អន្តរជាតិ
នយោបាយអន្តរជាតិ
លួងប្រាបាង៖ សន្តិសុខត្រូវបានរឹតបន្តឹងខ្លាំងដើម្បីការពារលោកអូបាម៉ា ដែលនឹងជួបយុវជន YSEALI
× លួងប្រាបាង៖ សន្តិសុខជារួមនៅទីក្រុងលួងប្រាបាងប្រទេសឡាវ ត្រូវបានរឹតបន្តឹងខ្លាំង ហើយនៅតាមផ្លូវមួយចំនួនត្រូវបានបិទផងដែរ ដើម្បីការពារសុវត្ថិភាពប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា។ លោកនឹងអញ្ជើញទៅជួបជាមួយយុវជនសមាជិក YSEALI ចំនួន ១៨០ រូប នៅសាកលវិទ្យាល័យ Souphanouvong នៅម៉ោង២រសៀលនាថ្ងៃពុធនេះ។
ផ្លូវមួយចំនួននៅក្រុងលួងប្រាបាងត្រូវបានបិទ ហើយកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ត្រូវបានគេពង្រាយដើម្បីការពារសន្តិសុខជូនប្រជាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលមានវត្តមាននៅទីក្រុងលួងប្រាបាង ។
តាមពិតទៅ នៅម៉ោង ២រសៀល ថ្ងៃពុធទី ៧កញ្ញា នេះលោក បារ៉ាក់ អូបាម៉ា នឹងជួបសំណេះសំណាលជាមួយបណ្តាសមាជិកគំនិតផ្តួចផ្តើមភាពជាអ្នកមេដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ហៅកាត់ថា YSEALI ។យុវជន YSEALI ចំនួន ១៨០រូប ក្នុងនោះមានយុវជនកម្ពុជា ១៤រូបផងនឹងមានឱកាសជជែកនិងសួរសំនួរលោកបារ៉ាក់ អូបាម៉ាផងដែរ។ ជំនួបពិសេសនេះនឹងត្រូវធ្វើឡើងនៅ សាកលវិទ្យាល័យ Souphanouvong ហើយសន្តិសុខជារួមនៅសាកលវិទ្យាល័យក៏ត្រូវបានគេរឹតបន្តឹងខ្លាំងដូចគ្នា។
សូមបញ្ជាក់ថា ជំនួបកំពូលប្រចាំឆ្នាំ YSEALI ២០១៦ ដែលធ្វើឡើងនៅតំបន់បុរាណ និងវប្បធម៌ លួងប្រាបាង ដោយកម្មវិធីនេះចាប់ផ្តើមពី ទី៦ដល់ថ្ងៃទី៨ ខែកញ្ញា ដោយផ្តោតលើបញ្ហាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងគម្លាតនៃការអភិវឌ្ឍ៕
Tag:
បារ៉ាក់ អូបាម៉ា
YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com