ជាតិ
សង្គមជាតិ
ក្រោយ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ អភិបាល​រាជធានី ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​បារម្ភ​ពី​សន្តិសុខ
06, Sep 2016 , 10:10 pm        
រូបភាព
ដោយ:
​​


តាមរយៈ​សារព័ត៌មាន​ថ្មីៗ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស  បាន​ប្រាប់​ទៅ​​ប្រជាជន​រស់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ ឬ​សុវត្ថិភាព​ឡើយ បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្លូវ ១៦៣ ក្នុង​សង្កាត់​បឹង​កេងកង ៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
 
​លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ម៉ោងជិត ១០ យប់​នេះ​ថា បញ្ហា​សន្តិសុខ អាជ្ញាធរ​អាច​គ្រប់គ្រង​បាន​។ « យើង​អាច​ក្តោប​ក្តាប់​សភាពការណ៍​បាន។ ដូច្នេះមិនមាន​អ្វី​ជាការ​ព្រួយបារម្ភ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​។​
 
​យ៉ាងណា លោក សុជាតិ​វង្ស នៅ​មិនទាន់​អាច​បញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់​បឹង​កេងកង ៣ កាលពី​ម៉ោង ៧ និង ៤០ នាទី យប់ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៣ នាក់​រងរបួស​នោះ កើតឡើង​ពី​ហេតុអ្វី ឬ​ក្រុម​ណាមួយ​ជា​អ្នកធ្វើ​ឡើយ​។ លោក​គ្រាន់តែ​អាច​ប្រាប់​បាន​យ៉ាងខ្លីបែប​នេះ​ថា​៖« សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​ហើយ​»​។​
 

Tag:
 បំផ្ទុះគ្រាប់បែកបឹងកេងកង៣
© រក្សាសិទ្ធិដោយ thmeythmey.com