អន្តរជាតិ
រថយន្តលោក ពូទីន ជួបគ្រោះថ្នាក់បណ្ដាលឲ្យតៃកុងសំណព្វចិត្តរបស់លោកបាត់បង់ជីវិត អ្នកបើករថយន្តឲ្យលោក ពូទីន ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។ រូបថត Cen Getty
×
រថយន្តផ្លូវការរបស់ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងរដ្ឋធានីមូស្គូ ដែលបណ្ដាលឲ្យអ្នកបើកឡានជំនិតរបស់ប្រធានាធិបតីរុស្សី បាត់បង់ជីវិត។ យ៉ាងណាក្ដី លោក ពូទីន មិនមានវត្តមានក្នុងឡាន នៅពេលហេតុការណ៍កើតឡើងនោះទេ ចំណែកមូលហេតុនៃរឿងនេះ ក៏មិនទាន់ដឹងច្បាស់ដែរ។
តៃកុងឡានសំណព្វចិត្តរបស់ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប្រធានាធិបតីម៉ាក BMW និងរថយន្តអ្នកដំណើរផ្សេងទៀត។ បើតាមវីដេអូដែលថតបាន រថយន្តប្រធានាធិបតីរុស្សី កំពុងតែបើកលើវិថី Kutuzovsky ក្នុងរដ្ឋធានីមូស្គូ នៅពេលដែលរថយន្ត Mercedes មួយទៀត ដែលរត់ក្នុងទិសដៅផ្សេងគ្នា បើកមកបុករថយន្តប្រធានាធិបតីតែម្ដង។
ជាសំណាងល្អ លោកប្រធានាធិបតី ពូទីន មិនបានជិះក្នុងឡាននោះទេ។ ចំណែកឯអ្នកបើកឡានប្រធានាធិបតី ដែលមានបទពិសោធបើកបរជាង៤០ឆ្នាំមកហើយនោះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើទោះជាក្រុមគ្រូពេទ្យទៅដល់ក៏ដោយ។ សារព័ត៌មាន The Sun ផ្សាយដែរថា គេក៏មិនដឹងពីវាសនាអ្នកបើកឡាន Mercedes ថា នៅមានជីវិត ឬអត់ដែរ ក្នុងហេតុការណ៍ឡានបុកគ្នានេះ។
ប្រភពព័ត៌មានខាងលើបន្តថា រថយន្តប្រធានាធិបតីនោះ គឺជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាសហព័ន្ធ។ ជាមួយនឹងការកើតឡើងគ្រោះថ្នាក់នេះ គេកំពុងព្រួយបារម្ភខ្លាំង ជុំវិញសុវត្ថិភាពថ្នាក់ដឹកនាំប្រទេស ដែលត្រូវជិះក្នុងរថយន្តទាំងនេះ។ លោកប្រធានាធិបតី ពូទីន នឹងទទួលបានរថយន្តធ្វើដំណើរថ្មីស៊េរីទំនើប នៅឆ្នាំក្រោយ។
ប្រមុខរដ្ឋរុស្សី នឹងត្រូវធ្វើដំណើរដោយរថយន្តច្នៃម៉ូដថ្មី Kortezh (Cortege) នៅ ដំណាច់ ឆ្នាំ ២០១៧ ដែលរថយន្តថ្មីនេះ មានសមត្ថភាពដូចរថយន្ត The Beast ដែលដឹក ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា ដែរ។ រថយន្តការពារគ្រាប់ខាងលើនេះ នឹងត្រូវផលិតគ្រប់ប្រភេទឡានទាំងអស់ ទាំងប្រភេទបួនកៅអី ក៏ដូចជាប្រភេទ Limosine ទៀតផង។
អ្វីកាន់តែពិសេសនោះ ទ្វាររបស់រថយន្ត Kortezh នេះ នឹងក្រាស់ជាងទ្វារឡានធម្មតាដប់ដង ព្រមទាំងមានប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនដែរ។ ការបន្ថែមសមត្ថភាពខ្លាំងបែបនេះ នឹងជួយពង្រឹងការពារសុវត្ថិភាពអ្នកដំណើរ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកនយោបាយធំៗក្នុងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com