប្រទេស​និង​ប្រជាជន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​»​។​
 
​ក្នុង​រយៈពេល​ជិត ៨​ឆ្នាំ​មកនេះ គោលនយោបាយ​ការបរទេស​របស់លោក បា​រ៉ា​ក់​អូ​បា​ម៉ា គឺ​ធ្វើយ៉ាងណា​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​ឡើងវិញ​តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ តួយ៉ាង​ការលើកស្ទួយ​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​ទៅ​ដៃគូ​យុទ្ធសាស្ត្រ និង​ការពង្រឹង​ចំណង​យោធា​ជាមួយ​ប្រទេស​ហ្វីលីពីន  សិង្ហ​បុរី និង​ឥណ្ឌា​ផងដែរ​។​
 
​តាមពិតទៅ វត្តមាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ឡាវ អាចជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​មកកាន់​តំបន់​អាស៊ី​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​។ ហើយ​លោក​រំពឹង​មុតមាំ​ថា ថា​ទំនាក់ទំនង​រវាង​អាមេរិក​និង​រដ្ឋ​នៅក្នុង​តំបន់​នឹង​កាន់តែ​រឹងមាំ​និង​នៅ​ស្ថិត​ស្ថិរ​ជា​ដរាប​តទៅ​ដែរ​។ 
 
​អាមេរិក​មិនអាច​បោះបង់ចោល​អាស៊ី​បានឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។  នេះ​ក៏​ដោយសារ​អាមេរិក​មាន​ប្រយោជន៍​នៅក្នុង​តំបន់​អាស៊ី​ច្រើន ក្នុងនោះ​មាន​ទាំង​សេដ្ឋកិច្ច​,​នយោបាយ និង​យោធា​។ 
 
​លោក អូ​បា​ម៉ា បាន​បន្តថា​៖ «​ប្រយោជន៍​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​មិនមែន​ថ្មី​ឡើយ​។ វា​មិនមែន​រយៈពេល​ខ្លី​ដែរ​។ វា​ឆ្លុះបញ្ចាំង​ពី​ប្រយោជន៍​ជាតិ​ជា​មូលដ្ឋាន​របស់​អាមេរិក​នៅក្នុង​តំបន់​។ យើង​នៅ​ទីនោះ​រហូត​។ ទោះ​ក្នុង​ស្ថានការណ៍​ល្អ និង​អាក្រក់ ប្រទេស​ក្នុង​តំបន់​អាច​ពឹងពាក់​លើ​សហរដ្ឋអាមេរិក​បាន​»៕
 
 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
 ​កិច្ចប្រជុំ​កំពូល​អាស៊ាន​
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com