អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ក្លាយជា​តារា Rock ប្រចាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ​
07, Sep 2016 , 7:45 pm        
រូបភាព
រូបភាពហ្វេសប៊ុកលោក Rodrigo Duterte
រូបភាពហ្វេសប៊ុកលោក Rodrigo Duterte
 ​រដ្ឋមន្ត្រី​ព័ត៌មាន​ហ្វីលីពីន បាន​អះអាងថា ប្រធានាធិបតី Rodrigo Duterte ត្រូវ​បានទទួល​ស្វាគមន៍​ពី​សំណាក់​បណ្តា​មេដឹកនាំ​ពិភពលោក​និង​ប្រតិភូ​ជាច្រើន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រៀប​ដូច​«​តារា Rock»​ដែល​ល្បីល្បាញ​។ លោក​មិន​ត្រឹមតែ​ល្បី​នៅ​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ តែ​នៅ​ទូទាំង​អាស៊ាន​និង​ដល់​ជប៉ុន​ផង​។ 


​បណ្តា​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក សុទ្ធតែ​ចង់​ជួប​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដោយផ្ទាល់​ដើម្បី​សំណេះសំណាល​ដើម្បី​ឲ្យ​បានដឹងថា​លោក​ជា​មនុស្ស​បែបណា​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ក្លាយ​ទីកន្លែង​បង្ហាញខ្លួន​ឬ​ណែនាំ​ខ្លួន​ជា​លើកដំបូង​របស់​ប្រមុខរដ្ឋ​ហ្វីល​ពី​ន និង​ជា​កន្លែង​ដែល​មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ពិភពលោក​ជួប​ជែក​ពិភាក្សា​ជាមួយ​លោក​ផ្ទាល់​។​
 
​យោងតាម​សារព័ត៌មាន Inquirer លោក Martin Andanar រដ្ឋមន្ត្រី​ព័ត៌មាន​ហ្វីលីពីន​បាន​អះអាងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកទីមួយ​ក្នុងនាម​ជា​ប្រធានាធិបតី លោក Duterte បានទទួល​ការស្វាគមន៍​ពី​មេដឹកនាំ​ដទៃ​ដូចជា «​តារា Rock»​។​

 
​លោក​ថ្លែងថា​៖« ប្រធានាធិបតី Duterte ល្បីល្បាញ មិនមែន​នៅតែ​ក្នុង​ហ្វីលីពីន​ទេ ប៉ុន្តែ​លោក​ក៏​ល្បីល្បាញ​នៅ​ឡាវ និង​នៅ​ជប៉ុន​ដែរ​។ ​រដ្ឋមន្ត្រីការបរទេស​និង​ប្រតិភូ​បរទេស​ជាច្រើន​នាក់​ប្រញាយ​គ្នា​សុំ​ថតរូប Selfies ជាមួយ​លោក​ទៀត​»​។​ក្នុង​ដំណើរទស្សនកិច្ច​ទៅឡាវ​នេះដែរ លោក Duterte បានជួបពិភាក្សាទ្វេភាគីជាមួយ​មេដឹកនាំអាស៊ាន​ច្រើននាក់​ក្នុងនោះ​មានលោក លីសៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី និងលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

 
​ចំណែក​អ្នកនាំពាក្យ​ប្រធានាធិបតី Eesto Abella លោក Duterte ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង ១០​។ ហើយ​ក្នុងនាម​ជា​អ្នកនាំពាក្យ​លោក Eesto Abella អះអាងថា លោក​ពិតជា​កោតសរសើរ​លោក Duterte ដែល​អាចមាន​សមត្ថភាព​ក្នុង​គ្រប់គ្រង​រាល់​ការសន្ទនា​ជាមួយ​បណ្តា​មេដឹកនាំ​នានា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​។​


 
​កាលពី​ម្សិលមិញ ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ លោក Duterte ក៏​ទទួលបាន​ការកោតសរសើ​រ​ផងដែរ​។ លោក អា​បេ បាន​ប្រា​ប់លោក Duterte ត្រង់ៗ​ថា លោក Duterte នេះ​ជា​អ្នកនយោបាយ​ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​ដែរ​។​

 ទោះបីជា​លោក​ល្បីល្បាញ ហើយ​មាន​អ្នក​សុំ​ជួប​ច្រើនយ៉ាង​ណាក៏ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនមែនជា Fan របស់លោក Duterte ទេ​។ ពាក្យសម្តី​គំរោះគំរើយ​និង​អសុរោះ​របស់លោក Duterte ដែល​ជេរប្រមាថ​លោក​កន្លងមក​បានធ្វើ​ឲ្យ​លោក អូ​បា​ម៉ា ក្តៅក្រហាយ​មិនតិច​ទេ​។​លោក​ខឹង​រហូត​លុបចោល​ជំនួប​ទ្វេភាគី​ដែល​គ្រោងទុក​រាប់​ខែ​មកនេះ​ផងដែរ​៕
 
 
 

Tag:
 Rodrigo Duterte
  បារ៉ាក់ អូបាម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com