អន្តរជាតិ
អាមេរិក​៖ បើ​ជួប​លោក Duterte ក៏​មិនបានការ​អី​ដែរ​
07, Sep 2016 , 8:19 pm        
រូបភាព
​ពាក្យសំដី​មិន​សមរម្យ​របស់លោក Rodrigo Duterte ដាក់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជំរុញ​ឲ្យ​អាមេរិក​លុបចោល​ជំនួប​ទ្វេភាគី ដែល​គ្រោង​ធ្វើ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​។ នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​ឡាវ​ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន ប្រធានាធិបតី​ហ្វីលីពីន ដែល​មិន​ពេញចិត្ត​នឹង​ការរិះគន់​របស់​អាមេរិក ជុំវិញ​ការសម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន បាន​ប្រើពាក្យ​អសុរោះ​ខ្លាំង​លើ​ប្រធានាធិបតី​អាមេរិក ដែល​ធ្វើ​ឲ្យ​ជំនួប​ទ្វេភាគី​លើកដំបូង ត្រូវ​អាក់ខាន បើទោះជា​ហ្វីលីពីន សម្ដែង​ការសោកស្ដាយ​ក៏ដោយ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ជំនួប​ទ្វេភាគី​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ាប និង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ត្រូវបាន​លុបចោល បន្ទាប់ពី​ការវាយប្រហារ​ដោយ​ពាក្យសម្ដី​មិន​សមរម្យ​ដាក់​ប្រធានាធិបតី​អាមេរិក ពី​សំណាក់​ប្រមុខរដ្ឋ​ហ្វីលីពីន​។ ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សេត​វិមាន​អះអាងថា អាមេរិក​លុបចោល​ជំនួប​ទ្វេភាគី ព្រោះ​សម្ដី​លោក Duterte ធ្វើ​ឲ្យ​បរិយាកាស​មិន​អំណោយផល​ដល់​ការជជែក​គ្នា​ឡើយ​។​

​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ លោក Ben Rhodes បានបញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ដល់​ការលុបចោល​ជំនួប​រវាង​លោក អូ​បា​ម៉ា និង​លោក Duterte​។ វា​ច្បាស់​ណាស់​ថា ពាក្យសម្ដី​មិន​សមរម្យ​របស់លោក Duterte ជា​កត្តា​សំខាន់​ក្នុង​រឿងនេះ ដោយ​លោក Ben Rhodes និយាយថា សម្ដី​គំរោះគំរើយ​របស់​ប្រធានាធិបតី​ហ្វីលីពីន មិនបាន​ផ្ដល់​បរិយាកាស​មាន​ប្រយោជន៍​ដល់​ជំនួប​ទ្វេភាគី​ឡើយ​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​ខាងលើ​បន្តថា វា​ក៏​មិនមែនជា​ពេល​សមស្រប​សម្រាប់​ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​ដែរ ព្រោះ​នៅមុន​ជំនួប​ដែល​គ្រោងទុក​មកដល់ បែរជា​ប្រមុខរដ្ឋ​ហ្វីលីពីន វាយប្រហារ​លោក អូ​បា​ម៉ា ទៅវិញ​។ យ៉ាងណាមិញ បើតាម​លោក Ben Rhodes សហរដ្ឋអាមេរិក និង​ហ្វីលីពីន នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទៅមុខទៀត​។ ហើយ​ក្នុងករណី​ដែលមាន​ការខ្វែងគំនិត​នោះ ភាគី​ទាំងពីរ នឹង​រួមគ្នា​ដោះស្រាយ​។​

​ជាមួយគ្នា​នោះ បើទោះជា​មាន​ការប្រទាំងប្រទើស​សម្ដី​ខ្លះ និង​ការរិះគន់​ជុំវិញ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដើម្បី​បង្ក្រាប​គ្រឿងញៀន​ក្ដី ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន នឹង​នៅតែ​បន្ត​ដដែល​។ ក្នុង​សន្និសីទកាសែត ថ្ងៃទី​៦ ខែកញ្ញា លោក Ben Rhodes បញ្ជាក់ថា អាមេរិក​គាំទ្រ​ប្រទេស​ទាំងអស់ ដែល​បោសសម្អាត​គ្រឿងញៀន តែ​ប្រតិបត្តិការ​ទាំងនោះ គួរតែ​ឡើង​ស្របតាម​ច្បាប់​របស់​ប្រទេស​។​

​ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​យូរអង្វែង​មួយ​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​។ ប្រទេស​ទាំងពីរ សហការគ្នា​យ៉ាង​ស៊ីជម្រៅ ទាំង​វិស័យ​ការទូត សេដ្ឋកិច្ច និង​យោធា ព្រមទាំង​កិច្ចការ​សមុទ្រ​ផងដែរ​។ ក្រុង​វ៉ាស៊ីនតោន ក៏​កាន់ជើង​ក្រុង​ម៉ានីល លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ ទំនាក់ទំនង​ប្រទេស​ទាំងពីរ បាន​ធ្លាក់ចុះ ដោយសារតែ​ការរិះគន់​របស់​អាមេរិក​លើ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់​ហ្វីលីពីន​៕  


Tag:
 ​អាមេរិក​
  ហ្វីលីពីន​
  Barack Obama
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com