លោកស្រី ហ៊ីឡារី គ្លីនតុន អះអាងថា លោក បារ៉ាក់ អូបាម៉ា បានធ្វើរឿងត្រឹមត្រូវដែលលុបចោលជំនួបជាមួយលោក Rodrigo Duterte នៅឡាវ។ ហើយលោកស្រីក៏ផ្តាំផ្ញើទៅកាន់មេដឹកនាំហ្វីលីពីនម្នាក់នេះឲ្យបង្ហាញការគោរពចំពោះប្រធានាធិបតីអាមេរិកក្នុងនាមជាសម្ព័ន្ធមិត្តដែរ។
ក្រោយលុបចោលជំនួបទ្វេភាគី បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ត្រូវប្រធានាធិបតីហ្វីលីពីនថ្មី Rodrigo Duterte ជេរប្រមាថ លោក អូបាម៉ា មន្ត្រីសេតវិមានអាមេរិកបានបញ្ជាក់ច្បាស់ថា «ទោះបីជាមានជំនួបរវាងមេដឹកនាំទាំងពីរក៏មិនបានការដែរ»។
ចំណែកបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន ឯណោះវិញ បានការពារការសម្រេចចិត្តលុបចោលកិច្ចពិភាក្សាទ្វេភាគី ហើយស្នើឲ្យមេដឹកនាំហ្វីលីពីនរៀនគោរពមេដឹកនាំអាមេរិកក្នុងនាមជាសម្ព័ន្ធមិត្តដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន បានថ្លែងនៅថ្ងៃពុធទី ៧កញ្ញា ថា លោក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តត្រឹមត្រូវដោយលុបចោលជំនួបនេះ ព្រោះប្រធានាធិបតីហ្វីលីពីន ប្រមាថលោកខ្លាំង។
លោកស្រីពន្យល់ថា៖ «នៅពេលប្រធានាធិបតីហ្វីលីពីនប្រមាថប្រធានាធិបតីរបស់លោកស្រី វាជារឿងសមរម្យដែលត្រូវនិយាយថាទេចំពោះជំនួបនេះ»។
តាមពិតទៅសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ហ្វីលីពីន ហើយក៏ជាខ្នងបង្អែករបស់ហ្វីលីពីនផងដែរក្នុងពេលប្រទេសនេះមានជម្លោះជាមួយមហាយក្សចិននៅសមុទ្រចិនខាងត្បូង។ តាំងពីដើមមក អាមេរិកតែងតែគាំទ្រនិងផ្តល់ជំនួយដល់ហ្វីលីពីនដើម្បីតតាំងជាមួយចិន ហើយអាមេរិកក៏ត្រៀមបើកទីតាំងយោធាចំនួន ៥កន្លែង និងពង្រាយទ័ពមកកាន់ហ្វីលីពីនដោយយោងតាមកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងប្រទេសទាំងពីរដែរ។ ហើយការពង្រាយទ័ពមកហ្វីលីពីនធ្វើឡើង ក្រោមក្របខណ្ឌនៃគោលនយោបាយការបរទេស«ត្រឡប់មកពង្រឹងឥទ្ធិពលអាមេរិកនៅអាស៊ី»ផងដែរ។
តាមពិតទៅ លោកស្រី ហ៊ីឡារី គ្លីនតុន ក្រៅពីជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីក៏ជាស្ថាបនិកម្នាក់នៃនយោបាយការបរទេស«ត្រឡប់មកពង្រឹងឥទ្ធិពលអាមេរិកនៅអាស៊ី»ដែរ។ ហើយ ក្នុងការបោះឆ្នោតនៅអាមេរិកក្នុងពេលខាងមុខ លោកស្រី ហ៊ីឡារី គ្លីនតុនអាចជាប់ឆ្នោតជាប្រធានាធិបតី និងឡើងមកបន្តនយោបាយការបរទេសអាមេរិកនៅអាស៊ីទៀតផង។ ដូច្នេះ ចង់ឬមិនចង់ អ្នកទាំងពីរ លោកស្រី ហ៊ីឡារី គ្លីនតុន និងលោក Duterte នឹងអាចត្រូវធ្វើការជាមួយគ្នាជិតស្និទ្ធនៅពេលអនាគត់ខាងមុខនេះ។
ត្រឡប់មកវិញ ការលុបចោលជំនួបរបស់លោក បារ៉ាក់ អូបាម៉ា បង្ហាញឲ្យឃើញពីការអាក់អន់ស្រពន់ចិត្តផ្នែកការទូតខ្លាំង និងបង្ហាញឲ្យឃើញថា មេដឹកនាំហ្វីលីពីន បានវាយប្រហារជាលក្ខណៈបុគ្គលយ៉ាងធ្ងន់ធ្ងរលើលោក អូបាម៉ា ទៀត។ តែលោក Duterte ឯណោះវិញ ហាក់បីដឹងខ្លួនថាសម្តីរបស់លោក លើសលស់ខ្លាំងនិងអសុរោះបំផុតដែលមិនអាចទទួលយកបាន។ ដូច្នេះហើយ លោកក៏ចេញសេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយចំពោះការប្រើប្រាស់ភាសាមិនសម្យ ហើយលោកក៏ពន្យល់ថា អ្វីដែលលោកនិយាយគឺជាការប្រតិកម្មទៅនឹងសម្តីអ្នកសារព័ត៌មានប៉ុណ្ណោះ។
ថ្វីបើមិនមានជំនួបទ្វេភាគីនៅឡាវតាមការគ្រោងទុកក្តី ក្នុងពិធីលាងសាយភោជន៍ មេដឹកនាំទាំងពីរបានជួបមុខគ្នានិងនិយាយរកគ្នាបន្តិចដែរ។ នេះបើយោងតាមសារព័ត៌មានហ្វីលីពីន Rappler។ ប៉ុន្តែរឿងគួរឲ្យកត់សម្គាល់ ប្រធានាធិបតីហ្វីលីពីន បានជ្រើសរើសកន្លែងអង្គុយនៅឆ្ងាយពីលោក បារ៉ាក់ អូបាម៉ា ទៅវិញ៕