អន្តរជាតិ
ទាហាន​តួ​ក​គី​ពីរ​នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច ជាមួយ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ភាគ​ជើង​ប្រទេស​ស៊ី​រី​
08, Sep 2016 , 8:59 am        
រូបភាព
ដោយ: VOA
​កង​យោធា​នៃ​ប្រទេស​តួ​ក​គី​បាន​និយាយថា ទាហាន​ពីរ​នាក់​របស់​ពួកគេ​បាន​បាត់បង់​ជីវិត​ហើយ​ប្រាំ​នាក់​ទៀត​បាន​ត្រូវរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ពួក​រដ្ឋ​ឥស្លាម នៅក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។​



​បើតាម​កាសែត​ប្រចាំថ្ងៃ​ឈ្មោះ Hurriyet បាន​រាយការណ៍​ថា ការប្រយុទ្ធ​គ្នា​បាន​កើតមានឡើង​នៅ​ជិត​ក្រុង al-Rai នៅក្នុង​ថ្ងៃទី​១៤​នៃ​កិច្ចប្រតិបត្តិការ​មួយ​ក្នុង​ផ្នែក​ក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។​

​គេ​រាយការណ៍​ថា ទាហាន​ទាំងនេះ​បាន​ស្លាប់​នៅពេលដែល​ពួក​រដ្ឋ​ឥស្លាម បាន​បាញ់​មី​ស៊ី​ល ត្រូវចំ​រថក្រោះ​ពីរ​គ្រឿង​របស់​កងទ័ព​តួ​ក​គី នៅក្នុង​ភូមិ Wuquf នេះ​បើ​យោងតាម​កាសែត Hurriyet​។​

​សារព័ត៌មាន​នេះ​ផ្សាយ​ថា សមាជិក​ពីរ​នាក់​នៃ​កងទ័ព​ស៊ី​រី​សេរី​គាំទ្រ​ដោយ​ប្រទេស​តួ​ក​គី ក៏បាន​បាត់បង់​ជីវិត​ដែរ​ហើយ​សមាជិក​ពីរ​នាក់​ទៀត នៃ​ក្រុម​នេះ​បាន​ត្រូវរបួស​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​។​

​កងរថក្រោះ​នៃ​កងទ័ព​តួ​ក​គី បាន​បើក​ចូលទៅក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី​២៤​ខែសីហា ដើម្បី​ចាប់ផ្តើម​ការវាយលុក​មួ​យ​មាន​ឈ្មោះថា «​កិច្ចប្រតិបត្តិការ Euphates Shield» ដើម្បី​វាយប្រហារ​មិនមែន​តែ​ពួក​រដ្ឋ​ឥស្លាម ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​វាយប្រហារ​លើ​កងកម្លាំង Kurde ដែរ​នៅក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។​

​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ​នៅ​ខាងក្នុង​ប្រទេស​ស៊ី​រី បានចាប់ផ្តើម​នៅក្រោយ​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បានធ្វើការ​វាយប្រហារ​កាលពី​ថ្ងៃទី​២០​ខែសីហា នៅក្នុង​ក្រុង Gaziantep នា​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​តួ​ក​គី នៅ​ជិត​ព្រំដែន​ប្រទេស​ស៊ី​រី ដែល​បាន​បណ្តាលឱ្យ​មនុស្ស​៥៤​នាក់​ស្លាប់​នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ របស់​ពួក Kurde មួយ​។ អាជ្ញាធរ​នៃ​ប្រទេស​តួ​ក​គី បាន​បន្ទោស​ពួក​រដ្ឋ​ឥស្លាម​ថា​បានធ្វើការ​វាយប្រហារ​នោះ​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com