អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​ផ្តល់ជំនួយ​១០៦​លាន​ដុល្លារ និង​នាវា​ល្បាត​ឲ្យ​វៀតណាម​
08, Sep 2016 , 11:42 am        
រូបភាព
​ជប៉ុន​ប្រកាស​ផ្តល់ជំនួយ​ដល់​វៀតណាម​ក្នុង​ទំហំ​ទឹកប្រាក់ ១១ ពាន់​លាន​យ៉េន​ដែល​ស្មើ ១០៦​លាន​ដុល្លារ ដើម្បី​ជា​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​។ ជប៉ុន​ក៏បានផ្តល់​នាវា​ល្បាត​ដល់​កងទ័ពជើងទឹក​វៀតណាម​ដើម្បី​ពង្រឹងសមត្ថភាព​ល្បាត​ដែនសមុទ្រ​និងឃ្លាំមើលចិន​ដែរ​។ 

​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់ជំនួយ​ទំហំ ១០៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ដំណើរការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ចាប់ពី​ឆ្នាំ ១៩៩២​មក ជប៉ុន​បានជា​ប្រទេស​ផ្តល់​អភិវឌ្ឍ​ដ៏​ធំ​ដល់​វៀតណាម ហើយ​ពេលនេះ​ជប៉ុន​ក៏​ក្លាយជា​អ្នកផ្តល់ជំនួយ​យោធា​ដល់​វៀតណាម​ទៀត​។​
 
​យោងតាម​សារព័ត៌មាន​វៀតណាម Thanhnien  កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​វិនិយោគ Nguyen Van Trung រួមជាមួយ​ឯកអគ្គ​រា​ទូត​ជប៉ុន​ប្រចាំ​ប្រទេស​វៀតណាម Hiroshi Fukada នៅ​ថ្ងៃ​អង្គារ​ទី ៦​ខែកញ្ញា​។​
 
​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ លោក Nguyen Van Trung បាន​លើកឡើងថា ជំនួយ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ការគ្រប់គ្រង​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ដែល​ស្ថិតក្រោម​ផែនការ​អភិវឌ្ឍ ៥​ឆ្នាំ​របស់​វៀតណាម​។ 
 
​ដោយឡែក ក្រៅពី​ជំនួយ​សម្រាប់​គាំទ្រ​ការអភិវឌ្ឍ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក៏​ជួយ​គាំទ្រ​ជប៉ុន​ក្នុងការ​ពង្រឹង​វិស័យ​ការពារជាតិ​ជាពិសេស​ការ​ល្បាត​សមុទ្រ ស្របពេល​ពេលដែល​វៀតណាម​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​ដែរ​។ 
 
​នៅក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​ក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​វៀងចន្ទន៍ លោក ស៊ីន​ហ្សូ អា​បេ បាន​ប្រាប់​សម​ភាគី​វៀតណាម​លោក Nguyen Xuan Phuc ថា​ជប៉ុន​ត្រៀម​ផ្តល់​នាវា​ល្បាត​ដល់​វៀតណាម​ដើម្បី​ពង្រឹង​ការ​ល្បាត​និង​ការពារ​ដែនសមុទ្រ​។ តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ជប៉ុន​នឹង​ផ្តល់​នាវា​ល្បាត​ប៉ុន្មាន​គ្រឿង​ដល់​វៀតណាម ហើយ​និង​កាលបរិច្ឆេទ​នៃ​ការបញ្ជូន​នាវា​នេះ​ទៅ​វៀតណាម​ឡើយ​។ កន្លងមក​ជប៉ុន​ធ្លាប់​ផ្តល់​នាវា​ល្បាត​ចំនួន ៦​គ្រឿង​ឲ្យ​ទៅ​វៀតណាម ប៉ុន្តែ​នាវា​ទាំងនោះ​ជានា​វា​ដែល​ប្រើប្រាស់​រួចហើយ​៕
 

Tag:
 Nguyen Xuan Phuc
  ស៊ីន​ហ្សូ​អា​បេ​
 ​សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com