អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ថា ចិនដឹកនាំជំនួប G-20 ទទួលបាន​ជោគជ័យ​
07, Sep 2016 , 8:26 am        
រូបភាព
ដោយ:
​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ បានបញ្ចប់​ហើយ បន្ទាប់ពី​បាន​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ នៅឯ​ទីក្រុង​ហាង​ចូ​វ​។ មេដឹកនាំ​ពិភពលោក​ជាច្រើន មកពី​ជុំវិញ​ពិភពលោក បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។ ដោយឡែក ប្រមុខរដ្ឋ​អេ​ហ្ស៊ី​ប លោក Abdel Fattah el-Sisi បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily ថា កិច្ចប្រជុំ​នេះ ពិតជា​ទទួលជោគជ័យ​មិនខានឡើយ​។

 
​ក្រៅពី​សមាជិក​នៃ​បណ្ដា​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ទាំង​២០ ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក៏បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​ចំនួន​៨ ជា​ភ្ញៀវកិត្តិយស ក្នុងនោះ​ក៏មាន​ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Abdel Fattah el-Sisi ផងដែរ​។ លោក el-Sisi និយាយថា ចិន បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​នេះ ឲ្យ​ទទួលបាន​ជោគជ័យ ហើយ​កិច្ចប្រជុំ​នេះ នឹង​បញ្ចប់ទៅ​ជាមួយនឹង​លទ្ធផល​ស្របតាម​ការរំពឹងទុក​។ 
 
​ជាមួយនឹង​ការ​អរគុណ​ចិន ដែល​អញ្ជើញ​អេ​ហ្ស៊ី​ប​ចូលរួម​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​អេ​ហ្ស៊ី​ប និយាយ​ដែរ​ថា ការអញ្ជើញ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​មិត្តភាពរ​វ​វាង​រវាង​ចិន និង​អេ​ហ្ស៊ី​ប​ទេ តែ​វា​ក៏បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​អេ​ហ្ស៊ី​ប​លើ​ឆាក​អន្តរជាតិ​ដែរ​។ ហើយ​អេ​ហ្ស៊ី​ប គាំទ្រ​រាល់​គំនិត​ផ្ដួចផ្ដើម​ទាំងអស់​របស់​ចិន ក្នុង​ដំណើរ​ការរៀបចំ​ជំនួប​នេះ និង​ចូលរួម​ជាមួយ​ចិន ដើម្បី​អនុវត្ត​សំណើ​ទាំងនោះ​។​
 
​លោក el-Sisi ក៏បាន​សាទរ​ចំពោះ​ទំនាក់ទំនង​រវាង​ចិន និង​អេ​ហ្ស៊ី​ប ដែល​ចងភ្ជាប់​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ​១៩៥៦ ហើយ​អេ​ហ្ស៊ី​ប គឺជា​ប្រទេស​ប្រទេស​អាហ្វ្រិក និង​អារ៉ាប់​ដំបូង​គេ ដែល​ទទួលស្គាល់​ចិន​។ លោក el-Sisi បន្តថា ទំនាក់ទំនង​ដែល​មិនអាច​ផ្លាស់ប្ដូរ​នេះ នឹង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ស្រប​ពេលដែល​ប្រទេស​ទាំងពីរ នឹង​រៀបចំ​រម្លឹក​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​២០១៦​នេះ​។​
 
​ចំ​ពេលដែល​ទំនាក់ទំនង​កាន់តែ​រឹងមាំ ប្រទេស​ទាំងពីរ​បាន​ព​ង្រី​ក​ការ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ទៅគ្រប់​វិស័យ​ទាំងអស់ រួមទាំង​នយោបាយ សេដ្ឋកិច្ច យោធា សន្តិសុខ និង​វប្បធម៌​ផងដែរ​។ ប្រធានាធិបតី​អេ​ហ្ស៊ី​ប​អះអាងថា ទំនាក់ទំនង​ចិន​-​អេ​ហ្ស៊ី​ប កាន់តែ​រីកចម្រើន បន្ទាប់ពី​ត្រូវបាន​ដំឡើង​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១៤​។ 
 
​លើសពីនេះ លោក el-Sisi លើកឡើង​ដែរ​ថា អេ​ហ្ស៊ី​ប​ឲ្យ​តម្លៃ​លើ​តួនាទី​របស់​ចិន ក្នុងការ​ជំរុញ​ទំនាក់ទំនង​ចិន​-​អាហ្វ្រិក អារ៉ាប់​-​ចិន ក៏ដូចជា​ទំនាក់ទំនង​ត្បូង​-​ត្បូង​ផងដែរ​។ ជាមួយនឹង​បច្ចេកវិទ្យា​ឈានមុខ និង​ការវិនិយោគ​របស់​ចិន រួម​នឹង​ទីតាំង​ភូមិសាស្ត្រ​របស់​អេ​ហ្ស៊ី​ប ក្រុង​Cairo អាច​ដើរតួ​ជា​ច្រកចូល​របស់​ចិន ទៅកាន់​អាហ្វ្រិក​បាន​។ លោក​ពន្យល់ថា អេ​ហ្ស៊ី​ប​ស្វាគមន៍​ការវិនិយោគ​របស់​ចិន ហើយ​ទំនិញ​របស់​ចិន អាច​ចូល​ទីផ្សារ​អាហ្វ្រិក​បាន តា​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អេ​ហ្ស៊ី​ប និង​រដ្ឋ​អាហ្វ្រិក​៕   
 
 
 
    

Tag:
 G20
  Abdel Fattah el-Sisi
  ស៊ីជីនពីង
© រក្សាសិទ្ធិដោយ thmeythmey.com