ជាតិ
សង្គមជាតិ
មន្ត្រីពន្ធនាគារបញ្ជូនលោក មាជ សុវណ្ណារ៉ា មកឃុំខ្លួនវិញ ក្រោយពិនិត្យសុខភាពនៅមន្ទីរពេទ្យរុស្ស៊ី រូបពីហ្វេសប៊ុកលោក មាជ សុវណ្ណរ៉ា
× ភ្នំពេញ៖ អនុរក្សពន្ធនាគារបានបញ្ជូនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំនៅគុកព្រៃស ទៅពិនិត្យសុខភាពភ្លាមៗនៅ មន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីលោកមានអាការៈឈឺក្បាលខ្លាំង។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា អះអាងថា លោក មាជ សុវណ្ណារ៉ា មានសុខភាពល្អប្រក្រតីវិញហើយ។
លោក នុត សវនា បានប្រាប់សារព័ត៌មានថ្មីៗថា សុខភាពលោក មាជ សុវណ្ណារ៉ា ដែលរងការចោទប្រកាន់បទចោទដឹកនាំកុបកម្ម ប្រឈមនឹងជាប់ពន្ធនាគារ ២០ឆ្នាំនោះមានបញ្ហាសុខភាព ហើយត្រូវបានឆ្មាំពន្ធនាគារបញ្ជូនទៅព្យាបាលរយៈពេលខ្លីនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៦ កញ្ញា មុនបញ្ជូនខ្លួនលោកត្រឡប់ទៅគុកព្រៃសវិញនៅថ្ងៃដដែល។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបានបញ្ជាក់ដូច្នេះថា«លោក មាជ សុវណ្ណារ៉ា បានស្នើឆ្មាំពន្ធនាគារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ដោយលោកថា លោកមានបញ្ហាឈឺក្បាលខ្លាំង។ តែក្រោយមក គ្រូពេទ្យរាយការណ៍ក្រោយការពិនិត្យឃើញថា លោកមានសុខភាពធម្មតាវិញហើយ គឺមិនឈានដល់ការស្នាក់នៅ ព្យាបាលក្នុងមន្ទីរពេទ្យទេ»។
បើតាមលោក នុត សវនា នៅពេលនេះក្រុមពេទ្យប្រចាំពន្ធនាគារកំពុងយកចិត្តដាក់តាមដានពីស្ថានភាពជំងឺរបស់លោក មាជ សុវណ្ណរ៉ា នេះផងដែរ។ «យើងនឹងបញ្ជូនគាត់ ទៅពិនិត្យព្យាបាល បើសិនមានការស្នើសុំភ្លាម»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យពន្ធនាគារ។
គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិរូបនេះ ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីខែមិថុនា ឆ្នាំ២០១៥កន្លងមក ដោយរូបលោកបានរងរបួសផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ មេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា លោក ជូង ជូងី និយាយថា មកទល់ពេលនេះ លោកកំពុងបន្តស្នើសុំតុលាការអនុញ្ញាតឲ្យកូនក្តីទទួលព្យាបាល នៅក្រៅប្រទេស។ តែយ៉ាងណា លោកថា តុលាការតែងតែបដិសេធសំណើរជានិច្ច។ «គាត់មានបញ្ហាសុខភាពខ្លាំង តុលាការហាមគាត់មិនឲ្យចេញទៅក្រៅប្រទេស។ ខ្ញុំសោកស្ដាយ វាប៉ះពាល់ដល់សុខភាពរបស់គាត់ធ្ងន់ធ្ងរ»។ នេះជាការបញ្ជាក់របស់លោក ជូង ជូងី ។
គួររម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ និងផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ទៀត ដាក់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំ ក្រោមហេតុផលថា ពួកគេបានចូលរួម និងដឹកនាំកុបកម្មប្រឆាំងអាជ្ញាធរសាធារណៈ កាលពីខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ៕
Tag:
មាជ សុវណ្ណារ៉ា
មន្ទីរពេទ្យរុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com